ក្រុមហ៊ុន មិត្តហ្វូន ប្រកាសផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដល់ក្រសួងបរិស្ថាន

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនមិត្តហ្វូន ចុះហត្ថលេខាផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ដល់ក្រសួងបរិស្ថាន សម្រាប់គាំទ្រការបង្កើត និងដំឡើងកម្មវិធីបច្ចេកវិទ្យាឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ» ដើម្បីលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអភិវឌ្ឍសមត្ថភាព និងការលើកកម្ពស់ការយល់ដឹងលើកិច្ចការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាបៃតង និងថាមពលស្អាត។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខារវាងក្រុមហ៊ុនមិត្តហ្វូន និងក្រសួងបរិស្ថាន ធ្វើឡើងវត្តមានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Phung Van Cuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ក្រៅពីការផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿន ក្រុមហ៊ុនមិត្តហ្វូន ក៏នឹងគាំទ្រនូវសកម្មភាពមួយចំនួន ដូចជា ការដំឡើងហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅក្នុង «អគារឯកភាពជាតិតេជោ», ការរៀបចំបច្ចេកវិទ្យាឌីជីថលលើឯកសារគំរូ និងសម្ភារសម្រាប់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព, ជំរុញប្រព័ន្ធរដ្ឋាភិបាលអេឡិចត្រូនិក, បង្កើតកម្មវិធីសេវាអេឡិចត្រូនិក ប្រតិបត្តិការ និងការថែទាំ, បង្កើតប្រព័ន្ធសិក្សាតាមអេឡិចត្រូនិក និងការបង្កើតកម្មវិធី Apps ដែលពាក់ព័ន្ធផ្សេងៗ។

មិត្តហ្វូន បាន​វិនិយោគដ៏ច្រើន​សន្ធឹក​សន្ធាប់​ទៅលើ​ការបង្កើត​និង​ពង្រីក​សេវាកម្ម​ឌីជីថល​ ដែលរួម​ផលិតផល​បច្ចេកវិទ្យា​លេចធ្លោ ដូចជា CamID (Super app), ប្រព័ន្ធ​គ្រប់គ្រងព័ត៌មានសាលារៀន (SIS), E-money (E-wallet) ជាដើម ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​កសាង​សង្គមទំនាក់ទំនង​ឌីជីថល​មួយនៅកម្ពុជា ។ សម្រាប់​ផលិតផល​ទាំងនេះ​ហើយ ដែល មិត្តហ្វូន បាន​ទទួលពានរង្វាន់ Grand Globee ពីកម្មវិធីប្រកួត​ប្រជែង​ពានរង្វាន់​ធុរកិច្ចឆ្នើម​អន្តរជាតិឆ្នាំ​២០២១ លើកទី៨ របស់ស្ថាប័ន Globee Awards ។

លើសពីនេះ ក៏ជា​ក្រុមហ៊ុនឈានមុខគេមួយ​នៅក្នុងវិស័យ​ទូរគមនាគមន៍និង​បច្ចេកវិទ្យាឌីជីថល​ មិត្តហ្វូន មាន​ហេដ្ឋា​រចនាសម្ព័ន្ធបណ្ដាញធំជាងគេបំផុត ដែល​បម្រើ​សេវាកម្ម​ដល់​ប្រជាជន​កម្ពុជាប្រមាណ ៩លាននាក់ នៅទូទាំងប្រទេស ៕