ឯកឧត្តម ប្រាក់ សុខុន៖ ទុនវិនិយោគផ្ទាល់ពីវៀតណាមនៅកម្ពុជា ឈរលំដាប់ទី៤ នៅឆ្នាំ២០២១

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆ្នាំ​២០២១ ​ទុនវិនិយោគ​ផ្ទាល់​បរទេស​របស់​វៀតណាម​នៅកម្ពុជា ឈរ​លំដាប់ទី៤ ​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ ២,៥ ប៊ីលាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែង​ក្នុង​បទសម្ភាសន៍ ស្តីពី​ទំនាក់ទំនង​ការទូត​កម្ពុជា-វៀតណាម ក្នុង​ឱកាស​ខួប​លើកទី​៥៥ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត​កម្ពុជា (២៤ មិថុនា ១៩៦៧ – ២៤ មិថុនា ២០២២) ឯកឧត្តម​​​​​បាន​លើក​ឡើង​ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម ​​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ បើ​​មើល​ថយ​ក្រោយ​បន្តិច ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឆ្នាំ​១៩៩៥ ​​មាន​ត្រឹម​​តែ ៨៥​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ​២០១៩ ​​​សម្រេច​បាន​តាម​គោលដៅ​ដែល​បាន​កំណត់​ដោយ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ក្នុង​ទំហំ​ប្រមាណ ៥,២ ប៊ី​លាន​ដុល្លារអាមេរិក។

ឯកឧត្តម ប្រាក់ សុខុន បាន​​​លើក​ឡើង​បន្ថែម​ថា៖ “ក្នុង​គ្រា​ដែល​ពិភពលោក​ជួប​ប្រទះ​នូវវិបត្តិ​សេដ្ឋកិច្ច ដែល​បង្ក​ដោយ​ជំងឺ​កូវីដ-១៩ ​​ក្នុង​ឆ្នាំ​២០២០ យើង​អាច​សម្រេច​​​បាន​ជាង ៥,៣ ប៊ីលាន​ដុល្លារ​អាមេរិក ហើយ​បាន​បន្ត​កើន​ឡើង​ជាង ៩,៥ ប៊ីលាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០២១។ ត្រឹម​​​រយៈពេល​​៥​ខែ ឆ្នាំ​២០២២​នេះ ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​​របស់​យើង​សម្រេច​បាន​ប្រមាណ ៥,៤៥ ប៊ីលាន​ដុល្លារ​អាមេរិក រួច​ទៅ​ហើយ។ ដោយឡែក វិនិយោគ​ផ្ទាល់ (FDI) ​ពី​ប្រទេស​វៀតណាម​នៅ​កម្ពុជា ឈរ​លំដាប់​ទី​៤ ក្នុង​ទឹក​ប្រាក់​សរុប​ប្រមាណ ២,៥ ប៊ី​លាន​ដុល្លារ​អាមេរិក”។

គួរ​បញ្ជាក់​ថា កម្ពុជា និង​វៀតណាម ជា​ប្រទេស​ជាប់ភូមិ​ផង​របប​ជាមួយ​គ្នា និង​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​ជាង​មួយ​ពាន់​ឆ្នាំ​មក​ហើយ។ បើ​និយាយ​ពី​សម័យ​ទំនើប​វិញ ​​ប្រទេស​ទាំង​ពីរ បាន​ឆ្លង​កាត់​ការ​លំបាក​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ពី​របប​អាណានិគមនិ​យម រហូត​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់។ មក​ទល់​បច្ចុប្បន្ន​នេះ​ កំរិត​នៃ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-វៀតណាម ​​ត្រូវ​បាន​លើក​កម្ពស់​ទៅ​ជា “ទំនាក់ទំនង​សាមគ្គីភាព មិត្តភាព​ជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ” ​ចាប់​តាំង​ពី​ឆ្នាំ​២០០៥៕