អូស្ត្រាលី គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយម៉ាកអង្ករ ២ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​និង​សេដ្ឋកិច្ច

អង្ករជាទំនិញនាំចេញដ៏សំខាន់សម្រាប់កម្ពុជា ដោយអង្ករក្រអូបបង្ហាញពីសក្តានុពលដ៏ជោគជ័យ។ ជាមួយ​នឹងការកើនឡើងនៃការប្រកួតប្រជែងនៅក្នុងតំបន់ ការរំពឹងទុកនៃកំណើននាំចេញកំពុងស្ថិតក្រោម​ការគំរាម​កំហែង ដូច្នេះទើបមានតម្រូវការបន្ទាន់ ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយទំនិញទាំងនេះ ទៅកាន់ទីផ្សារ​អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដែលជាកម្មវិធីអភិវឌ្ឍន៍អូស្ត្រាលីដ៏ធំបំផុត​នៅ​កម្ពុជា បានគាំទ្រដល់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការអភិវឌ្ឍម៉ាកសញ្ញា ពាណិជ្ជសញ្ញា និងយុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បីដោះស្រាយបញ្ហាគម្លាតទីផ្សារ។

CAVAC សហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានកសិកម្ម, វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា, សហព័ន្ធស្រូវអង្ករកម្ពុជា និងអ្នកពាក់ព័ន្ធផ្សេងៗទៀត បានដាក់ឱ្យដំណើរការនូវម៉ាកសមូហភាពនៃ ‘SKO’ អង្ករសែនក្រអូប និង ‘DSMK’ អង្ករដំណើបនៃពូជស្រូវដំណើបស្បៃមង្គល ដើម្បីពង្រឹងតម្លៃស្រូវ និងលើកកម្ពស់ជីវភាព​អាជីវកម្ម​ខ្នាតតូចនៅកម្ពុជា។ ពិធីសម្ពោធនេះមានការចូលរួមពីមន្ត្រីក្រសួង ស្ថាប័នរដ្ឋាភិបាល និងស្ថានទូតអូស្ត្រាលី​ប្រចាំរាជធានីភ្នំពេញ កាលពីចុងខែមិថុនា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ការលើកកម្ពស់ម៉ាក ‘SKO និង DSMK’ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការពង្រឹងអត្តសញ្ញាណអង្កររបស់កម្ពុជា និងជំរុញការប្រកួត​ប្រជែង​នៃវិស័យអង្ករក្នុងប្រទេស ជាពិសេសការវាយលុកទីផ្សារអន្តរជាតិ។ ខ្ញុំសូមអរគុណ កម្មវិធី CAVAC ដែលបានគាំទ្រវិស័យកសិកម្ម ហើយយើងសង្ឃឹមថានឹងមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បី​លើក​កម្ពស់កសិឧស្សាហកម្ម និងការនាំចេញរបស់កម្ពុជា”។

គួរបញ្ជាក់ថា ការនាំចេញ​ស្រូវ​-​អង្ករ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ មាន​បរិមាណ​សរុប​ជាង ២ ​លាន​តោន ដោយ​ប្រមូល​បាន​ប្រាក់​ជាង ៦១៥ ​លាន​ដុល្លារ កើន​ជិត ១០០ ​លាន​ដុល្លារ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ អង្ករ​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២២ រួមមាន​អង្ករ​ក្រអូប​គ្រប់​ប្រភេទ ២០៧ ២៧១ ​តោន ស្មើនឹង ៦៣,៣៥ ​ភាគរយ​នៃ​បរិមាណ​នាំចេញ​សរុប​, អង្ករស ១១៣ ៦១៧ ​តោន ស្មើ ៣៤,៧២ ​ភាគរយ និង​អង្ករ​ចំហុយ​គ្រប់​ប្រភេទ ៦ ៣១២ ​តោន ស្មើនឹង ១,៩៣ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​៕