ថវិកាជាង ៣៨៣លានដុល្លាររបស់ជប៉ុន កម្ពុជាចុះហត្ថលេខាទទួលរួចរាល់ ដើម្បីអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ជាង ៣៨៣លានដុល្លារបន្ថែមទៀត រួចរាល់នៅព្រឹកថ្ងៃសៅរ៍ទី៦សីហានេះ សម្រាប់អភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក ហាយ៉ាហ្ស៉ី យ៉ូហ្ស៉ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាវិមានសន្តិភាព។

ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។

គម្រោងស្តារ និងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុនេះ គឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងជប៉ុន។ ក្នុងនោះជាសមិទ្ធផលមួយកើតចេញពីកិច្ចប្រឹងប្រែងរបស់លោក អាបេ ស៊ិនហ្សូ ពេលលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។ នេះបើតាមការឱ្យដឹងក្នុងពិធីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទីសុក្រសប្តាហ៍នេះ៕