ក្រុមហ៊ុនប្រេងខ្នាតយក្ស Chevron គ្រោងលក់ទីស្នាក់ការកណ្តាលខ្លួន នៅរដ្ឋកាលីហ្វ័រញ៉ា

អន្តរជាតិ

ក្រុមហ៊ុនប្រេង Chevron Corp គ្រោងនឹងលក់ទីស្នាក់ការកណ្តាលរបស់ខ្លួន នៅក្នុងតំបន់ San Francisco Bay នៃរដ្ឋកាលីហ្វ័រញ៉ា ដោយនឹងរ៉ាប់រងការចំណាយសម្រាប់បុគ្គលិកមួយចំនួន ដើម្បីផ្លាស់ទៅទីក្រុង Houston រដ្ឋតិចសាស់វិញផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg ក្នុងពេលថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុនរ៉ុករកប្រេងដ៏ធំបំផុតលំដាប់ទី ២ របស់សហរដ្ឋអាមេរិកមួយនេះ នឹងនៅតែបន្តជួលការរិយាល័យថ្មីមួយផ្សេងទៀត នៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែនឹងចាកចេញពីបរិវេណ Chevron Park របស់ខ្លួន ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Chevron បាននិយាយ នៅក្នុងអ៊ីមែលមួយថា ៖ ” ទីផ្សារអចលនទ្រព្យបច្ចុប្បន្ន ផ្តល់ឱកាសឱ្យយើងស្វែងរកទំហំការិយាល័យត្រឹមត្រូវមួយ ដើម្បីបំពេញតម្រូវការនៃចំនួនបុគ្គលិក ដែលធ្វើការនៅទីស្នាក់ការកណ្តាលរបស់យើង ” ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Chevron ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់ខ្លួន ទៅកាន់ទីតាំងថ្មី នៅក្នុងអំឡុងត្រីមាសទី ៣ ឆ្នាំ ២០២៣ ខាងមុខ ។

គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Chevron បានដើរតាមគន្លងរបស់ក្រុមហ៊ុនធំៗផ្សេងទៀត ដូចជា Caterpillar Inc , Tesla Inc និង Oracle Corp ក្នុងការផ្លាស់ប្តូរទីស្នាក់កណ្តាលរបស់ខ្លួន ទៅកាន់រដ្ឋតិចសាស់ ដោយនៅទីនោះ វាត្រូវបានគេដឹងថាមានទីផ្សារលំនៅដ្ឋានថោកជាង ហើយមានការបន្ធូរបន្ថយពន្ធច្រើនជាងរដ្ឋដទៃទៀត នៅក្នុងសហរដ្ឋអាមេរិក ៕