ឃើញទឹកស្ងប់កុំថាអត់ត្រី​ ព្រោះ​មាន​តម្រុយ​ថា យឹម​ តាស្រង់​ សម្ងំរៀបជើងព្រួល​សម្បើម​ណាស់

អាជីវកម្ម

ត្បិត​ថា មើល​ទៅ​មិន​សូវ​មាន​សកម្មភាព​ខ្លាំង​ដូច​កាល​នៅ​ក្នុង​សិល្បៈ ប៉ុន្តែ​បើ​តាម​តម្រុយ​ពី​ប្រភព​មួយ បាន​ឲ្យ​ដឹង ពេល​​នេះ អតីតអ្នក​គ្រប់គ្រង​ផលិតកម្ម Galaxy Navatra កំពុង​សម្ងំ​រៀប​ចំ​យុទ្ធសាស្ត្រ និង​កសាង​ផែនការ​ជំហាន​ៗ​ច្រើន​ណាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិត​ត្រឹម​ពេល​នេះ មាន​រយៈ​ពេល​ជិត ១ខែ​មក​ហើយ ដែល​លោក យឹម តាស្រង់ បាន​ប្រកាស​ចាក​ចេញ​ពី​ផលិតកម្ម​របស់​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​ការ​ចាក​ចេញ​នោះ ក៏​ព្រោះ​តែ​លោក​មាន​បេសកកម្ម​ជីវិត​មួយ​ថ្មី ដោយ​លោក​ចង់​ក្លាយ​ជា​ពាណិជ្ជកម្ម​មួយ​រូប។ចំណុច​នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏​បាន​ទទួល​ស្គាល់ និង​យល់​ព្រម​ឲ្យ​លោក ឈប់​ពីការងារ​គ្រប់​គ្រង​ផលិតកម្ម​តាម​ការ​ស្នើ​សុំ ព្រម​ទាំង​ជូន​ពរ​ឲ្យ​លោក​ទទួល​ជោគជ័យ​ក្នុង​អាជីវកម្ម​ផង។

យឹម តាស្រង់ បាន​ហក់​មក​ប្រឡូក​ក្នុង​ការ​រកស៊ី​​ក្នុង​ជំនួញ Cosmetic ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលដោយ​​ចាប់​ដៃ​ម៉ាក់​អ៊ីអ៊ី នាំ​យក​ផលិតផល​សម្ផស្ស និង​សុខភាព EEw9 មក​កម្ពុជា។ថ្លែង​​ក្នុង​ថ្ងៃ​សន្និសីទសារ​ព័ត៌មាន​ប្រកាស​ពី​ជំនួញ​ថ្មី​របស់​ខ្លួន យឹម តាស្រង់ ប្រាប់​ថា សំអាង​លើ​ការ​ដាក់​ចិត្ត​ធ្វើ​ការងារ​សិល្បៈ​រហូត​ជោគជ័យ​មាន​ការ​ទទួល​ស្គាល់ លោក​នឹង​ធ្វើ​ឲ្យ​ផលិតផល​មួយ​នេះ ​ល្បីក៏​ដូ​ច​ជា​ការ​ទទួល​ស្គាល់​​ក្នុង​ទីផ្សារ​កម្ពុជា​ដូច​គ្នា ហើយ​នេះ​ក៏​ជា​មូលហេតុ​ដែល​លោក​សុខចិត្ត​ងាក​ចេញ​ពីការងារ​សិល្បៈ ​ដើម្បី​មាន​ពេល​គ្រប់​គ្រាន់ គ្រប់​គ្រង និង​ដឹកនាំ។

ចាប់​ពី​តាំង​ពី​នោះ គេ​ឃើញ​លោក បាន​ចេញ​មក Live ក៏​ដូច​ជា​បង្ហោះ​ពី​សកម្មភាព​របស់​លោក​ខ្លះ ក្នុង​ផែន​ការ​លើក​កម្ពស់​ទីផ្សារ​របស់ EEw9។ ប៉ុន្តែ​តាម​ព័ត៌មាន​​ពី​ប្រភព​មួយ​ឲ្យ​ដឹង​ថា លោក​កំពុង​មាន​ផែន​ការ​ច្រើន​នេះ​ទៅ​ទៀត។ ​ប្រភព​ថា តាស្រង់ ពេល​នេះ កំពុង​រៀប​ចំ​​ហេដ្ឋារចនាសម្ព័ន្ធ​ក្រុមហ៊ុន​ក្នុង​អគារ​ផ្ទះ​វីឡា​មួយ​នៅ​តំបន់​កប់​ស្រូវ និង​ក៏​កំពុង​កសាង​ក្រុម​ផលិត​វីដេអូ(Production Team)​ធំ​មួយ​ផង។

ប្រភព​បន្ថែម​ថា ក្រុម​នេះ​ហើយ​ជា​ក្រុម​ចម្បង​មួយ ដែល​មាន​នាទី​ផលិតកម្ម​វីដេអូ​ពាណិជ្ជកម្ម​តូច​ធំ​ពី EEw9 ដោយ​ខ្លួន​ឯង ដោយ​មិន​ពឹង​លើ​ការ​ជួល​ក្រុម​ពី​ខាង​ក្រៅ​នោះ​ទេ។ ជាមួយ​គ្នា សម្ភារៈចាំបាច់ ម៉ូតូ ឡាន សម្រាប់​ក្រុម​លក់ ក៏​បាន​មាន​សព្វ​គ្រប់​អស់​ហើយ​ដែរ ដែល​គេ​ជឿថា ក្រុម​នេះ​នឹង​ចូល​លុកលុយ​ទីផ្សារ​ឆាប់ៗ​នេះ។

ចំពោះ​បញ្ហា​នេះ លោក យឹម តាស្រង់ ក្នុង​បទសម្ភាសន៍​តាម​សារ​អេឡិចត្រូនិក សុំ​មិន​និយាយ​លម្អិត។ យ៉ាង​ណា លោក​ក៏​មិន​បាន​ទាត់​ចោល​ទាំង​ស្រុង​ដែរ។ លោក​ថ្លែង​ថា៖ “អឹម…វា​ធម្មតា​ទេ ចាប់​ផ្ដើម​ដំណើរ​ការ​អាជីវកម្ម​ដំបូង​ៗ​អីចឹង គឺ​មាន​រឿង​ច្រើន​ត្រូវ​ធ្វើ​ហើយ តែ​បើ​ឲ្យ​ខ្ញុំ​និយាយ​ថា ធ្វើ​អី​ៗ​ខ្លះ ខ្ញុំ​សុំ​មិន​និយាយ ព្រោះ​រឿង​ខ្លះ វា​អត់​គួរ​និយាយ…!”។

លោក​បញ្ជាក់​ថា ប្រិយមិត្ត ក៏​ដូច​ជា​សាធារណជន ពិសេស​តំណាង​ចែក​ចាយ និង​អតិថិជន EEw9នឹងបាន​ដឹង បាន​ឃើញ​ឆាប់​ៗ​នេះ៕