ក្រសួងពាណិជ្ជកម្ម នឹងមិនបន្តពន្យារពេលចុះបញ្ជី សម្រាប់អ្នករកស៊ីអនឡាញទៀតឡើយ

Uncategorized

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្រសួងពាណិជ្ជកម្ម នឹងមិនបន្តពន្យារចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (អនឡាញ)ទៀតនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh news កាលថ្ងៃទី០៤ ខែកក្កដានេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា៖ «បន្ទាប់ពីមានការពន្យារពេលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២រួចមក ហេតុនេះក្រសួងពាណិជ្ជកម្ម ពុំមានការពន្យារបន្តទៀតទេ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ»។

មិនតែប៉ុន្តែប៉ុណ្ណោះ លោកបញ្ជាក់ទៀតថា ការប្រកាសឲ្យអ្នករកស៊ីតាមប្រព័ន្ធអនឡាញ ក្រសួងបានប្រកាសឲ្យមកចុះបញ្ជីចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ២០២១មកម្ល៉េះ ដែលគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេលជាង១ឆ្នាំហើយ។

គួរបញ្ជាក់ដែរថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានបងប្អូនអ្នករកស៊ីអនឡាញយ៉ាងច្រើនកុះករ បានមកស្នើសុំធ្វើការចុះបញ្ជី ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម មិនទាន់អាចបញ្ជាក់អំពីចំនួនសរុបច្បាស់របស់អ្នករកស៊ីទាំងនោះ ដែលបានមកចុះបញ្ជីនោះឡើយទេ។

ការនាំគ្នាសម្រុកទៅចុះបញ្ជីនេះ គឺធ្វើឡើងក្រោយក្រសួងពាណិជ្ជកម្មប្រកាសជូនម្ចាស់ក្រុមហ៊ុនទាំងអស់ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវរួសរាន់ដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច-ត្រូនិកឱ្យបានមុនថ្ងៃទី0១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់ រួមជាមួយនឹងការព្រមានចាត់វិធានការផាកពិន័យតាមច្បាប់ទៅលើក្រុមហ៊ុន សហគ្រាសដែលគ្មានអាជ្ញាបណ្ណផងដែរ។

ក្រសួងពាណិជ្ជកម្ម ធ្លាប់បានឲ្យដឹងដែរថា គោលបំណងដែលក្រសួងពាណិជ្ជកម្ម ជំរុញឲ្យអ្នកប្រកបរបតាមអនឡាញ មកចុះបញ្ជី ដោយសារតែចង់ឲ្យការធ្វើអាជីវកម្ម តាមប្រព័ន្ធអនឡាញ ប្រព្រឹត្តិឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើន ដល់ធុរជន ព្រមទាំងផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់៕