តើការគាំទ្ររបស់ចិនអាចឲ្យកម្ពុជាឈានប្រែក្លាយជាខ្លាសេដ្ឋកិច្ចនៃអាស៊ីបានដែរឬ?

សង្គម​និង​សេដ្ឋកិច្ច

ក្នុងដំណើរទស្សនកិច្ចផ្លូវការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ថ្លែងនៅចំពោះមុខមេដឹកនាំកម្ពុជាបានបញ្ជាក់ថា៖ «ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ប្រមុខការទូតចិន ថា៖ «ទំនាក់ទំនងទ្វេភាគីកម្ពុជា ចិន គឺបានចាក់គ្រឹះយ៉ាងមាំ ហើយក៏មានទំនាក់ទំនងស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន»។ សម្ដេចតេជោ ថ្លែងថា៖ «សម្រាប់កម្ពុជាបាននឹងបន្តរៀបចំ ហើយធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគីនេះ មិនមានការប្រែប្រួល ដោយមានអ្នកបន្តវេន ជាពិសេសនៅក្នុងការងារទៅមុខទៀតនេះ នូវគ្រប់វិស័យទាំងអស់ដែលមានស្រាប់រវាងប្រទេសទាំងពីរ ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗទៀតដែលមាននាពេលបច្ចុប្បន្ន»។

ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្ម លោក វ៉ាង យី បានអះអាងថា ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។ ពាក់ព័ន្ធនឹងជើងហោះហើរ លោកប្រមុខការទូតរូបនេះ ក៏បានបញ្ជាក់ដែរថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងកូវីដ១៩ លោកទីប្រឹក្សារដ្ឋចិន បានគូសបញ្ជាក់បន្ថែមថា នៅពេលណាកម្ពុជាមានតម្រូវការវ៉ាក់សាំងបង្ការកូវីដ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។

សម្រាប់កម្ពុជាខ្លួនឯងវិញ ក៏បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូរជាមួយបណ្តាប្រទេសជាច្រើននៅលើពិភពលោក ប៉ុន្តែកម្ពុជាមានភាពឆ្លៃវ៉ៃក្នុងចាប់យកប្រទេសមហាយក្សចិនជាខ្នងបង្អែកទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត និងនយោបាយ។

បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច ដាក់ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចឆ្នាំ២០២២នេះ គឺមានការចូលរួមចំណែកពីវិស័យជំរុញកំណើនសេដ្ឋកិច្ចសំខាន់ៗមួយចំនួនដូចជា៖ វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម។

ការបន្តកើនឡើងនៃវិស័យសំខាន់ៗទាំងអស់នេះ​ ធ្វើឱ្យក្រសួងសេដ្ឋកិច្ចបន្តដាក់ក្តីសង្ឃឹមកាន់តែខ្ពស់ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងវិលត្រឡប់ទៅរកអត្រា៧% ក្នុងឆ្នាំ២០២៤ខាងមុខ ខណៈក្នុងឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ចព្យាករណ៍ថា នឹងកើនចំនួន ៦,៧%។

សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ បើយោងតាមការព្យាករចុងក្រោយរបស់ធនាគារពិភពលោក ខណៈដែលធនាគារជាតិនៃកម្ពុជា បានព្យាកថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងកើនដល់ ៥,៣% ភាគរយ ដែលខ្ពស់ជាងការព្យាករណ៍ដែលកំណត់ត្រឹម ៣% ។ 

បើរបាយការណ៍ធនាគារពិភពលោក ថ្វីដ្បិតតែសេដ្ឋកិច្ចមានសន្ទុះខ្លាំងក៏ពិតមែន ដំណើរស្តារឡើងវិញបែរជាជួបសភាពយឺតយ៉ាវដោយសារតែការស្រុតចុះនូវតម្រូវការលើទីផ្សារសកល។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និង​ស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែធំឡើង ហើយនៅកម្ពុជា គ្រួសារក្រីក្រនិងងាយរងគ្រោះដែលមិនសូវមានប្រាក់សន្សំ ទំនងជា​ត្រូវរងទម្ងន់នៃការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ។ ឱនភាពបញ្ជីសារពើពន្ធត្រូវបានរំពឹងទុកថានឹងកើនដល់ ៦,៣ភាគរយនៃផ.ស.ស ដោយសារតែរដ្ឋាភិបាលចាំបាច់ត្រូវបន្តធ្វើការចំណាយទៅលើកម្មវិធីនានាដើម្បីជួយដល់ជនក្រីក្រ។

បើមើលសន្ទុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេល ៥ឆ្នាំ ចុងក្រោយមុនវិបត្តិកូវីដ កម្ពុជាគឺដើរស្របនឹងគន្លងនៃកំណើនសេដ្ឋកិច្ចនៃប្រទេសសិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េ ក្នុងចន្លោះឆ្នាំ ១៩៦០ និងឆ្នាំ ១៩៩០  ពោលគឺចន្លោះ ៦% ក្នុង១ឆ្នាំ។ កំណើនសេដ្ឋកិច្ចក្នុងអត្រានេះ បានធ្វើឱ្យប្រទេសទាំងនេះជាប់ខ្លានៃអាស៊ី ដូច្នេះកម្ពុជាក៏មានឱកាសខ្ពស់ដែរ។

ថ្មីៗនេះ កម្ពុជាក៏បានអនុម័តច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តនានា ក្នុងការទាក់ទាញវិនិយោគិន។ លើសពីនេះ កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ជាច្រើន ពិសេសជាមួយប្រទេសចិន និងកូរ៉ ​ ជាដើម។

ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏មានផែនការជាច្រើន ក្នុងទិសដៅជំរុញសេដ្ឋកិច្ច ដូចជាគម្រោងប្ដូរខេត្តព្រះសីហនុជាបណ្ដុំសេដ្ឋកិច្ចពហុបំណង និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ទឹក និងអាកាស ដូចជាគម្រោងផ្លូវល្បឿនលឿន ជាដើម។ ទាំងនេះ នឹងធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញនៅកម្ពុជាកាន់តែទាប ដែលជាកត្តាប្រកួតប្រជែងធំមួយ។

បន្ថែមទៀតនោះ កម្ពុជាមានប្រជាជនវ័យក្មេងធ្វើការច្រើន ដែលជាកំលាំងចលករសំខាន់ សម្រាប់ការវិនិយោគបើកជារោងចក្រ និងក្រុមហ៊ុននានា បើទោះបីបច្ចប្បន្នកម្ពុជាមានពលករសម្រុកទៅធ្វើការនៅក្រៅប្រទេសក៏ដោយ។ ស្របពេលវិស័យអប់រំ ត្រូវបានគេមើលឃើញថា កំពុងខិតខំប្រឹងវិវត្តន៍វិស័យអប់រំប្រកបដោយធនធានមនុស្សមានគុណភាពជាងមុន។

សម្រាប់វិស័យទេសចរណ៍ កម្ពុជា បើកចំហរជើងមេឃទទួលបរទេសច្រើនជាងមុន ព្រមជាមួយសេវាទេសចរណ៍ ការកម្សាន្ត និងសេវាបដិសណ្ឋារកិច្ចដែលមានស្ដង់ដា និងចម្រុះជាងមុន។ ដោយឡែកសម្រាប់ពាក់ព័ន្ធនឹងវិស័យថាមពល វិញកម្ពុជាក៏ធ្លាប់បានអះអាងខ្លួនមានសក្តានុពលផ្នែកឋាមពល ខណៈដែលភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ។

វិស័យដឹកជញ្ជូន ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងគាំទ្រ និងផ្តល់ជំនួយមកឲ្យកម្ពុជាធ្វើការសាងសង់។ ជាឧទាហរណ៍ស្រាប់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានដើរតួនាទីសម្រួលការដឹកជញ្ជូនបានកាន់តែលឿន និងសន្សំសំចៃ។ ផ្លូវល្បឿនលឿននេះតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ ដែលធ្វើឱ្យវាកាន់តែងាយស្រួល និងឆាប់រហ័សក្នុងការផ្ទេរទំនិញទៅកាន់ខេត្តជាប់មាត់សមុទ្រផ្សេងទៀតដូចជាខេត្តកំពត កែប និងខេត្តកោះកុង។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧.០៥គីឡូម៉ែត្រ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ បន្ទាប់ពីការសាងសង់ប្រមាណអស់រយៈពេល ៤៨ ខែ ដែលចំណាយអស់ទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារ ផ្លូវល្បឿនលឿនដំបូងបង្អស់របស់ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននៅក្នុងខែតុលាឆ្នាំនេះ។

គម្រោងនេះ ក៏បានធ្វើឱ្យខេត្ត ដែលស្ថិតនៅតាមបណ្ដោយខ្សែផ្លូវល្បឿនលឿននេះ ទទួលបាននូវកំណើនវិនិយោគ និងឱកាសថ្មីៗផងដែរ ជាក់ស្តែងគឺខេត្តកំពង់ស្ពឺ បាន និងកំពុងទាក់ទាញបាននូវគម្រោងរោងចក្រជាច្រើន ដោយសារកត្តាភូមិសាស្ត្រអំណោយ ផលផង និងស្ថិតនៅក្បែរគម្រោងនេះផង ដែលបានតភ្ជាប់ទៅដល់ខេត្តព្រះសីហនុដែល ជាខេត្តពហុបំណង ដែលមានកំពង់ផែទឹកជ្រៅស្តង់ដារសម្រាប់នាំចេញនូវទំនិញ ទៅកាន់ទីផ្សារក្រៅប្រទេស។

គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមជម្រាបជូនថា ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅត្រីមាសទី១ឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់៨រយលានដុល្លារអាមេរិក កើនឡើងជាង៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះ ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរមានរួមគ្នា។

បើ​តាម​ទិន្នន័យ​ខាង​គយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា លើ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ចិន​មាន​ទឹកប្រាក់​ត្រឹមតែ​ជាង ៣២១​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​នៅ​ត្រឹ​មាស​ទី​១​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​៣,៥% បើ​ធៀប​នឹង​ត្រីមាស​ទី​១​កាលពី​ឆ្នាំ​២០២១ ខណៈ​ការ​នាំ​ចូល​ពី​ចិន​មក​កម្ពុជា​មាន​ទឹកប្រាក់​ជាង ២​ពាន់​៥៥០​លាន​ដុល្លារ​កើនឡើង​ជាង ៣៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដែល​មាន​ត្រឹមតែ​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​៕