ក្រុមហ៊ុនដ៏ធំរបស់កូរ៉េ កំពុងសិក្សាលទ្ធភាពវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

គណៈប្រតិភូក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានជួបពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសិក្សាស្វែងយល់ពីលទ្ធភាពវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងរវាង លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារ​ណ​ការ និងដឹកជញ្ជូន និងគណៈប្រតិភូក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដឹកនាំដោយលោក ហេង វុទ្ធី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងមានការអមដំណើរពីលោក Kim Songil អនុប្រធានក្រុមហ៊ុនសាជីវកម្ម Yooshin Engineering Corporation និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនទៀត។

ជំនួបនេះ មានគោលបំណងដើម្បីពិភាក្សា និងស្វែងយល់អំពីកាលានុវត្តភាពសម្រាប់ចូលរួមអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផ្លូវថ្នល់ស្ពាននានារបស់ក្រសួងសាធារណការ និងដឹកជញ្ជូននាពេលបច្ចុប្បន្ន និងនាពេលអនាគត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ 

ថ្លែងក្នុងជំនួបនេះដែរ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏លើកឡើង អំពីបច្ចុប្បន្នភាពនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពុងអនុវត្តបន្ត រួមមានផ្លូវថ្នល់ ស្ពានធំៗ ក៏ដូចជាការអនុវត្តនីតិវិធីទាក់ទងនឹងការសាងសង់។

ជាមួយគ្នានេះ លោក ក៏ថ្លែងអំណរគុណគណៈប្រតិភូក្រុមហ៊ុនដ៏ធំរបស់កូរ៉េ ដែលមកពិភាក្សាអំពីលទ្ធភាពក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ ដើម្បីចូលរួមជំរុញការងារគម្រោងផ្នែកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកូរ៉េជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ខាងលើនេះ បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៣  មានបទពិសោធន៍លើការសាងសង់ផ្លូវល្បឿនលឿន ផ្លូវហាយវេ ផ្លូវរថភ្លើង ស្ពានខ្សែកាប ព្រលានយន្តហោះ ស្ពានធំៗ និងការអភិវឌ្ឍធនធានទឹកផងដែរ៕