ធនាគារ ជីប​ ម៉ុង បង្កើនដើមទុនចុះបញ្ជីដល់ចំនួន ១៣៥លានដុល្លារក្នុងពាក់កណ្ដាលឆ្នាំ២០២២

សង្គម​និង​សេដ្ឋកិច្ច

នេះជាលើកទី២ហើយ ក្នុងឆ្នាំ២០២២ ដែលធនាគារ ជីប ម៉ុង​ បានបន្ថែមដើមទុនចុះបញ្ជីរបស់ខ្លួននៅធនាគារជាតិចំនួន២០លាន​ដុល្លារអាមេរិកបន្ថែម ដែលធ្វើឲ្យចំនួនទុនចុះបញ្ជីកើនដល់ ១៣៥លានដុល្លារអាមេរិក។ ការបន្ថែមដើមទុនចុះបញ្ជីនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការក៏ដូចជាទំនុកចិត្តរបស់អតិថិជន ដើម្បីបន្តពង្រីកប្រតិបត្តិការធនាគារបន្ថែមទៀត និងគោរព១០០ភាគរយតាមបទដ្ឋានគតិយុត្តិរបស់ធនាគារជាតិនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចន ប៊ែល អគ្គនាយកនៃធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖  យើងមានមោទកភាពដែលធនាគារ ជីប ម៉ុង បានបង្កើនទុនចុះបញ្ជីបន្ថែមជាបន្តបន្ទាប់ នេះជាសក្ខីភាពបង្ហាញពីកិច្ចប្រឹងប្រែងដែលយើងសាងឡើងដើម្បីផ្ដល់ទំនុកចិត្តដ៏កក់ក្ដៅជូនដល់​អតិថិជន។ អស់រយៈពេលជាង៤ឆ្នាំមកនេះ ធនាគារបានកសាងភាពចាស់ទុំរបស់ខ្លួន ជាក់ស្ដែងធនាគារ ជីប ម៉ុង ដើរលើមាគ៌ាធុរកិច្ចធនាគារដែលមានចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់។

ធនាគារ ជីប ម៉ុង ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ និងជាផ្នែកមួយនៃអាជីវកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង។ បច្ចុប្បន្នធនាគារ ជីប ម៉ុង មានសាខាដាក់ឲ្យដំណើរការប្រើប្រាស់ក្នុងរាជធានីភ្នំពេញ និងខេត្តដូចជាកំពង់ចាម បាត់ដំបង និងសៀមរាប សរុបមានចំនួន១៣សាខាធនាគារ និង២សាខាផ្សេងទៀតនឹងមានវត្តមាននៅចុងឆ្នាំនេះ។

ធនាគារ​ ជីប ម៉ុង មានម៉ាស៊ីនATM សរុបចំនួន៣៤ ដែលបម្រើការ២៤ម៉ាង ដៃគូសហការទូទាត់ចំនូន១៨៩៩ទីតាំង និងភ្នាក់ងារធនាគារចំនួន១២៦កន្លែង ទូទាំងប្រទេស៕