ចាប់ពីថ្ងៃបើកការដ្ឋាន ក្រុមហ៊ុន Renaissance បង់សួយសារអាករជូនរដ្ឋជាង ៥លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអូស្ត្រាលី Renaissance ចម្រាញ់រ៉ែមាសបានចំនួន៣,៥៤៣គីឡូក្រាម និងបានបង់សួយសារជាង៥លានដុល្លារជូនរដ្ឋ គិតត្រឹមដើមខែសីហា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នាព្រឹកថ្ងៃទី៩ ខែសីហានេះ លោក អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឲ្យដឹងថា៖ «មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ផលិតមាសគិតជាដុំបានចំនួន ២៣២ដុំ បើគិតជាគីឡូក្រាម មានចំនួន ៣,៥៤៣គីឡូក្រាម គិតត្រឹមដើមខែសីហា ឆ្នាំ២០២២។ ចំពោះចំណូលសួយសារក្រុមហ៊ុនបានបង់ចូលរដ្ឋ ចំនួនជាង៥លាន១សែនដុល្លារ»។

លោក អ៉ឹង ឌីប៊ូឡា បានបញ្ជាក់ថា មានតែក្រុមហ៊ុន Renaissance មួយទេ ដែលបានផលិតរ៉ែមាសជាផ្លូវការ។ ខណៈកាលពីថ្ងៃទី៤ ខែសីហាប៉ុន្មានថ្ងៃមុននេះមានក្រុមហ៊ុន Delcom Cambodia ក៏បានចាប់ផ្តើមសាកល្បងផលិតមាសរបស់ខ្លួន ដោយផលិតបាន២០គីឡូក្រាម ហើយផលិតជាដុំ ក្នុង១ដុំមួយគីឡូ។

សូមជម្រាបថា ក្រុមហ៊ុន Renaissance Minerals គឺជាក្រុមហ៊ុនទី១ ហើយជាខ្នាតអន្ដរជាតិ ដែលអាចចាប់ផ្ដើមផលិតមាស ជាលើកដំបូង នៅប្រទេសកម្ពុជា ដែលដាក់ឲ្យដំណើរការជាផ្លូវការ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរីរបស់ខ្លួន កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១៕