Elon Musk ទម្លាយ​មូលហេតុ​រោងចក្រ Tesla ថ្មីៗ​ ខាតបង់​លុយ​រាប់​ពាន់​លាន​ដុល្លារ

អន្តរជាតិ

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla លោក​ Elon Musk បាន​ទម្លាយ​ឲ្យ​ដឹង​ថា រោងចក្រ​តំឡើង​រថយន្ត​នៅ​អាល្លឺម៉ង់ និង​សហរដ្ឋអាមេរិក ឆ្នាំនេះ​មាន​ការ​ខាតបង់​រាប់ពាន់​លាន​ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​យោង​តាម​ការ​ចុះផ្សាយ​ពី BBC បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​រោងចក្រ​ធំៗ​នៅ​ Berlin, Austin និង​តិចសាស់ មាន​ការ​ខាតបង់​ធ្ងន់ធ្ងរ​បែបនេះ គឺ​ដោយសារ​សង្វាក់​ផ្គត់ផ្គង់​ពី​ប្រទេស​ចិន​មាន​ការ​រាំងស្ទះ ដ្បិត​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាស៊ី​កំពុង​ពង្រឹង​វិធានការ​ទប់ស្កាត់​កូវីដ ១៩។

“​រោងចក្រ​នៅ Berlin និង Austin គឺ​កំពុង​ប្រឈម​នឹង​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ ហើយ​រោងចក្រ​ទាំងនេះ​ក៏​កំពុង​បាត់បង់​លុយ​ជាច្រើន​ពាន់​លាន​ដុល្លារ​ផងដែរ។ ពួក​យើង​បាន​ចំណាយ​លុយ​ច្រើន​លើ​សម្ភារៈ​សម្រាប់​តំឡើង ប៉ុន្តែ​លទ្ធផល​ដែល​បាន​មក​គឺ​តិចតួច​ណាស់”។ នេះ​បើតាម​សម្ដី​របស់​មេធំ Tesla បាន​ប្រាប់​នៅ​ក្នុង​បទសម្ភាសន៍​មួយ។

មហាសេដ្ឋី​អាមេរិក​ក៏​បាន​ទម្លាយ​ទៀត​ថា ចាប់តាំងពី​បើក​សម្ពោធ​រោងចក្រ​ថ្មីៗ​ទាំងនេះ​កាលពី​ដើមឆ្នាំ​មក លទ្ធភាព​ផលិត​រថយន្ត​គឺ​មាន​សភាព​លំបាកលំបិន ក៏​ព្រោះ​តែ​គ្រឿងគ្រៅ​រថយន្ត​សំខាន់ៗ​ដូចជា អាគុយ​ជាដើម​បាន​ជាប់គាំង​នៅ​កំពង់ផែ​ចិន ដែល​គ្មាន​អ្នកណា​អាច​ចេញ​មុខ​ដោះស្រាយ​បាន ជាហេតុ​ធ្វើ​ឲ្យ​ការ​ផលិត​មាន​ភាព​យឺតយ៉ាវ។

សូមជម្រាបដែរថា ក្រៅពី​រោងចក្រ​នៅ​អាល្លឺម៉ង់ និង​នៅ​អាមេរិក Tesla ក៏​កំពុង​ឈឺក្បាល​វិលមុខ​ជាមួយ​នឹង​បញ្ហា​ដែល​កំពុង​កើតមាន​នៅ​រោងចក្រ​ធំ​នៅ​សៀងហៃ​ផង​ដែរ ដោយសារ​រដ្ឋាភិបាល​ចិន​បាន​ចាត់​វិធានការ​ទប់ស្កាត់​កូវីដ ១៩ ដែល​តម្រូវ​ឲ្យ​រោងចក្រ Tesla នៅ​ទីនោះ​ផ្អាក​ដំណើរការ​មួយ​រយៈ និង​ធ្វើ​ឲ្យ​សង្វាក់ផលិតកម្ម​មាន​ការ​កកស្ទះ ខាត​អស់​ប្រាក់​រាប់​សិប​ពាន់​លាន​ដុល្លារ​ឯណោះ៕

98 Shares