ណែនាំឱ្យស្គាល់បុត្រសម្ព័ន្ធក្រុមហ៊ុន LY HOUR GROUP របស់ឧកញ៉ា លី ហួរ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន LY HOUR GROUP ​​​​​​របស់​ឧកញ៉ា លី ហួរ ​​មាន​ទីស្នាក់ការ​កណ្តាល​​នៅ​អគារ​លេខ ៨៥-៨៨ ផ្លូវ​លេខ​២៨៩ សង្កាត់​​បឹង​កក់​២ ខណ្ឌ​ទួល​គោក​ រាជធានីភ្នំពេញ។ ក្រុម​ហ៊ុននេះ​​​ មាន​ចក្ខុ​វិស័យ ចង់​ក្លាយ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​វិនិយោគ​ពហុវិស័យ​ឈាន​មុខ​នៅ​កម្ពុជា ដោយ​ឈរ​លើ​បេសកកម្ម​ផ្តល់​សេវាកម្ម និង​ផលិតផល​ល្អ​ប្រសើរ​ច្រើន​ប្រភេទ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ចាំបាច់​របស់​អតិថិជន និង​ភាគី​ពាក់ព័ន្ធ​ព្រម​ទាំង​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ចកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្ងៃ​នេះ​ ឧកញ៉ា ញូស៍ សូម​ណែនាំ​​ឱ្យ​ស្គាល់​​បុត្រសម្ព័ន្ធ​​​របស់​ក្រុមហ៊ុន លី ហួរ គ្រុប ដូច​ខាង​ក្រោម៖

១. ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ឯ.ក (លី ហួរ ប្តូរប្រាក់)៖ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៨៦ ​​ហើយ​បច្ចុប្បន្ន​ក្លាយ​ជា​​ក្រុមហ៊ុន​នាំ​មុខ​គេ​​ផ្នែក​ទីផ្សារ​ប្តូរ​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

២. លី ហួរ ផនសប ខូអិលធីឌី (លី ហួរ ហាងបញ្ចាំ ខូអិលធីឌី)៖ ជាក្រុមហ៊ុនដែលទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្មទទួលបញ្ចាំចលនទ្រព្យ និងអចលនទ្រព្យគ្រប់ប្រភេទពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១០។

៣. បុរីវិមានភ្នំពេញ៖ ជាគម្រោងអភិវឌ្ឍន៍លំនៅឋានរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលត្រូវបានបង្កើតឡើង និង​ទទួលអាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខែតុលា ឆ្នាំ២០១១ ចាប់ផ្តើមគម្រោងទី១​ នៅលើផ្ទៃដី​សាងសង់ចំនួន ១៨ហិកតា ស្ថិតនៅតាម បណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ឧកញ៉ា លី ហួរ ជាប្រធានគម្រោង និងអ្នកគ្រប់គ្រងផ្ទាល់លើគម្រោង​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់របស់ក្រុមហ៊ុន។

៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី៖ ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ត្រូវបានបង្កើត​ឡើងនៅចុងឆ្នាំ២០១២ ក្រោម អាជ្ញាប័ណ្ណលេខ Co. ២៤៦KH/២០១២ ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១២ ចេញដោយក្រសួងពាណិជ្ជកម្ម ដែលមានដើមទុនសរុប ចំនួន ១៦លាន ដុល្លារអាមេរិក។ គ្រឹះស្ថានបានទទួល​អាជ្ញាប័ណ្ណ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១២ ពីធនាគារជាតិនៃកម្ពុជា។ សកម្មភាពចម្បងរបស់គ្រឹះស្ថាន គឺផ្តល់​សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងសហគ្រាសខ្នាតតូច និងមធ្យមតាមរយៈ​ការិយាល័យ​កណ្តាល និងការិយាល័យសាខានៅទូទាំងប្រទេសកម្ពុជា។

៥. ក្រុមហ៊ុន​ ទេពី អាក្រូ វិនិយោគ៖ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១​។ សកម្មភាពចម្បង របស់ក្រុមហ៊ុន គឺចូលរួមអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មតាមរយៈការដាំកៅស៊ូ និងស្វាយចន្ទី សម្រាប់នាំចេញទៅលក់​ទីផ្សារ​បរទេស ព្រមទាំងផ្គត់ផ្គង់ក្នុងស្រុក។ បច្ចុប្បន្នក្រុមហ៊ុនបានក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម ដ៏ធំមួយនៅកម្ពុជា ហើយនឹងក្លាយជាក្រុមហ៊ុនផលិតជ័រកៅស៊ូ និងស្វាយចន្ទីច្រើនជាងគេនៅពេលដ៏ខ្លីខាងមុខ។

៦. ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី៖ ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០១៥ និងទទួលបានអាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ភតិសន្យាហិរញ្ញវត្ថុ ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦។ ក្រុមហ៊ុន លី ហួរ លីស៊ីង មានផ្តល់ជូននូវសេវាភតិសន្យាហិរញ្ញវត្ថុ ដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា សម្រាប់ការបង់រំលស់យានយន្ត (រថយន្តម៉ូតូ និងម៉ូតូកង់បី) យកទៅប្រើប្រាស់ក្នុងសកម្មភាពអាជីវកម្មក៏ដូចជាប្រើប្រាស់ផ្ទាល់ខ្លួន។ លើសពីនោះ​ក្រុមហ៊ុនក៏មានលក់រថយន្ត ដែលសុទ្ធសឹងតែមានគុណភាពខ្ពស់ជាមួយនឹងតម្លៃសមរម្យ និងមានផ្តល់ជូនសេវា​ជួលរថយន្តដែលមានលក្ខណៈល្អបំផុតចំពោះអតិថិជន ដែលមានតម្រូវការប្រើប្រាស់រថយន្តក្នុងរយៈពេល​ខ្លី​ផងដែរ។

៧. ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី៖ ទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ ដើម្បីដំណើរការប្រតិបត្តិការជាភាគីទីបី ដោយផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ និងប្រគល់ដោយ​ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ។ ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី មានចក្ខុវិស័យ​ជាយុទ្ធសាស្រ្តច្បាស់លាស់ក្នុងការផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ប្រាក់ តាមរយៈការសហការភាព​ជាដៃគូ​យូរអង្វែងជាមួយភ្នាក់ងារ និងយុទ្ធសាស្រ្តពង្រីកទៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងពេលខាងមុខ ដោយប្រើបច្ចេក​វិទ្យា​ទំនើប និងស្តង់ដារ ដើម្បីធានាឱ្យបានទ្វេដងនូវសន្តិសុខ និងទំនុកចិត្ត។

៨. ក្រុមហ៊ុន លី ហួរ អ៊ិនសួរេន ម.ក៖ ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១៧ ដោយបានទទួលអាជ្ញាប័ណ្ណ​ប្រតិបត្តិការអាជីវកម្ម ធានារ៉ាប់រងទូទៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៧ ។ ក្រុមហ៊ុនមានដើមទុនចុះបញ្ជីសរុប ចំនួន ៧,៧លានដុល្លារអាមេរិក និងបានចាប់ផ្តើមបើកដំណើរការ​ជាផ្លូវការ​នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៨ ។ ក្រុមហ៊ុន បានផ្តល់ជូននូវផលិតផលសេវាធានារ៉ាប់រងទូទៅ និងសេវាកម្ម​ដែល​ត្រឹមត្រូវតាមច្បាប់ ដូចជា ធានារ៉ាប់រងលើទ្រព្យសម្បត្តិ ធានារ៉ាប់រងផ្នែកវិស្វកម្ម ការធានារ៉ាប់រងលើ​យាន​យន្ត ការធានារ៉ាប់រងលើអត្ថប្រយោជន៍និយោជិត និង​ធានារ៉ាប់រងផ្សេងៗទៀត៕

244 Shares