លោក គួច ចំរើន បញ្ជាឲ្យអាជ្ញាធរទប់ស្កាត់ និងបង្រ្កាបបទល្មើសធំៗ ដើម្បីសុវត្ថិភាពអ្នកវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ច ស្រាវជ្រាវទប់ស្កាត់ និងបង្រ្កាបបទល្មើសធំៗ ឲ្យបានទាន់ពេលវេលា ដើម្បីរក្សាបាននូវសុខសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគនៅក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខេត្តសេដ្ឋកិច្ចដ៏សកម្មរបស់កម្ពុជាមួយនេះ នៅរយៈពេលចុងក្រោយនេះ ឃើញមានករណីឃាតកម្ម និងបទល្មើសចម្រិតទាប្រាក់តាប្រព័ន្ធអនឡាញកើតឡើងជាច្រើនករណី ខណៈដែលអាជ្ញាធរបានដាក់ចេញបទបញ្ជារ និងវិធានការ ដើម្បីបង្ក្រាប។ ករណីឃាតកម្មភាគច្រើនបានកើតឡើងលើក្រុមវិនិយោគិនចិន ជាមួយជនជាតិចិនដូចគ្នា។

នៅក្នុងឱកាសចុះពិនិត្យវត្ថុតាង និងនាំយកថវិកាលើកទឹកចិត្តដល់កងកម្លាំង ដែលបានធ្វើប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនទទួលបានជោគជ័យ កាលពីរសៀលថ្ងៃទី ៩សីហា លោក គួច ចំរើន បានគូសបញ្ជាក់ថា បញ្ហាទាំងនេះត្រូវតែបន្តស្រាវជ្រាវ និងទប់ស្កាត់ឲ្យបានទាន់ពេលវេលា ដោយបន្តចុះធ្វើសកម្មភាពល្បាត ដើម្បីស្វែងរកអ្នកដែលប្រើប្រាស់អាវុធខុសច្បាប់ ហើយត្រូវធ្វើដូចភ្លៀងរលឹម ដើម្បីគ្រប់គ្រងអ្នកប៉ុនប៉ងប្រព្រឹត្តអំពើមិនគប្បី ដោយការប្រើប្រាស់អាវុធ និងធ្វើសកម្មភាពចាប់ជំរិត និងបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងក្រុង ដើម្បីសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។

យ៉ាងណា លោកអភិបាលខេត្តព្រះសីហនុ បានណែនាំដល់កងកម្លាំងសមត្ថកិច្ច ត្រូវប្រុងប្រយ័ត្នជាប់ជាប្រចាំ ព្រោះជនល្មើសតែងតែមានអាវុធ ដូច្នេះត្រូវតែចេះការពារខ្លួនឲ្យបានល្អ៕