គម្រោងពង្រីកផ្លូវជាតិលេខ៤ ប្រាក់ខ្ចីធនាគារពិភពលោក ១១០លានដុល្លារ នឹងបញ្ចប់ឆ្នាំ២០២៦

សង្គម​និង​សេដ្ឋកិច្ច

គម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ដែលរាជរដ្ឋាភិបាលកម្ពុជា បាន​ទទួល​ប្រាក់​កម្ចី​សម្បទាន​ពី​ធនាគារពិភពលោក ​ក្នុង​ថវិកា​ចំនួន ១១០​លាន​ដុល្លារ ​កំពុង​ដំណើរការ​​​ជា​បណ្តើរៗ​​ហើយ ​​ខណៈ​ដែល​គម្រោង​ទាំង​មូល គឺ​គ្រោង​នឹង​បញ្ចប់​នៅ​​ខែ​ធ្នូ ឆ្នាំ​២០២៦។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងសាធារណៈការ​ និង​ដឹក​ជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាល​ពី​ថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ​បច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០) និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុន​ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

គោលបំណងនៃការចុះពិនិត្យនេះធ្វើឡើងដើម្បីធានាឱ្យគុណភាពនៃសំណង់ផ្លូវនេះអនុលោមតាម បទដ្ឋាន​បច្ចេកទេស និងស្របតាមសៀវភៅបន្ទុក ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រសួង សាធារណការ និង​ដឹកជញ្ជូន និងក្រុមហ៊ុនម៉ៅការសាងសង់សំដៅធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ​អាចប្រើប្រាស់ជាប់​បានយូរ​អង្វែង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា ក្នុងថវិកាចំនួន១១០លានដុល្លារនេះ ត្រូវបានបែងចែកចេញជា​ការងារ​ចំនួន​៧កញ្ចប់ ក្នុងនោះ៣កញ្ចប់កំពុងដំណើរការសាងសង់ដោយសម្រេចលទ្ធផលបាន ១៥% ហើយ​មាន​ការយឺតយ៉ាវបន្តិច ប៉ុន្តែក្រុមហ៊ុននឹងពន្លឿនការសាងសង់តាមកិច្ចព្រមព្រៀង ដោយ ឡែក២កញ្ចប់ទៀត ក្រសួងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ក្រុមហ៊ុនកំពុងតែរៀបចំបញ្ជូន គ្រឿងចក្រសម្ភារៈ​មកសាង​សង់ ឯចំណែក២កញ្ចក់ទៀត ក្រសួងកំពុងស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យលទ្ធភាពជ្រើសរើស​ក្រុមហ៊ុន ដែលបានដាក់ដេញថ្លៃសាងសង់ដើម្បីពង្រីកស្ពាន ចំនួន៤៨កន្លែងឱ្យបាន១០ម៉ែត្រ និងសាងសង់​ស្ពាន​ថ្មីចំនួន៨កន្លែង។

សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជា បាន ទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក​ សម្រាប់ធ្វើការ​ស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ ផ្លូវជាតិលេខ៤ ដើម្បីបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់​ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងធានាភាពធន់នឹងការបម្រែបម្រួលអាកាសធាតុ។ ការងារស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤នេះ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២៦៕