ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់​កោះកុង សាងសង់​​សម្រេច​បាន​ជាង​​៦៤ភាគរយហើយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង​សរុបចំនួន​១៩៧,​៣៣គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាល​វែង-អូរសោម ដល់កោះកុង គិតរហូតមកទល់ពេលនេះសម្រេចបាន៦៤,៣៣ភាគរយហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនសាង​សង់កំពុង​បន្ត​​ការ​ងារ​​​សាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារ ឱ្យបានចប់​ជាស្ថាពរតាម​ផែនការដែល​បានគ្រោងទុក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះ​ពិនិត្យ​វឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១០ ដោយ មានការចូលរួមពីថ្នាក់​ដឹក​នាំ​ក្រសួង អាជ្ញាធរដែនដី តំណាង​ក្រុមហ៊ុន​សាង​សង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។

ផ្លូវជាតិលេខ១០នេះ សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣​របស់​សាធារណរដ្ឋប្រជាមានិត ចិន មានទទឹង​តួផ្លូវ​សរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពាន ចំនួន​២៣ កន្លែង ប្រវែង១៧២១,៤៦​ម៉ែត្រ​ដែលក្នុងនោះ​មានស្ពានខ្ពស់ជាងគេមួយ​ដែលមានកម្ពស់​៧៥ម៉ែ​ត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំង​មានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះមានការជ្រើសរើគន្លងផ្លូវថ្មីប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែ​មិន​ចង់វះកាត់ភ្នំក្រវាញជាពីរនាំឱ្យប៉ះពាល់ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជា ការបង្ហាញឱ្យឃើញ​ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។

សូមជម្រាបថា គម្រោងសាងសង់ផ្លូវជាតិលេខ១០នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។ គម្រោង​ផ្លូវ​នេះ​គ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ សហអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាល​នៃសាធារណ​រដ្ឋប្រ​ជា​មានិតចិន រួមជាមួយថវិកា​បដិភាគ​របស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោស​សម្អាតគ្រាប់​​មីន យុទ្ធភ័ណ្ឌ​មិនទាន់ ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេក​ទេសសាងសង់​​ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន ៕