ពូទីន ថារុស្ស៊ី កំពុងផ្លាស់ប្តូរទិសដៅពាណិជ្ជកម្ម ទៅកាន់ប្រទេសដែលអាចទុកចិត្តបានទាំង ៤ នេះ

អន្តរជាតិ

ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងពេលថ្មីៗនេះថា ប្រទេសរុស្ស៊ី កំពុងប្តូរទិសដៅពាណិជ្ជកម្មទៅកាន់ប្រទេសដៃគូអន្តរជាតិ ដែលអាចទុកចិត្តបាន ដូចជាប្រេស៊ីល ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង នៅចំពេលដែលប្រទេសនៅលោកខាងលិច កំពុងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញពីអ្វី ដែលលោក ពូទីន បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់អ្នកដែលបានចូលរួម នៅក្នុងកិច្ចប្រជុំកំពូល BRICS តាមរយ:ប្រព័ន្ធអនឡាញថា ៖ ” យើងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការទម្រង់ទិសលំហូរពាណិជ្ជកម្មរបស់យើងឡើងវិញ និងទំនាក់ទំនងសេដ្ឋកិច្ចបរទេសឆ្ពោះទៅរកភាពជាដៃគូអន្តរជាតិ ដែលអាចទុកចិត្តបាន ជាពិសេសប្រទេសសមាជិក BRICS ” ។

គួរឱ្យដឹងថា អក្សរកាត់ “BRICS” នេះ គឺចង់សំដៅទៅលើក្រុមប្រទេសសមាជិកក្រៅផ្លូវការ ដែលមានដូចជារុស្ស៊ី ប្រេស៊ីល ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។

លើសពីនេះ បើតាមលោក ពូទីន បាននិយាយថា ទំហំពាណិជ្ជកម្មរវាងប្រទេសរុស្ស៊ី និងប្រទេសសមាជិក BRICS បានកើនឡើងដល់ ៣៨% នៅក្នុងចំនួនប្រមាណ ៤៥ ពាន់លានដុល្លារ នៅក្នុងរយ:ពេល ៣ ខែដំបូងនៃឆ្នាំនេះ ។

ទន្ទឹមនឹងនេះ រុស្ស៊ី ក៏កំពុងបង្កើនការនាំចេញប្រេង ទៅកាន់ប្រទេសចិន និងឥណ្ឌា ជាមួយនឹងការបញ្ចុះតម្លៃយ៉ាងច្រើន ខណ:ពេលដែលការនាំចូលប្រេងឆៅរបស់ចិនពីរុស្ស៊ី បានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយ នៅក្នុងខែឧសភា ដោយបានទាញទម្លាក់អារ៉ាប៊ីសាអូឌីត ពីអ្នកផ្គត់ផ្គង់កំពូលរបស់ចិន ។

បន្ថែមពីនេះ លោក ពូទីន បានសង្កត់ធ្ងន់ទៀតថា រុស្ស៊ី នឹងបើកចំហរការតភ្ចាប់ប្រព័ន្ធស្ថាប័នហិរញ្ញវត្ថុ រវាងធនាគារពីប្រទេសសមាជិកទាំង ៥ ហើយថែមទាំងបានបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ កំពុងស្វែងរកវិធីថ្មី ដើម្បីធ្វើប្រតិបត្តិការពាណិជ្ជកម្ម ដោយមិនពឹងផ្អែកទៅលើរូបិយប័ណ្ណ ដូចជាប្រាក់ដុល្លារ ឬប្រាក់អឺរ៉ូឡើយ ៕

0 Shares