សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យប្រើពាក្យស្លោកថ្មីមួយ ដើម្បីចូលរួមដោះស្រាយបញ្ហាគ្រឿងញៀន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​​បាន​​ធ្វើការ​ណែនាំ​និង​សំណូមពរ ​ដល់​គ្រប់​ក្រសួង ស្ថាប័ន ​វិស័យ​ឯកជន និង​សាធារណៈជន​ទូទៅ ​​ឱ្យ​ចូល​រួម​បន្ត​ជួយ​ផ្សព្វផ្សាយ​អប់រំពីផលប៉ះពាល់​នៃ​គ្រឿង​ញៀន​ឱ្យ​បាន​ផលផុស និង​គ្រប់​គោលដៅ​ប្រឈម ​​ហើយ​ត្រូវ​អនុវត្ត​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ខ្លឹមសារ​ពាក្យ​ស្លោក​ថ្មី​មួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសារលិខិត​នៃ​ឱកាស​ប្រារព្វទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២​នេះ ​សម្តេច​បាន​លើក​ឡើង​ថា ដោយនិន្នាការ​រួម​ជា​សកល កម្ពុជា​យើង​ក៏​ដូចជា​ប្រទេស​ដទៃ​ដែរ គឺ​នៅ​តែ​ប្រឈម​គួរ​ឱ្យ​បារម្ភ​ពី​ការ​ប៉ុនប៉ង​ផលិត កែច្នៃ រក្សាទុក ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត។ យោង​លើ​ស្ថានភាព​នេះ ​​សម្តេច​សូម​ធ្វើ​ការ​ណែនាំ​និង​សំណូមពរ បន្ថែម​ទៅ​លើ​ បទបញ្ជា គោលការណ៍ណែនាំ ដែល​បាន​ដាក់​ចេញ​កន្លង​មក​​​មួយ​ចំនួន​ទៀត។

សម្រាប់​ការ​ណែនាំ​ត្រង់​ចំណុច​ទី​២ ​​សម្តេច​បាន​បញ្ជាក់​ថា ​គ្រប់​ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវ​បន្ត​លើក​កម្ពស់​ការ​អនុវត្តសកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​ឱ្យ​បាន​ផុលផុស និង​គ្រប់​គោលដៅ​ប្រឈម។ ជាពិសេស បណ្តាញ​ផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញ​ទំនាក់ទំនង​សង្គម និង​ហ្វេសបុក​ផេក​របស់​ថ្នាក់ដឹកនាំ ដោយ​ត្រូវ​បន្ត​អនុវត្ត​ផ្សារភ្ជាប់​ជាមួយ​ខ្លឹមសារ​ទិស​ស្លោក «បីកុំ មួយរាយការណ៍ គឺ៖ កុំពាក់ព័ន្ធ កុំ​អន្តរាគមន៍ កុំលើកលែង និង​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ករណី​គ្រឿង​ញៀន»។

គួរ​បញ្ជាក់​ថា​ ក្នុង​ឱកាស​ប្រារព្វ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន សម្រាប់​ឆ្នាំ​២០២២​នេះ ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ត្រួតពិនិត្យ​គ្រឿង​ញៀន​និង​បទឧក្រិដ្ឋ (UNODC) ​​បាន​ដាក់​ចេញ​ប្រធានបទ «ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​វិបត្តិ​សុខភាព​និង​មនុស្សធម៌» ​ដើម្បី​ជំរុញ​នូវ​ការ​លើក​កម្ពស់​ប្រសិទ្ធិភាព​នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នៅ​ក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​បាន​និង​កំពុង​ជួប​ប្រទះ​ទៅ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន (សង្គ្រាម​អ៊ុយក្រែន, ជំងឺកូវីដ-១៩ -ល-) ជាពិសេស​ក្នុង​បរិបទ​នៃ​វិបត្តិសុខភាព​និង​មនុស្សធម៌៕