កាន់តែតានតឹង ខណ:ចិនបញ្ជូននាវាចម្បាំង និងយន្តហោះ ឆ្លងចូលជិតព្រំដែនកោះតៃវ៉ាន់

អន្តរជាតិ

យោងតាមក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា នាវាចម្បាំង និងយន្តហោះចម្បាំងរបស់ប្រទេសចិន បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ​ ខណ:ភាពតានតឹងបានកើនឡើង នៅក្នុងតំបន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានមកដល់ នៅក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន CNN មុននេះបន្តិច ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយទៀតថា កងកម្លាំងកងទ័ពរំដោះប្រជាជនចិន (PLA) បានឆ្លងកាត់ខ្សែបន្ទាត់មធ្យម ដែលជាចំណុចកណ្តាលនៃផ្លូវខណ្ឌចែករវាងកោះតៃវ៉ាន់ និងចិនដីគោក ។ ហើយបើទោះបីជាខ្សែបន្ទាត់នេះ ធ្លាប់ជាព្រំដែនមិនផ្លូវការក៏ដោយ ប៉ុន្តែវាត្រូវបានគោរពយ៉ាងទូទាំងទូលាយ រវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ ។

មិនតែប៉ុណ្ណោះ ក្រសួងដដែលនេះ បានបន្ថែមទៀតថា យោធារបស់តៃវ៉ាន់ បានឆ្លើយតបជាមួយនឹងការព្រមានតាមវិទ្យុទាក់ទង ហើយបានដាក់កម្លាំងល្បាតតាមអាកាស នាវាកងទ័ពជើងទឹក និងប្រព័ន្ធកាំជ្រួចនៅលើច្រាំង ឱ្យមានការប្រុងប្រយ័ត្នជានិច្ច ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ ចិនបានបើកការសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួន ជាមួយនឹងការបាញ់បង្ហោះមីស៊ីល រំលងពីលើកោះតៃវ៉ាន់ និង ៥ គ្រាប់បានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្តាច់មុន របស់ប្រទេសជប៉ុន ៕