រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ពូជស្រូវសែនក្រអូប កំពុងដើរ​​តួនាទី​យ៉ាង​​សំខាន់ក្នុងការនាំចេញ និងប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​អន្តរ​​ជាតិ

សង្គម​និង​សេដ្ឋកិច្ច

ពូជស្រូវសែនក្រអូប បានកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយពូជស្រូវនេះ​ជាប្រភេទពូជ​មិនប្រកាន់រដូវ ដែល​​​អនុញ្ញាត​ឱ្យកសិករយើងដាំដុះ​បានរហូតដល់​០៣ដងក្នុងមួយឆ្នាំ ដែល​ជាហេតុនាំ​ឱ្យ​ពូជស្រូវសែនក្រអូប​ក្លាយជា​ជម្រើ​ស​មួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជា ក្នុងការប្រកួត​ប្រជែង​​​ជាមួយអង្ករ​ប្រទេសផ្សេងទៀត​នៅក្នុង​ទីផ្សារ​អន្តរ​ជាតិ។ នេះបើតាមលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធ​ម៉ាកស​មូហ​ភាព​អង្ករសែនក្រអូប “SKO”, អង្ករ​ដំណើ​ប​​នៃពូជស្រូវដំណើបស្បៃមង្គល “DMSK”, និងវេទិកាពិភាក្សា ស្តីពី “ការពង្រឹង​ខ្សែច្រវាក់​​តម្លៃ​ស្រូវ​អង្ករ និងការលើកកម្ពសជីវភាពកសិករខ្នាតតូច” នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ផ្អែកតាមទិន្នន័យដែលទទួលបានសម្រាប់ រយៈពេល០៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំ​ចេញ​អង្ករកម្ពុជា សម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹក​ប្រាក់​ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះ​អង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២ភាគរយ នៃការនាំចេញសរុប។

លោក ប៉ាន សូរស័ក្តិ បន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់​ចំពោះ​វិស័យ​ស្រូវ​អង្ករ ដោយ​បាន​ខិតខំ​​ជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាម​រយៈការចរចាកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និង​ពង្រីក​​​​​​បាន​ទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តា​ប្រទេសអភិវឌ្ឍន៍​សំខាន់ៗ។

លោករដ្ឋមន្ត្រី បន្តថា លើសពីនេះក្រសួងក៏បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ ក្នុងការជួយ​គាំទ្រ​ដល់​​​វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការចរចា​បើកច្រកទីផ្សារបន្ថែម ការ​បង្កើត​អនុស្សរ​ណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅ​ប្រទេសជាដើម ។

ជាក់ស្តែង នៅឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្មចូលរួមពិព័រណ៍ពិភពលោកទីក្រុងឌុយបៃនៅប្រទេស​អេមីរ៉ាតអារ៉ាប់រួម ដែល​ពេលនោះ ក្រសួងបានយកអង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ទៅដាក់តាំងបង្ហាញ ដាក់​ចម្អិនជាអាហារសម្រាប់ទិវាជាតិកម្ពុជា និងប្រើប្រាស់ជាកាដូរអនុស្សាវរីយ៍​ផ្តល់ជូនដល់ភ្ញៀវ​ចូលទស្សនាផងដែរ៕