កំណត់ត្រាថ្មីសម្រាប់លោក ប្រាក់ សុខុន ដែលមានកិច្ចប្រជុំទ្វេភាគីជាង ១៥ប្រជុំ ក្នុងរយៈពេល៥ថ្ងៃ

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី៤ និងទី៥ ខែសីហា ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចំនួនប្រាំពីរ រួមមាន អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-សហរដ្ឋអាមេរិក អាស៊ាន-រុស្ស៊ី អាស៊ានបូកបីលើកទី២៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១២ និងវេទិកាតំបន់អាស៊ានលើកទី២៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក៏មានកិច្ចប្រជុំបូកមួយចំនួន លោក ប្រាក់ សុខុន បញ្ជាក់ថាមិនបានចូលរួម ក៏ព្រោះតែកិច្ចប្រជុំខ្លះធ្វើឡើងជាន់គ្នា ប៉ុន្តែលោកតែងតែវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងការចូលរួមជាហូរហែពីដៃគូរបស់អាស៊ានទាំងអស់នោះ ដល់សហគមន៍អាស៊ាន ក៏ដូចជាតំបន់ទាំងមូល។

លោក ប្រាក់ សុខុន ថ្លែងថា៖ «ដៃគូរបស់យើងនៅតែបន្តជាតួអង្គសំខាន់ចំពោះចក្ខុវិស័យ និងគោលបំណងស្នូលរបស់អាស៊ាន។ ទោះបីជាមានការយល់ឃើញខុសគ្នាខ្លះក៏ដោយ យើងសង្ឃឹមថាដៃគូទាំងឡាយនឹងផ្តល់អាទិភាពដល់ផលប្រយោជន៍រួម សន្តិភាពយូរអង្វែង និងវិបុលភាពកាន់តែធំធេង»។

លោកបន្តថា៖ «ប្រហែលជាកំណត់ត្រាថ្មីសម្រាប់ខ្ញុំហើយ ដែលមានកិច្ចប្រជុំទ្វេភាគីជាង ១៥ប្រជុំ ក្នុងរយៈពេល៥ថ្ងៃ ក្នុងអំឡុងកិច្ចប្រជុំធំៗប្រចាំឆ្នាំ សប្តាហ៍នេះហត់នឿយបន្តិច ប៉ុន្តែការប្រឹងប្រែងនេះមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន»។

បើតាមប្រមុខការទូតកម្ពុជា នៅក្នុងយុគសម័យនៃជំងឺរាតត្បាត ពិតជាពិបាកជួប និងប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែលោករីករាយដែលភាពស៊ាំនឹងជំងឺនេះបាននិងកំពុងកើនឡើងជាលំដាប់ ជាពិសេសនៅក្នុងតំបន់។ យ៉ាងណាមិញ លោកសង្កត់ធ្ងន់ថា សមរភូមិមួយនេះគឺមិនទាន់ចប់នៅឡើយ ហើយត្រូវតែបន្តប្រយុទ្ធប្រឆាំងនឹងវិបត្តិសុខភាពពិភពលោកដោយសារកូវីដ-១៩ ឬជំងឺរាតត្បាតផ្សេងៗក្តី។

សម្រាប់លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា លោកតែងតែត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយសមភាគីទាំងអស់ដើម្បីផលប្រយោជន៍រួម ហើយសង្ឃឹមថានឹងជួបរដ្ឋមន្រ្តី មន្រ្តីការទូតទាំងអស់នោះម្តងទៀតក្នុងពេលឆាប់ៗ។

ទន្ទឹមនឹងនោះ លោក ប្រាក់ សុខុន ក៏បានបង្ហាញពីតួនាទីរបស់លោក គឺលោកស្រី ខេង សំវ៉ាដា បានដឹកនាំគណៈប្រតិភូជាភរិយា និងស្វាមី នៃបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីទៅទស្សនារមនីយដ្ឋានទេសចរណ៍នានា។

លោកបន្ថែមថា៖ «ខណៈពេលដែលខ្ញុំ និងសមភាគី កំពុងរវល់ កាន់ប៊ិច ក្រដាស និងសុន្ទរកថា មមាញឹក ជាមួយកិច្ចប្រជុំ និងជំនួបជាច្រើន យើងមិនមើលរំលងអត្ថប្រយោជន៍នៃការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់ទំនាក់ទំនងរវាងមនុស្សនិងមនុស្សឡើយ»។

លោកបន្ថែមទៀត៖ «ខ្ញុំសូមអរគុណភរិយារបស់ខ្ញុំដែលបានបង្ហាញ ភរិយាស្វាមីរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំ ពីទីតាំងជាច្រើនរបស់កម្ពុជាដូចក្នុងកម្រងរូបភាពទាំងអស់នេះ រួមមានដូចជាព្រះបរមរាជវាំង សារមន្ទីរជាតិ ការតាំងពិពណ៌ផលិតផលខ្មែរ និងហាងលក់វត្ថុអនុស្សាវរីយ៍ ហើយជាពិសេសទស្សនកិច្ចទៅទីតាំងប្រវត្តិសាស្ត្រអង្គរដ៏ល្បីរបស់យើងនៅខេត្តសៀមរាប»