ឧកញ៉ា ប៉ិច បូឡែន ប្រាប់មូលហេតុយើងគួរធ្វើល្អជាមួយមនុស្សដែលយើងមិនធ្លាប់ស្គាល់

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន ​ស្ថាបនិក​សាលា​វេសឡាញ យល់ថា​យើង​គ្រប់​គ្នា​ត្រូវប្រកាន់ទំលាប់គួរសម តាមរយៈ​ការ​ញញឹម និងកាយវិការស្វាគមន៍គ្រប់មនុស្សទាំងអស់ ដោយមិនបែងចែកវណ្ណៈ ឋានៈតួនាទី ពណ៌សម្បុរអ្វី​ទាំង​អស់ ព្រោះ​ទង្វើរនេះត្រូវគ្នានឹងច្បាប់កម្មផល និងសំណាងក្នុងជីវិតរបស់យើងគ្រប់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ​​បាន​​​រៀប​រាប់​តាមរយៈ​ទំព័រ​ហ្វេសប៊ុក ​​នា​រសៀល​ថ្ងៃ​ចន្ទ​​នេះ​ថា៖ “អ្នកណាគេខ្លះដែលតែងតែញញឹម និងបង្ហាញការគោរព រាប់អានជាមួយមនុស្សដែលយើងមិនដែលស្គាល់ ពោលគឺមនុស្សដែលយើងបាន​ជួបលើក​ទី១ ឬមនុស្សដែលយើងជួបបាន២ឬ៣ លើកតែមិនដែលនិយាយគ្នា មិនដែលមានទំនាក់ទំនងការងារ ឬរកស៊ី​អីនោះទេ? ខ្ញុំគិតថាអ្នកខ្លះក៏ធ្លាប់និងកំពុងធ្វើរួចហើយ នូវការរាប់អានតាមរយៈការញញឹមដាក់ សាកសួរគ្នា​មួយ​ម៉ាត់ ពីរម៉ាត់ ឬការបន្ទន់ឥរិយាបទបង្ហាញការគោរពជាដើម ទោះបីយើងជួបគេជាលើកទី២ក្តី។ ប៉ុន្តែប្រហែលជា​បងប្អូនយើងមួយចំនួន អាចចម្លែកចិត្ត និងគិតថាយើងម៉្តេចទៅញញឹម ឬសាកសួរអីគេកើត ជាមួយមនុស្ស​ដែល​យើងមិនដែលស្គាល់ផងហ្នឹង។”

“គេថាផែនដីវិល ឬផែនដីនេះតូចណាស់។ យើងដើរទៅណា ក៏គង់នឹងជួបគ្នា ឬនឹងមានគេដំណាល​និទាន​ពី​យើង ឬថ្ងៃណាមួយ យើងនឹងត្រូវបានគេណែនាំឱ្យស្គាល់មនុស្សថ្មីជាមិត្តភក្រ្តគេ ជា បងប្អូនគេ ហើយអ្នកនោះ​អាចជាអ្នកដែលយើងធ្លាប់បានជួបក្នុង ជណ្តើរយន្ត ក្នុងយន្តហោះ នៅចំណតឡាន ឬក្នុងកម្មវិធីប្រជុំតូចធំ ណា​មួយ។ យើងមិនគួរញញឹមរាប់អាន សាកសួរ ឬគួរសមជាមួយតែមនុស្សដែលយើងស្គាល់នោះទេ។ យើងត្រូវ​ប្រកាន់ទំលាប់គួរសម តាមរយៈការញញឹម និងកាយវិការស្វាគមន៍គ្រប់មនុស្សទាំងអស់ ដោយមិនបែងចែកវណ្ណៈ ឋានៈតួនាទី ពណ៌សម្បុរអ្វីទាំងអស់។ ខ្ញុំគិត ថាទង្វើរនេះត្រូវគ្នានឹងច្បាប់កម្មផល និងសំណាងក្នុងជីវិត របស់ យើងគ្រប់គ្នា។ យើងជួបមនុស្សថ្មីម្នាក់ថ្ងៃនេះ យើងបានគួរសម ញញឹមដាក់គេ ឬជួយយកអាសារគេរឿងអ្វីមួយ ហើយយើង តែងតែ ធ្វើទង្វើរបែបនេះជាទំលាប់។ ម៉្យាងទៀតមនុស្សម្នាក់ៗ ទាំងយើង ទាំងគេរមែងមាន​បញ្ហា​ស្មុគ​ស្មាញច្រើនគួរសមហើយ ដូចនេះ យើងគួរចែករំលែកស្នាមញញឹមនិងចិត្តអំណរសាទរជាមួយគ្នា វិញ។ ជួយគ្នាសម្រាលក្តីទុក្ខ បង្កើតក្តីសុខសុភមង្គលឱ្យគ្នា។ ពេលខ្លះ គ្រាន់តែស្នាមញញឹមមិនអស់ថ្លៃរបស់យើង​អាច​ធ្វើឱ្យបុគ្គលម្នាក់មានក្តីសង្ឃឹមនិងភាពជឿជាក់ទៅមុខទៀតក្នុងជីវិតរបស់គេក៏ថាបាន។”

“យើងអាចមិនចាំថាយើងបានជួបអ្នកណាខ្លះ បានធ្វើអ្វីខ្លះ នោះទេ តែបុគ្គលដែលយើងបានជួបទាំងនោះ​អាច​នៅចាំមុខយើង ចងចាំនិងកោតសសើរទង្វើរដ៏ល្អរបស់យើង។ ថ្ងៃណាមួយយើងនឹង អាចជួបពួកគេជាថ្មីម្តងទៀត​ក្នុងឱកាសមុខជំនួញ ឬកន្លែងសម្ភាស ការងារ ឬក៏អាចក្នុងកម្មវិធីជួបជុំគ្រួសារ មិត្តភក្រ្តក៏ថាបាន។ អ្នកស្រមៃ​មើលថា ពេលនោះពួកគេឃើញយើងជាលើកទី២ ហើយ គេនៅចាំយើងច្បាស់ ជាពិសេសទង្វើរសមគួរ ឬមិន​សមគួរ ស្នាមញញឹមរបស់យើង ឬការបែរមុខចេញនិងកាយវិការ ច្រង៉េងច្រង៉ាងរបស់យើងនៅពេលគេជួបយើង​លើកទី១នោះ តើក្នុង ជំនួបលើកទី២នេះ គេនឹងគិតយ៉ាងម៉េច អាចមានអារម្មណ៍ បែបណា? ហើយគេអាចនឹង​ដំណាលពីយើងយ៉ាងដូចម្តេច ទៅកាន់ មិត្តភក្រ្ត ឬបងប្អូនគេ។ យើងគិតថាគេគ្រាន់តែមនុស្សចម្លែកម្នាក់ ជា​មនុស្ស​មិនដែលស្គាល់ យើងក៏មិនយកចិត្តទុកដាក់ ប៉ុន្តែគេអាច នឹងចំណាំយើងច្បាស់ពីពេលនោះមក។ សំណាង ឬមិនសំណាង កើតឡើងពេលនេះហើយមែនទេ?”

“ខ្ញុំជួបហេតុការណ៍បែបនេះញឹកណាស់ក្នុងមុខរបរអាជីវកម្មរបស់ខ្ញុំ។ ខ្ញុំសូមលើកដំណើររឿងខ្ញុំជាមួយភាគហ៊ុន​និកខ្ញុំម្នាក់ចុះ គឺឧកញ៉ា គួច ផេង។ អាចថាខ្ញុំភ្លេច ឬធ្លាប់ជួបគ្នាពីមុន តែខ្ញុំចាំ មិនបាន។ ខ្ញុំបានជួបឧកញ៉ា គួច ផេង ជាលើកទី១នៅក្នុង បេសសកកម្មសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានៅហុងកុង។ ខ្ញុំមិនបានដឹងថា​គាត់​បានស្គាល់ខ្ញុំក្នុងកម្រិតណា បានសិក្សាពីខ្ញុំ និងក្រុមហ៊ុនខ្ញុំប៉ុនណាទេ។ ក្នុងជំនួបដំបូងនៅហុងកុងនោះ គាត់ដឹង ថាខ្ញុំត្រូវការអ្នកវិនិយោគថ្មីជំនួសភាគហ៊ុននិកចាស់ដែលចង់លក់ហ៊ុនចេញ។ គាត់បានសួរនាំខ្ញុំពីក្រុមហ៊ុន ពីសាលារៀន និងសូមមើល ព័ត៌មានមួយចំនួន។ នៅពេលយើងត្រលប់មកដល់ប្រទេសកម្ពុជាវិញ គាត់ក៏សម្រេច​ចិត្ត វិនិយោគជាមួយខ្ញុំ។ ឧកញ៉ា គួច ផេង ជាពាណិជ្ជករវ័យក្មេង និង វ័យឆ្លាតម្នាក់។ គាត់តែងប្រយ័ត្នប្រយ៉ែង​ណាស់ក្នុងការបោះទុន វិនិយោគ។ ខ្ញុំគិតថាគាត់ប្រកដជាបានសិក្សាពីខ្ញុំ ឬតាមដានខ្ញុំ ក្នុង រយៈពេលណា​មួយ​ហើយ គ្រាន់តែខ្ញុំមិនដឹង ហើយខ្ញុំក៏មិនបាន សួរគាត់ចំណុចនេះមកដល់ពេលនេះ…។”

ឧកញ៉ា ប៉ិច បូឡែន បានលើកឡើង​ជា​ចុង​ក្រោយ​ថា ព្រះពុទ្ធជាម្ចាស់បរមគ្រូនៃយើងបានសម្តែងថាធ្វើល្អបានល្អ ហើយទ្រង់បានអប់រំយើងតាមរយៈច្បាប់កម្មផល។ លោក​ជឿទ្រឹស្តីនេះ ណាស់។ សំណាងពិតជាកើតមានមែន តែមិនមែនដោយសារយើងបួងសួងសុំនោះទេ។ វាកើតឡើងតាមរយៈសកម្មភាពល្អរបស់យើង។ ដូចនេះយើង​ទាំងអស់គ្នាគួរដាក់ចិត្ត និងធ្វើអំពើល្អឲ្យបានច្រើន ផ្តល់ស្នាមញញឹម រួសរាយរាក់ទាក់ ជួយយកអាសារអ្នកដទៃ​តាម លទ្ធភាពដែលយើងអាចធ្វើបាន សន្សំកុសលផលបុណ្យនេះទៅ ដែលវានឹងនាំមកឱ្យយើង​នូវសំណាង និង​សេរី​សួស្តីក្នុងជីវិតយ៉ាងពិតប្រាកដ៕

52 Shares