បណ្ឌិតម្នាក់ តស៊ូតាំងពីក្មេងគ្មានស្បែកជើងពាក់ រហូតអាចទៅបង្ហាត់សិស្សនៅសហរដ្ឋអាមេរិក និងចិន

សង្គម​និង​សេដ្ឋកិច្ច

បណ្ឌិត សឹង រេត កើតចេញពីត្រកូលគ្រួសារក្រីក្រ​មួយ​ ធ្លាប់​មិនមានសូម្បីស្បែកជើងពាក់ និង​ធ្លាប់​ទៅ​លួច​មើល​គេ​សិក្សា​​ពី​ចម្ងាយ​ (ក្រៅ​បង្អួច)​​ ព្រោះ​គ្មាន​លុយ​បង់​ថ្លៃ​សាលា ​​ប៉ុន្តែ​ទី​បំផុត​លោក​បាន​តស៊ូ​ក្នុង​ជីវិត​ រហូត​រៀន​ចប់​ថ្នាក់​ក្រោយ​បណ្ឌិត​នៅ​ប្រទេស​បែលហ្សិក និង​​បាន​ក្លាយ​ជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​ ដែល​បាន​ទៅ​បង្ហាត់​បង្រៀន​សិស្ស​នៅ​​ប្រទេស​មហាអំណាច​ សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឯកឧត្តមបណ្ឌិត សឹត រេត

លោក​បណ្ឌិត​ សឹង រេត បាន​រៀប​រាប់​លើ​​ហ្វេសបុក ​​កាល​ពី​ថ្ងៃ​អង្គារ ទី​០៩ ខែ​សីហា ឆ្នាំ​២០២២​​ ថា លោក​ខិតខំរៀន បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតរៀនចប់ថ្នាក់បណ្ឌិត ក្រោមកម្មវិធីអាហារូបករណ៍​របស់រដ្ឋាភិបាលប្រទេសបែលហ្សិក​ និង​ថ្នាក់ក្រោយបណ្ឌិត នៅ​បែលហ្សិក។ បន្ទាប់មក លោក​បានក្លាយជា​សាស្ត្រាចារ្យ​សេដ្ឋកិច្ចក្នុងកម្មវិធី Fulbright Lecturing Program រយៈពេលមួយឆ្នាំសិក្សា ២០១៦-២០១៧ នៅរដ្ឋ Massachusetts សហរដ្ឋអាម៉េរិក ព្រមទាំងបានបម្រើការងារ​ដោយស្មោះត្រង់បំផុត​ទាំង​កម្លាំងកាយចិត្ត ជូនជាតិមាតុភូមិជាទីស្នេហានៃយើងទាំងអស់គ្នាចាប់តាំងពីឆ្នាំ១៩៩៨មក ហើយ​បច្ចុប្បន្ន​ លោក​បានសល់ទ្រព្យជាសៀវភៅមួយទូដែរ។

លោក​បាន​បន្ត​​ថា សូមអរគុណណាស់ ចំពោះកាដូទូដ៏ប្រណិតនេះ។ សម្រាប់សៀវភៅដ៏កំសត់​ទាំងនេះ ដែល​ស្ថិតក្នុងបាវអស់រយៈពេលជាច្រើនឆ្នាំ។ ក្នុងរយៈពេល១ឆ្នាំនៅសហរដ្ឋអាម៉េរិក លោក​មានឱកាសចែក​រំលែកអំពីជីវិតជាសិស្សក្នុងអំឡុងឆ្នាំ១៩៧៩-១៩៩២ និង ជីវិតជានិស្សិតស្នាក់នៅវត្ត ជាមួយព្រះសង្ឃ​ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិភ្នំពេញឆ្នាំ១៩៩៣-១៩៩៧ ដល់សិស្ស និង និស្សិតអាម៉េរិកជាច្រើនដង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះការអភិវឌ្ឍពីចំណុចសូន្យ​របស់កម្ពុជា រហូតដល់មានការរីចម្រើនលើគ្រប់វិស័យ ព្រមទាំងអំពីដំណើរការ​សិក្សាររបស់លោក តាំង​ពីក្មេងគ្មានទ្រនាប់ជើង (a boy without shoes) រហូតបានក្លាយជា​សាស្ត្រាចារ្យសេដ្ឋកិច្ច​បង្រៀននៅ​សហរដ្ឋអាមេរិក ។

បណ្ឌិត សឹង រេត កើត​ឆ្នាំ​១៩៧៣ (មុន​របប​ខ្មែរ​ក្រហម ២ឆ្នាំ) មាន​ស្រុក​កំណើត នៅ​ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ លោកចូលរៀន​ដំបូង​ឆ្នាំ​១៩៨០ និង​ចប់​បាក់ឌុប​ឆ្នាំ​១៩៩២ ​​ទើប​ឡើង​មក​រាជធានីភ្នំពេញ ​​បន្ត​រៀន​បរិញ្ញាបត្រ​​ផ្នែក​គណិត​វិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ។ ជីវិត​កូន​អ្នកស្រែ ឡើង​មក​ភ្នំពេញ​ពេល​នោះ លោក​បញ្ជាក់​ថា លោក​មិនចេះ​អង់គ្លេស​សូម្បី​មួយមាត់។ តែ​​ដោយ​ចិត្ត​ស្រឡាញ់​ការ​សិក្សា​ចង់​រៀន ​​​ពេល​ម៉ោង​សម្រាក​បាយ​ថ្ងៃ​ត្រង់ លោក​ក៏​ជិះ​កង់​ចាស់​​មួយ ​ទៅ​លួច​មើល​គេ​រៀន​អង់គ្លេស​នៅ​សាលា​​បាក់ទូក ពី​ចម្ងាយ (ក្រៅបង្អួច) ព្រោះ​គ្មាន​លុយ​បង់​ថ្លៃ​​រៀនគួរ​នឹង​គេ។

ការតស៊ូ​ទាំង​នោះ ​​ធ្វើ​ឱ្យ​លោក​មាន​ឱកាស​ជាប់​អាហារូបករណ៍ទៅរៀននៅប្រទេសបែលហ្សិក ២០០៣ លើ​កម្រិត​បណ្ឌិត​សេដ្ឋកិច្ច។ ក្រោយ​មក​ ក៏​ជាប់​ថ្នាក់​ក្រោយ​បណ្ឌិត​​​ថែម​ទៀត នៅ​ឆ្នាំ​២០០៩ ​​​​​ដោយ​ជាប់​លក្ខខណ្ឌ​ត្រូវ​​ធ្វើការ​ឱ្យ​ប្រទេស​បែលហ្សិក រយៈពេល​២​ឆ្នាំ ​​ប៉ុន្តែ​លោក​ធ្វើ​បាន​តែ​១​ឆ្នាំ ក៏​សុំ​គេ​​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ឆ្នាំ​២០១០ ព្រោះ​ចង់​ជួយ​ប្រទេស​កំណើត តាម​រយៈ​ជួយ​បណ្តុះបណ្តាល អ្នក​ជំនាន់​ក្រោយ។ ​​

លោកបណ្ឌិត ជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច ហើយ​ការងារស្រាវជ្រាវរបស់លោក​ ក៏ត្រូវបាន​ទទួល​ឱ្យធ្វើបទបង្ហាញនៅសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសហ្វីលីពីន ប្រទេសប៊ែលហ្ស៊ិក ប្រទេសកូរ៉េ​ខាងត្បូង ប្រទេសឥណ្ឌូនេស៊ី ប្រទេសសិង្ហបុរី និងប្រទេសថៃផងដែរ។ បច្ចុប្បន្ន ឯកឧត្តមក៏ជាសមាជិក​នៃក្រុមប្រឹក្សាត្រួតពិនិត្យនៃ Journal of Business and Management ហើយក៏ជាសមាជិក (Council of Fellows) នៃ East Asian and Economic Association (EAEA)។

បច្ចុប្បន្ន បណ្ឌិត សឹង រេត មានតួនាទីជា​​ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាទីប្រឹក្សាឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើ​រដ្ឋលេខាធិការផងដែរ។ លោក ក៏​ជា​សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និង​ជា​សាស្ត្រាចារ្យ​ជាន់​ខ្ពស់ ជួយ​ណែនាំ​ថ្នាក់​និក្ខេបទ​បណ្ឌិត​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា និង​​ជា​សាស្ត្រាចារ្យ​ជាន់ខ្ពស់ នៅ​​សាលាភូមិន្ទ​រដ្ឋបាល ផងដែរ៕