កម្ពុជា នឹងពង្រឹងការប្រមូលពន្ធពីវិស័យមួយចំនួន ដើម្បីបង្កើនចំណូលជាតិ នៅឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាល នឹងចាប់ផ្តើមពង្រឹងការប្រមូលពន្ធពីវិស័យសំខាន់ៗមួយចំនួន ​ ដើម្បីបង្កើនចំណូលសម្រាប់ជាតិ។ នេះបើតាមសារាចរណែនាំ ស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ របស់​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច ហ៊ុន សែន បានបញ្ជាក់នៅក្នុងសារាចរ ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣​ ដូច្នេះថា៖ «ដើម្បីគាំទ្រសកម្មភាពនៃអាជីវកម្មក្នុងស្រុក និងរក្សាចីរភាពកំណើនចំណូលថវិកាជាតិ អគ្គនាយកដ្ឋាពន្ធដារ ត្រូវពង្រឹងការប្រមូលពីវិស័យសំណង់  វិស័យទូរគមនាគមន៍ ​វិស័យរ៉ែ  វិស័យផលិតស្រាបៀរ, ភេសជ្ជៈ ​និងថ្នាំជក់ ជាដើម»។

លើសពីនេះ សម្តេច ក៏បានណែនាំឲ្យ អគ្គនាយកដ្ឋានពន្ធដារ ក៏ត្រូវបង្កើនប្រសិទ្ធភាពក្នុងការប្រមូលចំណូលពីអាករលើបន្ថែម(VAT) ចំពោះការផ្គត់ផ្គង់ទំនិញឬសេវាជីឌីថល ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)   និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាសដែលជំពាក់បំណុលពន្ធ រួមទាំងពង្រឹងយន្តការតាមដានក្នុងការទារបំណុលពន្ធ ថែមទៀត។

គួរបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ គឺដើម្បីផ្តល់គោលការណ៍ណែនាំថ្មីៗសម្រាប់ជាមូលដ្ឋាន និងជាក្របខ័ណ្ឌនៃការរៀបចំការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួង-ស្ថាប័ន ដោយគ្រប់ដណ្តប់ទាំងថវិកាមន្ទីរជំនាញរាជធានី-ខេត្តទាំងអស់ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលជារដ្ឋបាលថ្នាក់ជាតិ ព្រមទាំងថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។

ដូច្នេះ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣នេះ នឹងដាក់ចេញនូវក្របខ័ណ្ឌ និងវិធានការប្រមូលចំណូល, ការកំណត់អាទិភាពចំណាយតាមវិស័យ និងគោលការណ៍សំខាន់ៗសម្រាប់បង្កើនប្រសិទ្ធភាពនៃការវិភាគថវិកាដោយផ្អែកលើលទ្ធភាពជាក់ស្តែងនៃថវិកាជាតិ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង