ថៃ ចង់បង្កើតសាលាបង្រៀនជំនាញអាកាសយាននិក និងជួសជុលយន្តហោះនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​ថៃឈ្មោះAviation Maintenance Expert Enterprise Co,.Ltd បានបង្ហាញបំណងរបស់ខ្លួន អំពីពីគំរោង​បើក​សាលា​បង្រៀនជំនាញ​អាកាសយានិក​ (Pilot) និង​ជំនាញ​ជួសជុល និង​ថែទាំ​យន្តហោះ (Engineer maintenance) នៅ​កម្ពុជា ខណៈកម្ពុជាកំពុងខ្វះធនធានមនុស្សលើជំនាញនេះ ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមជំនួបពិភាក្សាការងារ រវាងលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនថៃ Aviation Maintenance Expert Enterprise Co,.Ltd.  ដឹកនាំដោយលោក Nirawat Sirikanchana, Minister Counsellor នៃស្ថានទូតថៃប្រចាំនៅកម្ពុជា និង លោកស្រី ខែក ខេមរ៉ាត អគ្គនាយិការក្រុមហ៊ុនPrivate Jet ( JFT Jet ) កាលពីពេលថ្មីៗនេះ។

នាយក​វិទ្យាស្ថាន​តេជោសែន​សាធារណការ​ និង​ដឹក​ជញ្ជូន នៃក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកហឿន សំនៀង​បានមានប្រសាសន៍ឲ្យដឹងថា កិច្ចពិភាក្សានេះ បានលើកឡើង អំពីការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក រវាងវិទ្យាស្ថាន និងក្រុមហ៊ុន Aviation Maintenance ដែលក្រុមហ៊ុនមានបំណងស្វែងរកដៃគូរក្នុងប្រទេសកម្ពុជា ដើម្បីបើកជាសាលាបណ្តុះបណ្តាល ឬកម្មវិធីបណ្តុះបណ្តាលទាក់ទងយន្តហោះ។

លោក​បន្ថែមដូច្នេះ​ថា “បើក​សាលា​បង្រៀន​អាកាសយានិក និង​ជំនាញ​ជួសជុល និង​ថែទាំ​យន្តហោះ​នេះ ជា​គម្រោង​របស់​ខាង​​ក្រុមហ៊ុន​ថៃ Aviation Maintenance ដោយ​ក្រុមហ៊ុន​នេះបាន​ស្នើសុំ​ជួប​វិទ្យាស្ថាន​ ដើម្បី​ពិភាក្សា​​​កិច្ច​ការងារ​នេះ ខណៈ​ក្រុមហ៊ុន Private Jet (JFT Jet) គឺ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក ដែល​ប្រតិបត្តិការ​អាជីវកម្ម​លើ​ផ្នែក​នេះ ដូច្នេះ​​ក្រុមហ៊ុន​មាន​ព័ត៌មាន​អំពី​តម្រូវការ​ទីផ្សារ​ ចំពោះ​អ្នក​ជំនាញ​នៅ​ក្នុង​ផ្នែក​អាកាសយានិក ជួសជុល ​និង​ថែទាំ​យន្តហោះ»។

យ៉ាងណា លោកហឿន សំនៀង ក៏បាន​​បញ្ជាក់​​ទៀតថា “​ក្រុមហ៊ុននៅថៃ និងស្ថានទូតថៃ បានចាប់ផ្តើមសិក្សាលទ្ធភាព ស្តីពីកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថាន ឬដៃគូផ្សេងៗទៀត ដើម្បីធ្វើការងារនេះ តែយ៉ាងការងារនេះជាលទ្ធផល គឺមិនទាន់សម្រេចបានអ្វី ជាដុំកំភួននៅឡើយទេ គឺក្រុមហ៊ុនត្រូវការសិក្សាស្រាវជ្រាវបន្ថែមទៀត»។

ជាមួយគ្នានេះ លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា​ក្រុមហ៊ុនPrivate Jet ( JFT Jet) ក៏បានឲ្យដឹងដែរថា ​ការ​ចាប់​អារម្មណ៍​របស់​ក្រុមហ៊ុន Aviation Maintenance នេះ គឺ​ដោយសារ​តែ​ក្រុមហ៊ុន​ បាន​មើល​ឃើញ​កាលានុវត្តភាព​លើ​វិស័យ​អាកាសចរណ៍​នេះ បន្ទាប់​​ពី​ប្រទេស​​ថៃ និង​កម្ពុជា បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​ពេញ​លេញ​ឡើង​វិញ​ដូច​គ្នា។

គួរបញ្ជាក់ដែរថា ក្នុងជំនួបពិភាក្សានោះផងដែរ លោក ហឿន សំនៀង ក៏បានជម្រាបជូនគណប្រតិភូ ដោយសង្ខេបអំពីវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងកម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ-វិស្វករ លើជំនាញទាំង៦ ព្រមទាំងកម្មវិធីបណ្តុះបណ្តាលទាំងជំនាញផ្នែកបច្ចេកទេស និងផ្នែកទន់ ក្រោមរូបភាពកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា។

ទន្ទឹមគ្នានោះក្រុមហ៊ុនក៏បានសូមអញ្ចើញលោក នាយកវិទ្យាស្ថានទៅទស្សនៈកិច្ចនៅក្រុមហ៊ុនAviation Maintenance Expert Enterprise Co,.Ltd ដោយផ្ទាល់នៅប្រទេសថៃផងដែរ៕