ប្រធានាធិបតី​ Jokowi ទម្លាយ​មូលហេតុ​ក្រុមហ៊ុន​រថយន្ត​ធំៗ​ គួរ​មក​បណ្ដាក់​ទុន​នៅ​ឥណ្ឌូណេស៊ី

អន្តរជាតិ

កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ប្រធានាធិបតី Joko Widodo បាន​ណាត់ជួប​មហាសេដ្ឋី Elon Musk ដើម្បី​ពិភាក្សា​លទ្ធភាព​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​យក្ស Tesla មក​កាន់​ប្រទេស​ឥណ្ឌូណេស៊ី អំឡុងពេល​ថ្នាក់ដឹកនាំ​រូបនេះ​បាន​ចូល​រួម​កិច្ចប្រជុំ​អាស៊ាន​នៅ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនមែន​មាន​តែ Tesla ទេ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ក្នុង​ការ​អូសទាញ​ការ​បណ្ដាក់ទុន​ក្នុង​ស្រុក ពោល​លោក Jokowi បាន​ទម្លាយ​ឲ្យ​ដឹង​ថា សូម្បី​តែ Ford និង​ក្រុមហ៊ុន​រថយន្ត​ផ្សេងៗ​ទៀត ក៏​កំពុង​ពិភាក្សា​ពី​លទ្ធភាព​សាងសង់​រោងចក្រ​ផលិត​រថយន្ ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ថែម​ទៀតផង។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី CNBC។

មូលហេតុ​ចំបង​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​អះអាង​ថា អាច​ទាក់​ចិត្ត​ក្រុមហ៊ុន​ធំៗ​ទាំងនោះ ដោយសារ​សេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី​មាន​សក្ដានុពល​ធំ​បំផុត​ប្រចាំ​តំបន់អាស៊ីអាគ្នេយ៍ ស្របពេល​ប្រទេស​មួយ​នេះ​ក៏​ជា​ប្រភព​យ៉ាង​សំបូរបែប​នៃ​វត្ថុធាតុ​ដើម​សម្រាប់​ផលិត​អាគុយ​រថយន្ត​ផង​ដែរ។

ជាការពិត ឥណ្ឌូណេស៊ី​មាន​ប្រភព​រ៉ែ​ធម្មជាតិ​ដូចជា សំណប៉ាហាំង ទង់ដែង នីកែល កូបាល់ និង​បុកស៊ីត​ជាដើម ដែល​សុទ្ធតែ​ជា​វត្ថុធាតុដើម​សំខាន់​សម្រាប់​ផលិត​អាគុយ​នៃ​រថយន្ត​អគ្គិសនី។

យ៉ាងណា ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jokowi ឥណ្ឌូណេស៊ី​បាន​ហាមឃាត់​ការ​នាំចេញ​ទំនិញ​សំខាន់ៗ​ដូចជា នីកែល​មិន​ទាន់​កែច្នៃ​ ធ្យូងថ្ម និង​ប្រេង​បរិភោគ​បាន​ជាដើម ក្នុង​គោល​បំណង​ពង្រឹង​សេដ្ឋកិច្ច​ក្នុង​តំបន់។

ក្រៅពីនោះ យុទ្ធសាស្ត្រ​ហាមឃាត់​ការ​នាំចេញ​វត្ថុធាតុ​ដើម​ទាំងនោះ គឺ​ដើម្បី​អូសទាញ​ក្រុមហ៊ុន​ធំៗ​មក​វិនិយោគ និង​សាងសង់​រោងចក្រ​ផលិត​រថយន្ត​ក្នុង​ស្រុក ដើម្បី​បង្កើន​អត្រា​ការងារ​ដល់​ប្រជាជន​ក្នុង​តំបន់ ឲ្យ​កាន់តែ​មាន​ប្រាក់ចំណូល​ខ្ពស់​ផង​ដែរ៕

42 Shares