មន្ត្រីជាន់ខ្ពស់៖ ក្រោយចូលជាសមាជិកអាស៊ាន និង WTO កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើនផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា គូសបញ្ជាក់ថា បន្ទាប់ពីចូលជាសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក កម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្មអមដោយកំណើនទេសចរ អភិវឌ្ឍធនធានមនុស្ស តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបរូបវ័ន្ត និងការរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលាស្តីពី “ការចូលរួមរបស់និសិ្សតក្នុងការសិក្សាស្រាវជ្រាវវិស័យពាណិជ្ជកម្មនៅកម្ពុជា” នៅថ្ងៃទី១ កក្កដា ឆ្នាំ២០២២ លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រោយចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ និង សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ កម្ពុជាទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មអមដោយកំណើនទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបែបរូបវ័ន្ត និងការរៀបចំតាក់តែងនូវលិខិតបទដ្ឋានគតិយុត្តនានាជាច្រើន ដែលធានាសង្គតិភាព និងស្តង់ដារបទប្បញ្ញត្តិអន្តរជាតិ។

លោកស្រីគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ ៧% ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ទោះបីជា សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមានក្នុងអត្រា -៣,១% ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក៏កំណើននេះបានកើនឡើងវិញប្រមាណ ៣% នៅឆ្នាំ២០២១ និងត្រូវបានគេព្យាករថានឹងមានកំណើនប្រមាណ ៥,៦% នៅឆ្នាំ២០២២។

លោកស្រីរដ្ឋលេខាធិការបន្តថា ក្រសួងពាណិជ្ជកម្មបានយកចិត្តទុកដាក់ប្រកបដោយបុរេសកម្មឈានមុខ សំដៅរួមចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
ទោះបីក្នុងវិបត្តិជំងឺកូវីដ-១៩ក្ដី ក្រសួងពាណិជ្ជកម្មក៏បានខិតខំធ្វើពិពិធកម្មផលិតផល និងទីផ្សារតាមរយៈគោលនយោបាយគាំទ្រសហគ្រាសនិងធុរកិច្ច កំណែទម្រង់បទដ្ឋានគតិយុត្ត និងការចរចាបើកច្រកទីផ្សារ។

គួររំឭកថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្មក៏បាន និងកំពុងបង្កើតនូវបទប្បញ្ញត្តិ និងច្បាប់មួយចំនួន មានដូចជា ច្បាប់ស្ដីពីការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីម្ហូបអាហារ ព្រមទាំងបានធ្វើវិសោធនកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្ដីពីប្រតិបត្តិការដែលមានកិច្ចធានា ជាដើម៕