លោក ឡោ វិចិត្រ បង្ហើបប្រាប់ពីទីតាំងណាល្អ ដែលគួរអភិវឌ្ឍវិស័យខុនដូ នាពេលអនាគត

សង្គម​និង​សេដ្ឋកិច្ច

លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល រាជធានីភ្នំពេញ បានបង្ហើប​ប្រាប់​ពីទីតាំងណាល្អ ដែល​គួរអភិវឌ្ឍវិស័យខុនដូ ​​នា​ពេល​អនាគត ខណៈដែលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងបទសម្ភាស៍ជាមួយ​ឧកញ៉ាញូស៍ ​​កាល​ពី​ថ្ងៃ​ពុធ ទី​២២ ខែ​មិថុនា ឆ្នាំ២០២២ លោក ឡោ វិចិត្រ ​​បាន​លើក​ឡើង​ថា ទីផ្សារ​ខុនដូ ជាទីផ្សារ​សម្រាប់​ពេល​អនាគត រយៈពេលពី៣ឆ្នាំ ទៅ៥ឆ្នាំ​ខាង​មុខ។ ដូច្នេះ​យើង​ត្រូវ​មើល​ទីតាំង​ណា ដែល​នឹង​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ នា​​ពេល​អនាគត ហើយ​​ស្ថិត​នៅ​កណ្តាល​ក្រុង ​ប៉ុន្តែ​មិនមែន​កណ្តាល​ក្រុង​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ ពោល​គឺ​ត្រូវ​​​​មើល​ឱ្យ​ឃើញ​ថា​ តើ​៣​ឆ្នាំឬ៥ឆ្នាំ​ខាង​មុខ តំបន់​ណា​នឹង​ក្លាយ​ជា​ចំណុច​កណ្តាល​ក្រុង។ ​​

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «បច្ចុប្បន្ន​នេះ​ ​​បើ​យើង​​និយាយ​ពី​កណ្តាល​ក្រុង គឺ​​យើង​នឹក​ឃើញ​តំបន់​បឹងកេងកង​មុន​គេ តែ​បើ​និយាយ​ពី​៣​ឆ្នាំ ឬ​៥​ឆ្នាំ​ទៀត​ កណ្តាល​ក្រុង​នឹង​ស្ថិត​នៅ​តំបន់​មហាវិថី​សម្តេច​ ហ៊ុន សែន (ផ្លូវ៦០​ម៉ែត្រ) ដោយសារ​មាន​ព្រលាន​យន្តហោះថ្មី ​ព្រោះ​ពេល​ភ្ញៀវ​ចុះ​ពី​យន្តហោះ​មុន​គេ​ ​​នឹង​ឆ្លង​កាត់​តំបន់​នេះ​ ដូច្នេះ​តំបន់​ផ្លូវ​៦០​ម៉ែត្រ នឹង​ក្លាយ​ជា​ទីក្រុង​រណប​ថ្មី។ រាជរដ្ឋាភិបាល ក៏​បាន​កំណត់​យក​តំបន់​ទិស​ខាង​ត្បូង (ខណ្ឌ​មានជ័យ) ដើម្បី​ពង្រីក​ទីក្រុង​ផង​ដែរ»

គួររម្លឹកថា នៅក្នុងឆ្នាំ២០៣៥ ខាងមុខ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាពភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ ១០០គីឡូម៉ែត្រជុំវិញ ដែលជាប៉ូលសេវាកម្មកណ្ដាលមួយក្នុងតំបន់វាលទំនាប ហើយចំនួនប្រជាជនត្រូវបានគេព្យាករណ៍ថាអាចនឹងឡើងដល់ ៦លាននាក់ ផងដែរ។ នេះបើយោងតាម អនុក្រឹត្យ ស្ដីពី «ការដាក់ឱ្យអនុវត្តប្លង់គោលប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥» ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕