រាជរដ្ឋាភិបាល បន្ថែមចំនួនគណៈអភិបាលដល់ ១៧០៣ នាក់ សរុបទូទាំងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ​​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រកម្ពុជា ​​បាន​សម្រេច​ចេញ​អនុក្រឹត្យ បន្ថែម​ចំនួន​គណៈអភិបាល​រាជធានី ខេត្ត និង​គណៈអភិបាល​ក្រុង ស្រុក ខណ្ឌ ​​ច្រើន​ជាង​មុន​ ដែល​មាន​ចំនួន​សរុប​ដល់​ទៅ ១៧០៣​ នាក់ នៅ​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈអនុក្រឹត្យ​​ថ្មី​នេះ ​​ចំនួន​គណៈអភិបាល​រាជធានី ខេត្ត គឺ​មាន​ចំនួន​១១​នាក់ ទាំង​២៥​រាជធានី ខេត្ត ​មាន​ន័យ​ថា អភិបាល​រាជធានី ខេត្ត​ ១នាក់ ​មាន​អភិបាល​រង​រាជធានី ខេត្ត​ ចំនួន ១០​នាក់។ ចំណែក​ឯ​ ចំនួន​គណៈភិបាល​​​ក្រុង​ ស្រុក​ ខណ្ឌ ​គឺ​មាន​ ៧​នាក់ ស្មើៗ​គ្នា ដែល​មាន​ន័យ​ថា អភិបាល​មួយ​រូប​ គឺ​មាន​អភិបាល​រង​​ក្រុង ស្រុក ខណ្ឌ​ ចំនួន ៦​នាក់។ ​​សូម​បញ្ជាក់​ថា បច្ចុប្បន្នប្រទេស​​កម្ពុជា ​​មាន​ ២៥​រាជធានី ខេត្ត និង​មាន​ ២០៤ ក្រុង ស្រុក ខណ្ឌ។​

គួរបញ្ជាក់ថា ការ​សម្រេច​បន្ថែម​ចំនួន​អភិបាល​នេះ ​ធ្វើ​ឡើង​បន្ទាប់ពី​ មាន​ការ​ធ្វើ​វិសោធនកម្ម​​មាត្រា១៤០ នៃ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​ប្រកាស​ឱ្យ​ប្រើ​ដោយ​​ព្រះ​មហាក្សត្រ ​ កាល​ពី​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ២០២២។ ​

មាត្រា១៤០ ថ្មី ​​បាន​ចែង​ថា៖

– គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១រូប។
– គណៈអភិបាលខេត្តមានចំនួនពី ៧រូប ទៅ ១១រូប។
– គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥រូប ទៅ ៧រូប។

ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​កំណត់ដោយអនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។

រីឯ មាត្រា ១៤០ ចាស់ បានចែងថា៖

– គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ៧រូប។
– គណៈអភិបាលខេត្តមានចំនួនពី ៣រូប ទៅ ៧រូប។
– គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៣រូប ទៅ ៥រូប។

ចំនួនជាក់ស្តែងនៃគណៈអភិបាល សម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​កំណត់ដោយអនុក្រឹត្យ​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ៕