អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារលិខិតអបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច ព្រមទាំងបុត្រាបុត្រី សូមគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូបរបស់កម្ពុជា បានលះបង់អស់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាមួយទឹកចិត្ត ឆន្ទៈមនសិកាស្នេហាជាតិ និងប្រជាជនយ៉ាងជ្រាលជ្រៅ ក្នុងការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ កម្ពុជាជាប្រទេសដែលបានរងការយាយី និងបំផ្លាញខ្ទេចខ្ទីព្រោះតែភ្លើងសង្គ្រាម។

ក្នុងនាមជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨៥មក សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ និងប្តូរផ្តាច់យ៉ាងខ្លាំងក្លាបំផុត។ ក្រោមកិច្ចប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងឥតសន្សំសំចៃកម្លាំងកាយចិត្ត និងបញ្ញាញាណ សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាដែលរុំព័ទ្ធដោយផ្សែងនៃភ្លើងសង្គ្រាម រុំព័ទ្ធដោយភាពក្រីក្រ ក្លាយទៅជាប្រទេសមួយមានសុខសន្តិភាព មានការអភិវឌ្ឍ និងទទួលបានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។

ការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាការទទួលស្គាល់ចំពោះស្នាដៃដ៏ចំណានរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា ឱ្យមានភាពចម្រើនលូតលាស់ ប្រជាពលរដ្ឋរស់នៅក្នុងវិបុលភាព។ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ គឺជាការផ្តល់តម្លៃយ៉ាងខ្ពស់ខ្ពស់បំផុតចំពោះមគ្គុទ្ទេសក៍ឯករបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងភាពជាអ្នកដឹកនាំ និងជាអ្នកកសាងអភិវឌ្ឍន៍ដ៏អស្ចារ្យមួយរបស់សង្គមកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លៃនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះប្រទានពរជ័យជូនចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព