ឧកញ៉ា ម៉េន កានី៖ សាលារៀនមួយនេះ បានបង្រៀនសិស្សឱ្យក្លាយជា “ឧកញ៉ា”!​

ជុំវិញ​ឧកញ៉ា

“ផឹកទឹក ឱ្យនឹកឃើញដល់ប្រភព”, “ហូបផ្លែឈើ ឱ្យនឹកឃើញដល់អ្នកដាំ”, “គ្រូមួយថ្ងៃ គ្រូមួយជីវិត” ពាក្យស្លោកខ្មែរទាំង ៣ឃ្លានេះ ជាពំនោលប្រកបដោយគតិបណ្ឌិត ដាស់តឿនដល់មនុស្សគ្រប់រូបឱ្យចេះដឹងគុណ ចេះតបស្នងគុណដល់មនុស្ស និងទីកន្លែងណា ដែលធ្លាប់ជាថ្នាលបណ្ដុះបណ្ដាលខ្លួនពីចំណុចចាប់ផ្ដើមដំបូងបំផុត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានការដិតដាម និងដក់ជាប់នូវផ្នត់គំនិតគុណធម៌ទាំងអស់នេះហើយ ទើបជំរុញឱ្យលោក ឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTD និងជាស្ថាបនិកគម្រោង បុរី GM ផ្លូវ 51 បានសាងសង់ផ្លូវប៉េតុងក្នុងសាលាមួយខ្សែ ជាការសម្ដែងការដឹងគុណ ជូនលោកគ្រូអ្នកគ្រូ និងសាលាបឋមសិក្សាបឹងប្រីយ៍ ដែលជាគ្រឹះស្ថានអប់រំទី១ ផ្ដល់ចំណេះដឹងដល់លោកឧកញ៉ា កាលពីកុមារភាព។  

ក្នុងពិធីកាត់ខ្សែបូរ បើកការរដ្ឋានសាងសង់ផ្លូវប៉េតុងមួយខ្សែប្រវែង 76ម៉ែត្រ នៅសាលាបឋមសិក្សាបឹងប្រីយ៍ លោកឧកញ៉ា ម៉េន កានី បានរៀបរាប់យ៉ាងដូច្នេះថា៖ “អគុណលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាបឹងប្រីយ៍ នៅសង្កាត់ពន្សាំងមួយនេះ ដែលផ្តល់ចំណេះដឹងកាលពីជិត 30ឆ្នាំមុន។  មិនមានអ្វីសងគុណក្រៅពីពាក្យថា អគុណដល់លោកគ្រូអ្នកគ្រូ និងភ្ជាប់ជាមួយផ្លូវប៉េតុងប្រវែង76ម៉ែត្រ ក្នុងសាលាមួយខ្សែនឹងសំភារៈសិក្សាមួយចំនួន។

ក្រៅពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនធ្វើបុណ្យ កសាងផ្លូវ ជូនលោកគ្រូអ្នកគ្រូ និងទិញសម្ភារៈសិក្សាមួយចំនួនជូនប្អូនៗ ក្មួយៗ សិស្សានុសិស្សក្នុងសាលាបឋមបឹងប្រីយ៍ហើយ លោកឧកញ៉ា ម៉េន កានី ក៏បានបង្ហោះសារមួយឃ្លាថា “ចង់ប្រាប់ថា សាលារៀនមួយនេះអាចបង្រៀនសិស្សអោយក្លាយជាឧកញ៉ាបាន”។  

កាលពីកុមារភាព អំឡុងឆ្នាំ ១៩៩០ជាង លោកឧកញ៉ា ម៉េន កានី បានសិក្សាថ្នាក់បឋម នៅសាលាបឹងប្រីយ៍ ក្នុងឃុំពន្សាំង ស្រុកអង្គស្នួល ខេត្តកណ្ដាល (បច្ចុប្បន្ន កាត់ទៅជាសង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ)។

កាលគ្រានោះ លោកឧកញ៉ា រំឮកថា គ្រួសារលោកពិតជាមានជីវភាពក្រលំបាកណាស់ សូម្បីតែកង់ក៏គ្មានជិះដែរ។ ជារៀងរាល់ថ្ងៃ កុមារា ម៉េន កានី ត្រូវដើរទៅរៀននៅសាលាបឋមខាងលើ ទាំងទៅទាំងមក ចម្ងាយជិត 8 km ។

ទំនេរពីរៀន រូបលោក គ្មានថ្ងៃសៅរ៍ អាទិត្យទេ រូបលោក ក៏ដូចជាក្មេងៗដទៃទៀតក្នុងភូមិដែរ ត្រូវទៅជួយឃ្វាលគោ ដកស្ទូង ភ្ជួរស្រែ ដាក់មងរកម្ហូបជួយសម្រាលជីវភាពគ្រួសារ។ រឿងរ៉ាវដ៏កម្សត់មួយ ដែលលោក ឧកញ៉ា បានបង្ហើបឱ្យដឹងដែរនោះ កាលពីកុមារភាព ពេលមានបុណ្យទានម្ដងៗ រូបលោកមិនសូវហ៊ានចេញមុខដូចក្មេងដទៃទេ ជាពិសេសកន្លែងណា មានអ្នកមានៗទៅពីភ្នំពេញ ត្បិតខ្លួនជាកូនអ្នកស្រែសុទ្ធ គ្មានខោអាវស្លៀកពាក់ស្អាតបាត និងគ្មានលុយ ពោល គឺលោកខ្មាស់គេមែនទែន មិនសូវហ៊ានចេញមុខចេញមាត់ចូលកម្មវិធីបុណ្យទាន ជួបជុំក្នុងភូមិដូចក្មេងដទៃឡើយ។

ប៉ុន្តែបច្ចុប្បន្ន ឧកញ៉ា ម៉េន កានី អគ្គនាយកក្រុមហ៊ុន GM TRADING CO.LTDនិងជាស្ថាបនិកគម្រោង បុរី GM ផ្លូវ 51 ហើយថ្មីៗខាងមុខ លោកឧកញ៉ា បានបង្ហើបប្រាប់ Oknha News ថាលោកត្រៀមនឹងពង្រីកមុខរបរថ្មីៗមួយចំនួនបន្ថែមទៀតផងដែរ៕

220 Shares