ការដ្ឋានសាងសងផ្លូវជាតិលេខ៤៨ តម្លៃជាង៦៥លានដុល្លារ សម្រេចបានជិត១០%ហើយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុច ប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គិតមកទល់ពេលនេះសម្រេចវឌ្ឍនភាពបាន៨%ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពេលចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ក្រសួង បានធ្វើតេស្តស្រទាប់គ្រឹះ និងបានរកឃើញថាក្នុងចំនួនដប់កន្លែង មានមួយកន្លែងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំឱ្យក្រុមហ៊ុនពិនិត្យកែតម្រូវឡើងវិញលើចំណុចខ្វះខាត ប៉ុន្តែជារួមការសាងសង់មានគុណភាពល្អអាចទទួលបានយកបាន ហើយគិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះសម្រេចវឌ្ឍនភាពការងារបានចំនួន៨%ហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ក្រុមការងារបច្ចេកទេសក្រសួងនឹងបន្តចុះត្រួតពិនិត្យតាមដានការ សាងសង់ផ្លូវនេះដើម្បីធានាឱ្យការសាងសង់ផ្លូវនេះមានគុណភាពរឹងមាំប្រកបដោយស្តង់ដារ ដែលបាន ឯកភាពគ្នារវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់។

គួរបញ្ចាក់ថា គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងប្រើថវិកាសរុប ប្រមាណ៦៥,១៤ លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ និងប្រើរយៈពេលសាងសង់ចំនួន ៣២ខែ ដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

ផ្លូវនេះមានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្ត កោះកុង៕