ថៅកែបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ឧបត្ថម្ភថវិកាជាង ៥ពាន់ដុល្លារ សាងសង់ដំបូលអគារសាលាខ្លួនធ្លាប់ក្រេបចំណេះដឹង

ជុំវិញ​ឧកញ៉ា

អតីតសិស្សវិទ្យាល័យស្វាយរៀង លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia និងជាម្ចាស់គម្រោង បុរី វិមានសំណាង បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន $5,254 សាងសង់ដំបូលថ្មីអគាររោងជាង នៅវិទ្យាល័យស្វាយរៀង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អតីតសិស្សវិទ្យាល័យស្វាយរៀងចន្លោះឆ្នាំ 1995-1998 ដែលបច្ចុប្បន្នបានក្លាយទៅជា ឧកញ៉ាឆ្នើមក្នុងវិស័យអចលនទ្រព្យ និងជាសាស្ត្រាចារ្យបង្រៀនថ្នាក់បណ្ឌិត នៅតាមសកលវិទ្យាល័យល្បីៗនៅកម្ពុជា ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានរៀបរាប់យ៉ាងដូច្នេះថា៖ “ទើបបញ្ចប់ការងារដូរដំបូលថ្មីអោយអគាររោងជាង នៅវិទ្យាល័យស្វាយរៀង អស់ទឹកប្រាក់ជាង $5,254 ដោយរំពឹងថា នឹងមានឱកាសបន្ថែមដល់ការជួយផ្នែកអប់រំ នៅស្វាយរៀង!”។

បើផ្អែកតាមប្រវត្តិ និងបទពិសោធន៍ក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាល របស់លោកឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត គីម ហ៊ាង បានចាប់យកអាជីពក្នុងវិស័យអប់រំ ក្នុងនាមជាគ្រូបង្រៀនតាំងពីស្ថិតក្នុងភាពជាយុវវ័យមកម៉្លេះ ពោល គឺអាយុ ១៨ឆ្នាំ លោកធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស នៅឯស្រុកកំណើត ក្រុងបាវិត ខេត្តស្វាយរៀង។ រហូតចូលវ័យ ២៤ឆ្នាំ ដល់ ៣៤ឆ្នាំ លោកក៏បានបន្តធ្វើជាសាស្ត្រាចារ្យបង្រៀននិស្សិតថ្នាក់បរិញ្ញាបត្រ នៅតាមសាកលវិទ្យាល័យនានា ទាំងរដ្ឋ និងឯកជននៅក្នុងរាជធានីភ្នំពេញ។

មកទល់បច្ចុប្បន្ន ឧកញ៉ាសាស្ត្រាចារ្យបណ្ឌិត គីម ហ៊ាង នៅតែបែងចែកពេលវេលានាថ្ងៃចុងសប្តាហ៍ បើកថ្នាក់បង្រៀនបេក្ខជនបណ្ឌិត នៅតាមសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញផងដែរ។  

ម្ចាស់គម្រោងបុរីលំដាប់អភិវជន វិមានសំណាង ឧកញ៉ា គីម ហ៊ាង ធ្លាប់បង្ហើបប្រាប់ឱ្យដឹងថា អាជីពក្នុងវិស័យអប់រំ និងជាគ្រូបង្រៀន ជាការងារដែលរូបលោកស្រលាញ់ចូលចិត្ត និងប្រឡូកតាំងពីដំបូង តាំងពីអាយុ ១៨ឆ្នាំមកម៉្លេះ។ ប្រហែលជាលោកមានបេះដូង ជាគ្រូបង្រៀននេះហើយ ទើបជំរុញឱ្យកូនអ្នកក្រុងបាវិត ខេត្តស្វាយរៀងរូបនេះ នៅតែចំណាយពេលវេលាបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ ទៅអ្នកជំនាន់ក្រោយ។ ជាពិសេសថ្ងៃសៅរ៍ អាទិត្យ សល់ពេលពីមុខជំនួញ និងពេលវេលាផ្ទាល់ខ្លួន គេតែងតែសង្កេតឃើញ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជិះរថយន្ត Royce Rolls ទៅបង្រៀនសិស្សជាច្រើនជំនាន់នៅតាមសកលវិទ្យាល័យធំៗ។

ការដិតដាម និងការឱ្យតម្លៃទៅលើការសិក្សាអប់រំ ដដែលនេះហើយ ជាមូលហេតុចម្បងបណ្ដាលឱ្យ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ចូលរួមសាងសង់អតីតវិទ្យាល័យខេត្តស្វាយរៀង ដែលជាថ្នាលដើម រួមចំណែកសាបព្រូសធនធានមនុស្សពូកែៗជាច្រើននាក់ ក្នុងនោះក៏មានលោកសាស្ត្រាចារ្យបណ្ឌិតមួយរូបផងដែរ៕