ស្តេចលក់អនឡាញរបស់ចិនម្នាក់ ត្រូវបានពិន័យជាទឹកប្រាក់ជាង ១៦ លានដុល្លារ ទាក់ទងនឹងការគេចពន្ធ

អន្តរជាតិ

ថ្មីៗនេះ អាជ្ញាធរពន្ធដាររបស់ប្រទេសចិន បានសម្រេចពិន័យ កំពូលអ្នកលក់អនឡាញ លោក Xu Gouhao នៅក្នុងចំនួនទឹកប្រាក់ច្រើនជាង ១៦ លានដុល្លារ សម្រាប់ការគេចពន្ធ នៅពេលដែលនិយតកររបស់ប្រទេសមួយនេះ បាននិងកំពុងបន្ត ធ្វើការពង្រឹងទៅលើការត្រួតពិនិត្យពន្ធ នៅក្នុងអាជីវកម្មលក់ផលិតផលលើប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងមានភាពរីចម្រើនខ្លាំង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា លោក Xu ដែលធ្លាប់ជាអ្នករកបានប្រាក់ចំណូលច្រើនជាងគេ នៅលើកម្មវិធីផ្សព្វផ្សាយសង្គម Momo ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ ពីបទគេចវេសពីការបង់ពន្ធ ច្រើនជាង ៣៨,៨ លានយ៉ន់ ឬ ៥,៧៨ លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ ដែលជាលទ្ធផល បុរសម្នាក់នេះ ត្រូវបានបញ្ជាឱ្យធ្វើការបង់ពន្ធត្រលប់មកវិញ ជាមួយនឹងទឹកប្រាក់សរុបរហូតដល់ ១០៨ លានយ៉ន់ ឬជាង ១៦ លានដុល្លារ សម្រាប់ការយឺតយ៉ាវ និងការផាកពិន័យ ។

មិនតែប៉ុណ្ណោះ ក្រុមមន្ត្រី បាននិយាយទៀតថា លោក​ Xu បានគេចវេសពិការបង់ពន្ធចូលរដ្ឋ តាមរយ:វិធីសាស្រ្តផ្សេងៗ រួមទាំងការបិទបាំងអំពីប្រាក់ចំណូលពេញលេញរបស់លោក ទៅកាន់អាជ្ញាធរពន្ធដារ ក៏ដូចជាការលួចក្លែងបន្លំ ដោយខុសច្បាប់ចំពោះរបៀបនៃការរកប្រាក់ចំណូលរបស់លោកផងដែរ ។

គួរឱ្យដឹងថា លោក Xu ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា “សេ្តច Momo” ដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន បានរាយការណ៍ថា រាល់ការផ្សាយផ្ទាល់របស់លោក Xu ម្តងៗ អាចទាញអ្នកទស្សនា ច្រើនជាង ១០ ០០០ នាក់ ។

បញ្ជាក់ថា នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរពន្ធដាររបស់ប្រទេសចិន បានធ្វើការរឹតត្បិតយ៉ាងខ្លាំង ទៅលើអ្នកលក់ផលិតផលនៅលើអនឡាញ ដោយកាលពីខែធ្នូ ឆ្នាំមុន អ្នកនាង Huang Wei ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជា Viya ត្រូវបានផាកពិន័យ ជាទឹកប្រាក់ចំនួន ១,៣ ពាន់លានយ៉ន់ សម្រាប់ការគេចវេសពន្ធ ។

ជាងនេះទៅទៀត ប៉ុន្មានសប្តាហ៍មុន តារាអនឡាញ Zhu Chenhui និង Lin ​Shanshan ក៏ត្រូវបានរដ្ឋាភិបាលផាកពិន័យ ម្នាក់ៗរាប់សិបលានយ៉ន់ផងដែរ ចំពោះការគេចវេសពន្ធ កាលពីខែវិច្ឆិកា ហើយក្រោយពីមានការដាក់ពិន័យនេះ គណនីរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងហាងនៅលើវេបសាយផ្សេងៗទៀត ត្រូវបានលុបចេញទាំងស្រុង ៕

98 Shares