អ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាចបង់ប្រាក់តាមវិធី ២យ៉ាង

សង្គម​និង​សេដ្ឋកិច្ច

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គិតត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សម្រេចបាន៩៥%ហើយ គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃ​រយៈពេលមួយខែ ប៉ុន្តែក្រោយ​​រយៈពេល​​មួយ​ខែ​នោះ ​​នឹង​ត្រូវ​គិត​ថ្លៃ ​​ដែល​អ្នក​ប្រើប្រាស់​ផ្លូវ​នេះ​ ​​អាច​បង់​ប្រាក់​​តាម​ ២​​របៀប។ នេះ​បើ​តាម​ប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្រុមហ៊ុន​នឹងចាប់ផ្តើមយកថ្លៃនៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្តអាច​​​មាន​ជម្រើស​ពីរ​គឺ​ ១)ទិញ​កាត​អេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្ត​របស់ខ្លួនជួយ​ឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញ​នៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ អ្នកធ្វើដំណើរ​ក៏អាចទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់ ។ ២)ក្នុងករណី​គ្មាន​កាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យានយន្ត ហើយ​ពេលធ្វើ​ដំណើរ​ចាកចេញច្រកណាមួយ បុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញ​ពី​តម្លៃត្រូវទូទាត់។

ទាក់ទងនឹងតម្លៃធ្វើដំណើរវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា គិតជាមធ្យមនៅប្រទេសគេ ថ្លៃ​ធ្វើ​ដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុង​ឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន​២៤ដុល្លារអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក​ហើយនៅឆ្នាំទីពីរក្រុមហ៊ុន​នឹង​ពិនិត្យ​យក​តម្លៃធ្វើ​ដំណើរ​យោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខា​ជាមួយក្រុម​ហ៊ុន​សាងសង់។

សូមបញ្ជាក់​ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ ដែលបាន​បើក​ការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕