សិង្ហបុរី ចាប់ផ្តើមទិញចូលថាមពលអគ្គិសនីពីឡាវ តាមរយ:ការតភ្ជាប់ពីថៃ និងម៉ាឡេស៊ី

អន្តរជាតិ

ប្រទេសសិង្ហបុរី បានចាប់ផ្តើមនាំចូលថាមពល ពីប្រទេសឡាវ តាមរយ:ការតភ្ជាប់ពីប្រទេសថៃ និងម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ មិថុនា បន្ទាប់ពីកិច្ចព្រមព្រៀមទិញយកថាមពលរយ:ពេល ២ ឆ្នាំដំបូង ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុន Keppel Electric និងក្រុមហ៊ុន Electricite du Laos (EDL) របស់ប្រទេសឡាវ ។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានឱ្យដឹងថា គម្រោងសមាហរណកម្មថាមពលរបស់ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (LTMS-PIP) នេះ នឹងអាចនាំចូលថាមពលចំនួន ១០០ មេហ្គាវ៉ាត់ ទៅកាន់ប្រទេសសិង្ហបុរី ពីប្រភពវារីអគ្គិសនី ស្ថិតនៅក្នុងខេត្តបរកែវ ប្រទេសឡាវ តាមរយ:ការតភ្ជាប់អន្តរប្រព័ន្ធដែលមានស្រាប់ ហើយនេះក៏ជាការធ្វើពាណិជ្ជកម្មអគ្គិសនីឆ្លងព្រំដែនពហុភាគី លើកដំបូងផងដែរ ដែលពាក់ព័ន្ធជាមួយប្រទេសនៅក្នុងតំបន់អាស៊ានចំនួន ៤ ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Keppel Electric , EDL , ក្រសួងថាមពល និងរ៉ែរបស់ឡាវ រួមទាំងអាជ្ញាធរទីផ្សារថាមពល (EMA) បាននិយាយថា នេះក៏ជាការនាំចូលថាមពលកកើតឡើងវិញ ជាលើកដំបូងផងដែរ ទៅកាន់ប្រទេសសិង្ហបុរី ។

គួរឱ្យដឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសសមាជិកអាស៊ានទាំងបួន ដែលពាក់ព័ន្ធ តាមរយ:ការសម្រួលដល់ការអភិរឌ្ឍន៍ទីផ្សារក្នុងតំបន់ សម្រាប់ការជួញដូរអគ្គិសនី ការលើកកម្ពស់ការវិនិយោគ និងការលើកកម្ពស់សុវត្ថិភាពចំពោះការផ្គត់ផ្គង់អគ្គិសនី ក្នុងតំបន់ និងការប្រកួតប្រជែងលើតម្លៃផងដែរ ។

បន្ថែមពីនេះ វាក៏នឹងជួយរួមចំណែកដល់គោលដៅនិរន្តរភាពរបស់ប្រទេសសិង្ហបុរី ក្រោមផែនការបៃតងឆ្នាំ ២០៣០ របស់ខ្លួន ជាមួយនឹងការទាញយកថាមពលកកើតឡើងវិញ មកប្រើប្រាស់ ពីក្នុងតំបន់ ៕

0 Shares