គម្រោង​បង្កើតរោងចក្រផ​លិតស​​ម្ភារ​សំណ​ង់​ត្រូវ​បា​ន​កិច្ចប្រ​ជុំអ​ន្តរ​​ក្រ​សួងអនុម័ត

សង្គម​និង​សេដ្ឋកិច្ច

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើ​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោង​បង្កើតរោងចក្រផលិតសម្ភារសំណង់(Concrete Block/ Brick & Precast Concrete) គ្រប់ប្រភេទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងលើអត្ថបទព័ត៌មានដែលចេញផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងបន្តថាគម្រោង​បង្កើតរោងចក្រផលិតសម្ភារសំណង់(Concrete Block/ Brick & Precast Concrete) គ្រប់ប្រភេទលើផ្ទៃដីទំហំ ២៨.៦៧០ម៉ែត្រក្រឡា ដែលមានទីតាំង​ស្ថិតនៅក្នុងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំ​របាយការណ៍វាយ​តម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន។ 

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួម​ពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង​ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ​នៃក្រសួងបរិស្ថាន និង អគ្គលេខាធិការ  ដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអ​ភិវឌ្ឍន៍កម្ពុជា មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ តំណាងនាយកដ្ឋានវាយត​ម្លៃហេតុ​ប៉ះ​ពាល់ បរិស្ថាន តំណាងក្រុមហ៊ុន យ៉ុង ដេ ស៊ីន (ខេមបូឌា) ឯ.ក (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាតិ៍ ហ្រ្គីន ចំនួន​ ៣២នាក់។ 

ជារួម​ អង្គប្រជុំ​បានទទួលលទ្ធផល​ ដូចខាងក្រោម៖ ១-​ អង្គប្រជុំ​ បានគាំទ្រចំពោះ​គម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់នេះ។ ២-​ ក្រុមហ៊ុន​ម្ចាស់គម្រោង​ ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួល​របាយការណ៍​នេះ​ស្របតាមស្មារតីអង្គប្រជុំ​។ ៣-​ ក្រុមហ៊ុន​ ត្រូវត្រួតពិនិត្យគុណភាពផេះ​ដែលយកទៅផលិតឱ្យមានគុណភាពល្អ ចៀសវាងបង្កបញ្ហាដល់អ្នកប្រើប្រាស់។ ៤-​ ក្រុមហ៊ុន​ ត្រូវត្រួតពិនិត្យឡចំហាយចំពោះការបញ្ចេញ​ផ្សែងនេះឱ្យស្ថិតនៅក្រោមស្តង់​ដាររបស់ក្រសួងបរិស្ថាន។ លើស​ពីនេះ​ក្រុមហ៊ុនត្រូវធ្វើការអប់រំ បណ្តុះបណ្តាលដល់​បុគ្គលដែលបញ្ជាលើឡចំហាយ​ ហើយត្រូវទទួលស្គាល់ពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា​ និង​នវានុវត្តន៍។ ៥-​ ក្រុមហ៊ុន​ ត្រូវរៀបចំគ្រប់គ្រងសំណល់រឹង/រាវឱ្យបានត្រឹម​ត្រូវចៀសវាងប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់គម្រោង។ ៦-​ ក្រុមហ៊ុន​ ត្រូវកាត់បន្ថយការបំពុលខ្យល់ដែលចេញពីការ ក្រឡុកស៊ីម៉ងត៍ និងការដឹក​សម្ភារ​សំណង់ធ្វើការគ្រប និងដាំដើមឈើក្នុងទីតាំងគម្រោង ព្រមទាំងធ្វើការសម្អាតជាប្រចាំ​ ដើម្បីកាត់បន្ថយការហុយធូលីឱ្យត្រឹមត្រូវ។ ៧-​ ក្រុមហ៊ុន​ត្រូវរៀបចំកន្លែងស្នាក់​នៅរបស់បុគ្គលិក-កម្មករឱ្យបានត្រឹមត្រូវ ករណីកំពុងសាងសង់​ ក្រុមហ៊ុនមិនត្រូវអនុ​ញ្ញាតឱ្យកម្មករ​សម្រាកនៅក្នុងអគារនោះទេ។ ៨-​ ក្រុមហ៊ុន​ត្រូវអប់រំបុគ្គ​លិក-កម្មករ​អំពីសុខភាព និងសុវត្ថិភាព ក្នុងការបំពេញ​ការងាររួមទាំងផ្តល់ឧបករ​ណ៍សុវត្ថិភាព​ក្នុងការបំពេញការងារ។ ៩-​ ក្រុមហ៊ុន​ ត្រូវផ្តល់ប័ណ្ណ​ ប.ស.ស ដល់បុគ្គលិក-កម្មករ ដើម្បីឱ្យពួកគាត់ទទួលបានផ្នែកការពារព្យាបាលសុខភាពសង្គម។ ១០-​ ក្រុមហ៊ុនម្ចាស់​គម្រោង​ ត្រូវសហការជាមួយជំនាញពាក់ព័ន្ធឱ្យបានល្អប្រសើរ។ ១១-​ ក្រុមហ៊ុន​ ត្រូវរៀបចំស្លាកសញ្ញាចរាចរណ៍ចេញ-ចូល និងអប់រំដល់អ្នកបើកបរចៀសវាងគ្រោះថ្នាក់ចរាចរណ៍ ៕ AKP