សល់តែ២០ភាគរយទៀតទេ កំណាត់ផ្លូវជាតិលេខ៥ ពី​ព្រែក​​ក្តាម ដល់ធ្លាម្អម នឹងពង្រីករួចរាល់

សង្គម​និង​សេដ្ឋកិច្ច

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ពីចាប់ពីព្រែកក្តាម ខេត្ត​កណ្តាល) ដល់ធ្លាម្អម ខេត្ត​​ពោធិ៍សាត់ គិតមកទល់ពេលនេះសម្រេចបាន៨០ភាគរយហើយ និងគ្រោង​បញ្ចប់នៅ​ចុងឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់គម្រោងធ្វើឱ្យប្រសើរ​ឡើងវិញកំណាត់ផ្លូវជាតិ​លេខ៥ ភាគខាងត្បូង (ព្រែក​ក្តាម -ធ្លាម្អម)កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង​ដឹក​ជញ្ជូន បាន​អំពាវនាវសុំឱ្យអ្នកប្រើប្រាស់​ផ្លូវទាំងអស់​​គោរព​​ច្បាប់ចរាចរណ៍ និងច្បាប់ផ្លូវថ្នល់ទាំងអស់គ្នា ដើម្បីចូលរួម​ជាមួយ​​រាជរដ្ឋាភិបាល​​ក្នុងការថែរក្សា​​ទ្រព្យ​​សម្បត្តិជាតិនិង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងនេះមានប្រវែង​១៣៥,​២៥ គីឡូ​ម៉ែត្រ ត្រូវ​បាន​បែង​ចែកជាបីកញ្ចប់ការងារ ចាប់ផ្តើមបើកការដ្ឋានសាងសង់​​នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០១៨ គ្រោងចំណាយពេល​សាងសង់​ចំនួន៤៨ខែ និងគ្រោងចំណាយថវិកាប្រមាណ ២៤៦,៣៥ លានដុល្លារ អាមេរិក។

គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក ។

ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ភាគខាងជើង ភាគខាងត្បូង និងភាគកណ្តាល ដោយក្នុងនោះ មាន​ការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មាន​ប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាល​ជំនួស ដោយបេតុងកៅស៊ូ(AC) និងមានសួរច្បារកណ្តាល។

គម្រោងនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤​គន្លង ទទឹង២៣​ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិត​ក្នុង កំណាត់ផ្លូវជាតិលេខ៥ មាន​ចំនួនសរុប៨០កន្លែង៕