Gautam Adani មហាសេដ្ឋី​ចិត្ត​បុណ្យ​បំផុត​នៅ​អាស៊ី បរិច្ចាគ​លុយ​ជិត ៨ ពាន់​លាន​ដុល្លារ​ជួយ​សង្គម

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ មហាសេដ្ឋី Gautam Adani បាន​ត្រូវ​គេ​ដាក់​រហស្សនាម​ឲ្យ​ជា​មហាសេដ្ឋី​ចិត្ត​បុណ្យ ក្រោយ​បាន​បរិច្ចាគ​ទឹកប្រាក់​មហាសាល​ ៦០០ ពាន់​លាន​រូពី ឬ​ប្រមាណ ៧,៧ ពាន់​លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះផ្សាយ​ពី Bloomberg បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​សប្បុរសធម៌​មួយ​នេះ​គឺ​ក្រោម​ឈ្មោះ​របស់ Adani និង​ក្រុម​គ្រួសារ ហើយ​អំណោយ​នេះ​ទៀត​សោត គឺ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​លើ​ការ​ការពារ​សុខភាព វិស័យ​អប់រំ និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្សេងៗ។

សូម​ជម្រាប​ដែរ​ថា សម្រាប់​សែស្រឡាយ​ត្រកូល Adani មាន​តែ​លោក Gautam ម្នាក់​ប៉ុណ្ណោះ ដែល​អាច​មាន​សមត្ថភាព​រក​ទ្រព្យសម្បត្តិ​ដល់​ខ្ទង់ ៩២ ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង​។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bloomberg។

ទន្ទឹម​នឹង​នោះ សារព័ត៌មាន Economic Times ក៏​បាន​អះអាង​ដែរ​ថា Adani Foundation គឺ​កំពុង​ដុតដៃដុតជើង​ខ្លាំង​ចំពោះ​ការ​ជួយ​កសាង​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ឲ្យ​មាន​និរន្តរភាព ទាំង​ការ​គ្រប់គ្រង​ផ្នែក​សុខភាព អាហារូបត្ថម្ភ ការ​អប់រំ ព្រមទាំង​ការ​ពង្រឹង​សិទ្ធិអំណាច​របស់​ស្ត្រី​ផង​ដែរ។

របាយការណ៍​ខាងលើ​ក៏​បាន​បញ្ជាក់​ទៀត​ថា បណ្ដាញ​សប្បុរសធម៌​ដែល​ធ្វើ​ឡើង​ដោយ Adani Foundation កំពុង​គ្របដណ្ដប់​ដល់​មនុស្ស​ប្រមាណ ៣,៧ លាន​នាក់​នៅ​ភូមិ​ចំនួន ២ ៤០៩ ទូទាំង​រដ្ឋ​ចំនួន ១៦ នៅ​ប្រទេស​ឥណ្ឌា។

គួស​រំលឹក​ដែរ​ថា ការ​ធ្វើ​សប្បុរសធម៌​បែបនេះ​តែង​ត្រូវបាន​ប្រទះ​ឃើញ​មហាសេដ្ឋី​លោក​ខាងលិច​ប្រារព្ធ​ធ្វើ​ជា​ញឹកញយ តួយ៉ាង​ដូចជា Bill Gates និង Warren Buffett ជាដើម ប៉ុន្តែ​សម្រាប់​មហាសេដ្ឋី​នៅ​អាស៊ី​វិញ​គឺ​កម្រ​កើតមាន​ណាស់ ហើយ​ការ​ដែល​បរិច្ចាគ​លុយ​រាប់​ពាន់​លាន​ពី​ហោប៉ៅ​ខ្លួនឯង​បែប​នេះ​ទៀត គឺ​ពិត​ជា​មិន​ងាយ​បាន​ឃើញ​ឡើយ៕

14 Shares