​​ជិះ​ដល់​​គីឡូម៉ែត្រ ២២២ ក្នុង​ស្រុកស្ទោង​ កុំភ្លេច​ចូលទិញ​​​ងៀត​គោ ងៀតក្របី ល្បី​ឆ្ងាញ់ណាស់ អ្នក​ទៅលេង​សៀមរាប​មិន​ដែលរំលង

អាជីវកម្ម

សាច់ប្រឡាក់ជាច្រើន​ត្រូវ​បាន​បងប្អូនអ្នក​ស្រុកស្ទោង​​ហាលលក់​តាម​ផ្លូវជាតិ​លេខ ៦ ដែលមាន​តូប​ដេរដាស​តាម​ដងផ្លូវ ហើយក៏មានអ្នក​ដំណើរ​ឈប់ព្រាត​ទិញ​យក​ទៅផ្ញើបងប្អូន ឬ​ទុក​ពិសារ​ខ្លួន​ឯង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ត្រីងៀត ក្របីងៀត គោងៀត ត្រីឆ្អើរ និង គ្រឿងផ្អាប់ជាច្រើនទៀត គឺ​អាហារ​ប្រចាំ​តំបន់​ដែលមាន​ការ​ពេញនិយមពីអ្នក​ដំណើរ​ទៅមកពេល​ទៅលេង​ខេត្ត​សៀមរាប តែងតែឈប់ទិញ​មិន​ដែល​ខាន។

ដោយឡែក​មុខរបរលក់ត្រីងៀត ក្របីងៀត គោងៀត ត្រីឆ្អើរ និង គ្រឿងផ្អាប់ជាច្រើនទៀត ក៏ជា​ប្រភព​ចំណូល​សម្រាប់ជួយទ្រទ្រង់ជីវភាពពលរដ្ឋ​ជាច្រើន​គ្រួសារ នៅ​ក្នុងភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ ឧកញ៉ាញូស៍ អ្នកស្រី លាប ផល្លា បានឲ្យដឹងថា អ្នកស្រីប្រកបមុខរបរនេះជាង១​ ​ឆ្នាំមកហើយ ដែលមានលក់ដូចជា ត្រីងៀត ក្របីងៀត គោងៀត ក្រពើងៀត ត្រីឆ្អើរសាច់ក្រក និងគ្រឿងផ្អាប់​ផ្សេងទៀតរួមមាន ផ្អក ប្រហុកជាដើម ដោយទិញត្រី សាច់ពីគេយកមកប្រឡាក់ខ្លួនឯង។

បន្តទាំងទឹកមុខញញឹម ស្រ្តីរូប​នេះ​ប្រាប់​ឧកញ៉ាញូស៍​មិនលាក់លៀម​ថា ក្នុងមួយថ្ងៃអាចរកចំណូលបានជាមធ្យម​ពី​
៥០ ម៉ឺន ទៅ៦០ម៉ឺនរៀល។ តម្លៃមាន​ដូចជា​ ប្រភេទត្រី ឬប្រភេទសាច់ ពោលគឺ ត្រីងៀត មួយគីឡូ ៣០០០០ រៀល​(តម្លៃទូទៅ) ក្របីងៀត តម្លៃ ៧៥០០០រៀល ក្នុងមួយគីឡូក្រាម។

ស្រ្តី​ជាអ្នកលក់​រូប​នេះបាន​បន្ថែម​ថា ដាច់ខ្លាំងនៅពេលមានពិធីបុណ្យជាតិផ្សេងៗដូចជា បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំចិនដែល​អាចរក​បាន​ ២ ទៅ ៣ លានក្នុងមួយថ្ងៃ។ ហើយ​ភ្ញៀវចូលចិត្តទិញ និង លក់ដាច់ជាងគេគឺ ត្រីងៀត ក្របីងៀត និង គោងៀត។

ស្រ្តីវ័យ ៣៧ឆ្នាំ រូបនេះ បានយល់ឃើញថា ការលក់នេះ ជាការជួយទ្រទ្រង់ជីវភាពមួយផ្នែក ប៉ុន្តែក៏មានបញ្ហា​​ប្រឈមខ្លះ​ដែរ តួយ៉ាងថ្ងៃណាដាច់ក៏ដាច់ ថ្ងៃណាមិនដាច់ រកអ្វីចំណូលមិនបានសោះ។ ទោះបីជា​មានបញ្ហាប្រឈមខ្លះ ឬរក​បានបន្តិចបន្តួចក្តី អ្នកស្រី មិនផ្លាស់ប្តូរមុខរបរមួយនេះទេ។

ចំណែកឯ អ្នកស្រី គី ឡៃហេន បានឲ្យដឹងថា អ្នកស្រីប្រកបមុខរបរលក់ ត្រីងៀតនេះ ជាង២ឆ្នាំមកហើយដោយ​បានចំណូល​មួយថ្ងៃ ក៏មិនខុសពីអ្នកស្រី លាប ផល្លា ដែរ ពោលគឺ ៥០ទៅ៦០ ម៉ឺនក្នុងមួយថ្ងៃ។ ចំណូលរកបានអាចយកទៅផ្គត់ផ្គង់កូនរៀន ហូបចុក ក្នុងជីវភាពរាល់ថ្ងៃមួយកម្រិត។

អ្នកស្រី លាប ផល្លា និង អ្នកស្រី គី ឡៃហេន ក៏បានអំពាវនាវ ក៏ដូចជាចង់សំណូមពរចំពោះ​ភ្ញៀវដែលចូលទិញរបស់តាមចិញ្ចើមផ្លូវ ដូចជាអ្នកស្រីជាដើម កុំសូវឲ្យតម្លៃទាបពេក ព្រោះពេលខ្លះតម្លៃដែលភ្ញៀវឲ្យមិនស្មើតម្លៃដើមផង៕

132 Shares