ឯកអគ្គរដ្ឋទូតតួគីចប់អាណត្តិ ប្តេជ្ញា​បន្តពង្រឹងទំនាក់​​ទំនង​​រវាង​​កម្ពុជានិងតួគី ឲ្យកាន់តែរឹងមាំ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា​ការងារ​ជាមួយនឹង​លោកជំទាវ អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតតួគី ប្រចាំនៅកម្ពុជា នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២​នេះ ខណៈដែលលោកជំទាវ បានចប់​បេសកកម្មការ​​ទូតនៅ​ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ លោកជំទាវ អាយដា បានជម្រាបជូនសម្ដេចតេជោថា  ទោះបីជាបានចប់​បេសកកម្មការ​​ទូតនៅ​ព្រះរាជា​ណាច​ក្រ​​កម្ពុជា ប៉ុន្តែលោកជំទាវ នឹងបន្តធ្វើយ៉ាងណាឱ្យទំនាក់ទំនង​រវាងប្រទេស​ទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ​ថែម​ទៀត មិនថាលោកជំទាវនៅទីណាទេ។

លោកជំទាវ អាយដា បានបញ្ជាក់ថា រយៈពេលជាង ៤ឆ្នាំនៃបេសកកម្ម​នៅកម្ពុជា ទោះបីជំងឺកូវីដ-១៩ បានរាតត្បាតពិភព​លោកជាង២ឆ្នាំកន្លងមកក៏ដោយ ក៏លោកជំទាវបានធ្វើការមួយចំនួន​ក្នុងការពង្រីក​ពង្រឹងទំនាក់ទំនងទាំងពាណិជ្ជកម្ម និង​ទាំង​នយោបាយរវាងប្រទេសទាំងពីរ ក្នុងនោះមានការរៀប​ចំដំណើរ​ទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសទួរគី និង​ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ទៅកាន់ប្រទេសទួរគីជាបន្តបន្ទាប់ទៀត។

លោកជំទាវ បានបន្ថែមថា លោកជំទាវពិតជាមានកិត្តិយសជាទីបំផុត ដែលបានមកបំពេញ​បេសកកម្ម​នៅកម្ពុជា ដើម្បីបាន​បម្រើទាំងទួរគី នឹងកម្ពុជា ហើយការចាកចេញពីប្រទេសកម្ពុជា លោកជំទាវ មានអារម្មណ៍ថា ដូចជាការចាកចេញ​ពីផ្ទះ​ដែលកំពុងតែរស់នៅ។

លោកជំទាវ អាយដា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលបានផ្ដល់​មេដាយ​សហ​មេត្រីថ្នាក់​មហាសេរីវឌ្ឍន៍ ជូនលោកជំទាវ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកជំទាវ អាយដា និងសំដែង​នូវ​​ការកោត​សរសើរ​យ៉ាងស្មោះចំពោះស្នាដៃធំធេងរបស់លោកជំទាវ ក្នុងការបំពេញបេសកកម្មការ​ទូតយ៉ាងរស់រវើក និងផ្លែផ្កា ចូលរួមចំណែក​យ៉ាងសកម្មតាមរយៈបេសកកម្មសកម្មការទូតរបស់​លោកជំទាវ ដែលបានពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងតួក​គី ជាពិសេសការរៀប​ចំឱ្យមានដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្ដេចទៅកាន់ប្រទេសទួរគី និងរៀប​ចំមូល​ដ្ឋាន​ជាច្រើន សម្រាប់ពង្រីក ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ដែលចាំតែពេលវេលាប៉ុណ្ណោះ ដោយទំហំ​ពាណិជ្ជកម្មរវាង​​ប្រទេស​​ទាំងពីរ និងកើនឡើងទៅដល់ចំនួនដែលបានកំណត់ទុក។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសារជាថ្មី ជូនចំពោះលោកជំទាវ និងរដ្ឋាភិបាលតួកគី ដែលបានផ្ដល់​​ជំនួយដល់កម្ពុជា ទាំងការជួយដល់ជនក្រីក្រ ការសង់ផ្ទះជូនជនក្រីក្រ និងការធ្វើផ្លូវតាមជនបទ។ សម្តេចតេជោ ក៏បានជូនពរឱ្យលោកជំទាវ អាយដា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត ក្នុងបេសកកម្មរបស់លោកជំទាវ​នៅ​ពេលខាងមុខផងដែរ ៕