ស្រ្តីអ្នករកស៊ីអនឡាញ២រូប ទទួលជោគជ័យសឹងមិនគួរឱ្យជឿ

អាជីវកម្ម

ពាណិជ្ជករស្រ្តីនៅកម្ពុជា កំពុងមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការណ៍នេះអាចនិយាយថា ពាក្យស្រ្តីបង្វិលចង្រ្កានមិនជុំហាក់ផ្ទុយស្រឡះបាត់ទៅហើយ ខណៈស្ត្រីមានតួនាទី និងសមត្ថភាពអាចគ្រប់គ្រងនិងដឹកនាំមុខជំនួញបានជោគជ័យដូចបុរសៗដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការដែលចង់មានមុខរបរ ឬអាជីវកម្មមួយវាជាក្តីសុបិនដ៏ធំរបស់មនុស្សគ្រប់គ្នា ប៉ុន្តែរឿងសំខាន់ជាងគេនោះគឺថាបន្ទាប់ពីបើកដំណើរការហើយតើអាចឈរជើងបានយូរកម្រិតណានៅក្នុងទីផ្សារដ៏ចង្អៀតមួយនេះ។ ដោយឡែក សហគ្រិនស្ត្រី២រូប ក្នុងវិស័យអនឡាញបានវិវត្តខ្លួនទទួលជោគជ័យត្រឹមរយៈពេលខ្លីស្ទើរមិនគួរឱ្យជឿ។

នាយទុនទាំង ២រូបនោះគឺលោកស្រី នួន សន្ទរី ហៅស្រីអូន និងលោកស្រី ទ្រី ដាណា ដែលបច្ចុប្បន្នកំពុងធ្វើព្យុះធ្វើភ្លៀងផ្អើលកក្រើកប្រទេសកម្ពុជាក្នុងពិភពជំនួញអនឡាញ។ ស្រ្តីអ្នកជំនួញ២រូបនេះមានវ័យប្រហាក់ប្រហែលគ្នា ចេញមកចាប់ផ្តើមមុខជំនួញនាំចូលផលិតផលអាហារបំប៉នសុខភាពដូចគ្នា ប៉ុន្តែទទួលបាននូវភាពជោគជ័យដ៏ធំធេងត្រឹមរយៈពេលខ្លីដូចៗគ្នា។

លោកស្រី នួន សុន្ទរី ហៅស្រីអូន ជាម្ចាស់ទុននៃក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលនាំចូល និងចែកចាយផលិតផលអាហារបំប៉នសុខភាព ម៉ាកសញ្ញា ឃូស៊ី កំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្នុងចំណោមអ្នករកស៊ីក្នុងវិស័យនេះ។ ស្រីអូន ជាសហគ្រិនស្ត្រីជោគជ័យមួយពព្រិចភ្នែកដែលបង្កើតប្រាក់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

សមិទ្ធផលនានារបស់ស្រីអូន ត្រូវបានមហាជនចោទសួរសំនួរជាច្រើនផងដែរ ជុំវិញភាពជោគជ័យ តើលោកស្រីមានអ្វីពិសេស? តាមសាវតារ លោកស្រីមានកើតនៅស្រុកបាធាយ ខេត្តកំពង់ចាម។ មានឱពុកជាពាណិជ្ជករនាំចូលរថយន្តពីសហរដ្ឋអាមេរិក និងកាណាដា ក្រោយមកជំនួញរបស់ឱពុកនាងក៏មានការខាតបង់ឡុងចុងរហូតធ្លាក់ខ្លួនមករត់ម៉ូតូឌុបវិញម្តងក្នុងឆ្នាំ១៩៩០។ ហើយឆ្លៀតពីរត់ម៉ូតូឌុបឱពុកលោកស្រីបានចាប់ផ្តើមចេញគូបចេរដី ឬផ្ទះ (ភ្នាក់ងារអចលនទ្រព្យ) ប៉ុន្តែនៅតែទទួលបរាជ័យ។

ស្រីអូន មិនមែនជាកូនអ្នករៀនសូត្របានខ្ពង់ខ្ពស់នោះទេ ដោយបញ្ចប់ត្រឹមថ្នាក់ទី ៨ប៉ុណ្ណោះ។ ព្រោះតែបញ្ហាគ្រួសារលោកស្រីបានចាប់ផ្តើមចូលរៀនផ្នែកសាឡនបានជោគជ័យទទួលសញ្ញាបត្រផ្នែកផាត់មុខ និងធ្វើសក់។ អាជីពមួយនេះហើយដែលនាំឱ្យលោកស្រីទទួលបានថវិកាខ្លះសម្រាប់ផ្គត់ផ្គង់គ្រួសារ និងអាចឱ្យលោកស្រីមានលទ្ធភាពយកលុយផ្ទាល់ខ្លួនខ្លះ និងខ្ចីគេខ្លះមកបើកតូបអ៊ុតសក់នៅផ្សារទួលគោក ដោយសង្ឃឹមថានឹងជោគជ័យ ប៉ុន្តែអ្វីៗមិនដូចការគិត គឺបានត្រឹមទទួលបរាជ័យ។

តែយ៉ាងណា បន្ទាប់ពីស្វាមីសល់លុយ ៧០០០ដុល្លារ ដែលបានពីការធ្វើការងារនៅសហរដ្ឋអាមេរិក លោកស្រីក៏យកលុយនោះនាំចូលផលិតអនឡាញ ដូចជា ផលិតផលឡេជាដើម រហូតខាតដើមខាតចុងម្តងទៀតអស់ ៧០០០ដុល្លារ។

បរាជ័យច្រើនលើកច្រើនសាររបស់ស្រីអូន បានបង្រៀនឲ្យលោកស្រីចេះតស៊ូព្យាយាមរហូតទទួលបានជោគជ័យក្នុងការនាំចូលផលិតម៉ាក ឃូសុី មកចែកចាយលក់ក្នុងទីផ្សារកម្ពុជា ដែលមានអ្នកគាំទ្រលើសលប់ពីអតិថិជន។ លើសពីនេះលោកស្រីក៏ចាប់ផ្តើមងែកមកប្រឡូកក្នុងវិស័យអចលនទ្រព្យបន្ថែមទៀត ដោយសាងសង់បុរី មានឈ្មោះថា បុរីបុស្បា នៅរាជធានីភ្នំពេញ។

មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា អគ្គនាយកក្រុមហ៊ុន NNP ។ លោកស្រី ទ្រី ដាណា ជាកូនទី៣ ក្នុងចំណោមបងប្អូន៥នាក់ ដែលមានទីកន្លែងកំណើតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អ្នកជំនួញឆ្នើមរូបនេះ មានឪពុកឈ្មោះ ងួន ទ្រី និងអ្នកម្ដាយឈ្មោះ សៀង ជូរ ប៉ុន្តែលោកទាំង២ បានទទួលមរណៈភាពទៅហើយ ដោយជំងឺប្រចាំកាយ។

លោក ទ្រី ដាណា មានជីវិតធ្លាប់ជាអ្នកលក់ខោអាវជជុះនៅម្ដុំផ្សារសំហាន់  ប៉ុន្តែក្រោយមកលោកស្រីបានព្យាយាមក្រោកឈរឡើងវិញ តស៊ូជម្នះវាសនា ជម្នះការមើលងាយ ដើម្បីខិតខំរកលុយក្នុងនាមជាក្មេងកំព្រា។

បន្ទាប់ពីមានប្រាក់មួយចំនួនក្នុងដៃ លោកស្រីក៏បានប្រថុយយកគ្រឿងសម្អាងពីគេមកលក់តាមផ្សារ។ ភាពរួសរាយរាក់ទាក់ សម្ដីសំដៅប្រកបដោយទឹកដម បានធ្វើឱ្យលោកស្រី ទ្រី ដាណា មានម៉ូយកាន់តែច្រើន ហើយក៏ប្រថុយយកគ្រឿងសម្អាងពីប្រទេសថៃមកលក់បន្ត។ រហូតសម្រេចក្ដីស្រមៃបើកសម្ពោធក្រុមហ៊ុនមួយជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៩ មានឈ្មោះថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី។

បន្ទាប់ពីជោគជ័យលើមុខជំនួញគ្រឿងសម្អាង អ្នកស្រី ទ្រី ដាណា ក៏បានងាកមកបើកហាងលក់គ្រឿងអលង្ការ មាស ពេជ្រ មួយទៀត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ មានឈ្មោះថា ដាណា៕