អតីតមេបក្សប្រឆាំង ផ្ដួលសេដ្ឋីអចលនទ្រព្យ ក្លាយជា​ប្រធានាធិបតីកូឡុំប៊ី

អន្តរជាតិ

កាលពី​ពេល​កន្លងទៅ ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូឡុំប៊ី​បាន​បញ្ចប់ ដោយមាន​លោក Gustavo Petro ជា​អ្នក​ទទួល​បាន​ជ័យ​ជំនះ​ជាមួយ​លទ្ធផល​សន្លឹក​ឆ្នោត​ច្រើនជាង ៥០% ខណៈ​គូប្រជែង​របស់​លោក​គឺ Rodolfo Hernandez ជា​សេដ្ឋីអចលនទ្រព្យ​ទទួល​បាន​សម្លេងគាំទ្រប្រមាណ​ ៤៧%។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​លើក​ទី ៣១ លើក​នេះ គឺ​បាន​ក្លាយ​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ដំបូង​ប្រចាំ​ប្រទេស​ពោល គឺ​កូឡុំប៊ី​មាន​មេដឹកនាំ​មក​ពី​គណបក្ស​ឆ្វេងនិយម។

គួស​រំលឹក​បន្តិច​ថា បើ​ទោះ​ជា​រយៈកាល​កន្លង​មក សេដ្ឋកិច្ច​កូឡុំប៊ី​ហាក់​ងើប​ឡើង​មែន ប្រជាពលរដ្ឋ​ហាក់​មិន​សប្បាយ​ចិត្ត​ឡើយ ដោយសារ​ទង្វើ​របស់​ប្រធានាធិបតី Ivan Duque Marquez ដែល​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​កង​កម្លាំង​ប៉ូលិស និង​ក្រុម​ឧក្រិដ្ឋករ​តែងតែ​ចេញ​អុកឡុក​ប្រជាពលរដ្ឋ​ជាដើម។

បន្ថែម​ពី​នោះ ប្រជាជន​មួយ​ចំនួន​ធំ​សុទ្ធ​តែ​អះអាង​ថា វិសមភាព​សង្គម​នៅ​កូឡុំប៊ី​គឺ​ជា​កត្តាចាំបាច់​បំផុត​ដែល​ត្រូវ​ដោះស្រាយ​ភ្លាមៗ ពោល​បើ​តាម​ការ​អះអាង​ពី Gallup Poll បាន​ឲ្យ​ដឹង​ថា វិសមភាព​សង្គម​នៅ​កូឡុំប៊ី គឺ​មាន​អត្រា​ខ្ពស់​បំផុត​លើ​លោក។

ដោយឡែក លោក Gustavo គឺ​ជា​អតីត​មេប្រឆាំង​រដ្ឋាភិបាល​មួយ​រូប ហើយ​ក្នុង​ពេល​ថ្លែងសន្ទរកថា​កាលពី​យប់​ថ្ងៃអាទិត្យ លោកបាន​បង្ហើប​ថា នឹង​ព្យាយាម​កែប្រែ​ប្រទេស​មួយ​នេះ ដោយ​មិន​បង្ក​ជា​អំពើហិង្សា និង​មិន​ក្បត់​ពាក្យសន្យា​ជាមួយ​អ្នក​គាំទ្រ​ឡើយ។ ​

បើ​យោង​តាម​ប្រភព​ជាច្រើន​បាន​បង្ហាញ​ថា ទ្រព្យសម្បត្តិ​របស់​មេដឹកនាំ​មក​ពី​គណបក្ស​ឆ្វេងនិយម​មាន​ទំហំ​ចន្លោះ​ពី ១ ទៅ ៥ លាន​ដុល្លារ​អាមេរិក ដ្បិត​គ្មាន​ប្រភព​ព័ត៌មាន​ជាក់លាក់​ណា​មួយ​អាច​បញ្ជាក់​ពី​ចំនួន​ជាក់លាក់​បាន​ឡើយ៕

112 Shares