ទៅ​សួរ​សុខទុក្ខ​​អតីត​គ្រូ​បង្រៀន​ បែរ​ជា​ឃើញអតីត​ផ្ទះ​​មេ​អាវុធហត្ថ​ក្រុង​ភ្នំពេញ​កាលពី ៣០ ឆ្នាំ​មុន

សង្គម​និង​សេដ្ឋកិច្ច

ថ្មីៗ​នេះ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ​អតីតសិស្សសាលាបាក់ទូក​ចុះ​ទៅ​សួរសុខទុក្ខ​អ្នកគ្រូនៃសាលាបាក់ទូកចំនួន ០២ នាក់ ដែលចូលនិវត្ត​និង​មាន​ជំងឺ​ប្រចាំកាយ​ ដោយ​នាំ​យក​ថវិកា​ អាហារ​និង​របស់របរ​ប្រើប្រាស់​មួយ​ចំនួនទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្វីដែលភ្ញាក់ផ្អើល​មិន​នឹកស្មានដល់ គឺ​ផ្ទះអ្នកគ្រូម្នាក់​ដែល​​​មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​ចុះ​សួរ​សុខទុក្ខ​គឺ​ជាផ្ទះដែលលោកធ្លាប់រស់នៅកាលពីជាង ៣០ ឆ្នាំមុននៅពេលដែលលោកទើបរៀបការថ្មីៗ។

លោក​ រ័ត្ន ស៊្រាង បាន​រំលឹក​ថា ផ្ទះជាន់ទី១នេះហើយ ជាផ្ទះដែលលោកបានប្រជ្រៀតគ្នារស់នៅជាមួយភរិយា ព្រមទាំង​សាច់ថ្លៃ និងឪពុកម្តាយក្មេក រហូតបានកូនប្រុសទី១។

លោកបាន​បន្ត​ថា ក្រោយថ្នាក់លើផ្លាស់ប្តូរឲ្យទៅបំពេញការងារនៅតាមព្រំដែនវៀតណាម និងព្រំដែនថៃ លោក និងភរិយាព្រមទាំងកូន ក៏បានចាកចេញពីផ្ទះដ៏កំសត់នេះ ទៅរស់នៅតាមតម្រូវការការងារ ហើយផ្ទះនេះក៏ត្រូវបានម្តាយក្មេកដាក់លក់បន្តគ្នា រហូតបានមកជាកម្មសិទ្ធិអ្នកគ្រូ ថាយ ឈីវ តែម្តង។

លោកបាន​ឲ្យ​ដឹង​ពីមនោសញ្ជេតនា​ នៅ​ពេល​បានឃើញផ្ទះអ្នកគ្រូ ថាយ ឈីវ នាពេលនេះបានធ្វើឲ្យលោកនឹកស្រណោះ​ដល់ថ្ងៃចាប់ដៃកសាងជីវិតជាមួយភរិយា និងធ្លាប់រស់នៅក្នុងផ្ទះកម្សត់កម្រនេះជាមួយគ្នា តាំងពីនៅបាតដៃទទេ រហូតរើចេញ ទើបត្រឡប់មកវិញម្តងទៀតក្នុងថ្ងៃនេះ បើទោះបីជាស្ថានភាពខ្លះនៃផ្ទះត្រូវបានផ្លាស់ប្តូរ តែមនោសញ្ចេតនារបស់លោក ដែលដិតដាមជាមួយផ្ទះនេះ គឺនៅតែជ្រាលជ្រៅដដែល។

អ្នកគ្រូ ថាយ ឈីវ អតីត​ជា​គ្រូ​បង្រៀន​នៅ​សាលាបាក់ទូក​បានចូលនិវត្តន៍ ហើយ​បច្ចុប្បន្ន​ចាស់​ជរានិងមានជំងឺ ទៅណាពុំរួចសម្រាកនៅតែផ្ទះ។ ដោយឡែក​អ្នកគ្រូ អៀង សុជាតិ ក៏​បានចូលនិវត្តន៍ដូចគ្នា ចាស់​ជរាជួបការលំបាកនិងមានជំងឺប្រចាំកាយលើសឈាម សម្រាកនៅផ្ទះដូចអ្នកគ្រូ ថាយ ឈីវ ផងដែរ។

គួរ​បញ្ជាក់ថា រយៈពេលជាង ៣០ ឆ្នាំមកដែលលោករ័ត្ន ស្រ៊ាង បានចាកចេញពីភ្នំពេញ ទៅបំពេញការងារនៅឯខេត្តជាប់ព្រំដែនវៀតណាម និងថៃ គឺលោកមិនដែលសូវបានជួបមុខអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក៏ដូចជាអតីតលោកគ្រូអ្នកគ្រូនោះទេ។

បន្ទាប់ពីលោកបានផ្លាស់ប្តូរពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មកបំពេញការងារជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ លោកក៏បានស្វះស្វែងរកជួបមិត្តភក្តិនិងអតីតលោកគ្រូអ្នកគ្រូ និងបានចងក្រងជាក្រុម ក្នុងបណ្តាញទំនាក់ទំនងសង្គម WhatsApp ជាច្រើនរយនាក់ ដើម្បីបានធ្វើការទំនាក់ទំនង​សួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា ជួយគ្នាទៅវិញទៅមក ជួយដល់អតីតលោកគ្រូអ្នកគ្រូ ជាពិសេសគឺបានរួមគ្នា​បរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធិផលនានាជាច្រើន ក្នុងសាលាដែលពួកខ្លួនធ្លាប់រៀនជាមួយគ្នា រហូតក្លាយទៅជាវប្បធម៌សាមគ្គីមួយ ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក ជាគំរូដល់អ្នកជំនាន់ក្រោយផងដែរ៕