ឆមាស​តំបូង​នៃ​ឆ្នាំ ២០២២ មេធំ Facebook បាត់បង់​ទ្រព្យ​សម្បត្តិ​អស់​ជាង​ពាក់​កណ្ដាល

អន្តរជាតិ

គិត​ចាប់តាំង​ពី​ដើម​ឆ្នាំ ២០២២ មក​ទល់​ថ្ងៃទី ២៤ ​មិថុនា ២០២២ មហាសេដ្ឋី Mark Zuckerberg បាន​បាត់​បង់​ទ្រព្យសម្បត្តិ​អស់​ច្រើន​ជាង ៥០% នៃ​ទ្រព្យសម្បត្តិ​សរុប ពោល​បច្ចុប្បន្ន​មាន ៥៨,៦ ពាន់​លាន​ដុល្លារ ខណៈ​កាលពី​ដើមឆ្នាំ​មាន ១២៥,៥ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Bloomberg Billionaire Index។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការ​ថយ​ចុះ​នៃ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​បែបនេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ទ្រព្យសម្បត្តិ​មេធំ Facebook កើន​ដល់ ១៤២ ពាន់​លាន​ដុល្លារ ជា​តួលេខ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ប៉ុន្តែ​បាន​តែ​ប៉ុន្មាន​ខែ​ក៏​បន្ត​ដាំក្បាល​ចុះ​ឥត​ឈប់ឈរ រហូត​បច្ចុប្បន្ន​បុរស​វ័យ ៣៨ ឆ្នាំ​របូត​តំណែង​ពី​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​មក​នៅ​ត្រឹម​លេខរៀង​ទី ១៧​ វិញ។

ក្រឡេក​ទៅ​មើល​ពី​ដើមចម​នៃ​ការ​ខាតបង់​ដ៏​សំបើម​នោះ​ គឺ​ដោយសារ​ចំណូល​មួយ​ផ្នែក​ធំ​របស់ Mark គឺ​បាន​មក​ពី​ក្រុមហ៊ុន Meta Platforms ប៉ុន្តែ​តាំងពី​បើក​ទំព័រ​ឆ្នាំ ២០២២ មក​ទល់​បច្ចុប្បន្ន​ហាងឆេង​ទីផ្សារ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហាក់​ជាប់គាំង ហើយ​តម្លៃ​ហ៊ុន​ក៏​បន្ត​ធ្លាក់ចុះ​ ធ្វើ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​លើ​វិស័យ​មួយ​នេះ​ខាតបង់​ស្ទើរ​ទាំងអស់។

តួយ៉ាង​នៅ​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២២ ដ្បិត Facebook រក​ចំណូល​បាន​លើស​ការ​រំពឹងទុក​មែន ប៉ុន្តែ​ចំណុចសំខាន់ៗ​ដូចជា​ទិន្នន័យ​ចំនួន​អ្នក​ប្រើប្រាស់​ប្រចាំ​ខែ​បាន​បាត់បង់​ និង​មិនអាច​មាន​ដំណោះស្រាយ​ជាក់លាក់។

យ៉ាងណា ​បច្ចុប្បន្ន​ក្រុមការងារ Facebook កំពុង​មមាញឹក​ក្នុង​ការ​ធ្វើ​កំណែ​អាប់ដែត​ថ្មី ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់ ស្របពេល​តម្លៃ​ភាគហ៊ុន​របស់​ពួកគេ​ក៏​ហាក់​ផ្ដល់​សញ្ញា​វិជ្ជមាន​ខ្លះ​ផង​ដែរ៕

0 Shares