បទវិភាគ៖ ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ហួស​​ពីការ​​ប៉ាន់​ប្រមាណ​ម្តងទៀត​​ដែល​ជាសញ្ញា​នៃនិន្នា​​ការល្អ​​ប្រ​សើរ

សង្គម​និង​សេដ្ឋកិច្ច

នាពេលថ្មីៗកន្លងទៅនេះ យោងតាមទិន្នន័យនាំចេញអំពីទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនប្រចាំខែ​កក្កដា​ឆ្នាំនេះ​​ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនបានបង្ហាញឱ្យឃើញថា បរិមាណសរុបនៃទំ​ហំ​ពាណិជ្ជកម្មជាមួយ​បរទេសរបស់ប្រទេសចិនបានឡើងដល់ ៣ សែន ៣ ម៉ឺន ២ ពាន់ ៩ រយ ៦០ លានដុល្លារអាមេរិក ដែលបានកើនឡើង ១៨ ភាគរយ ! ទិន្នន័យទាំងនេះបានហួសពីការប៉ាន់ប្រមាណរបស់មជ្ឈដ្ឋានខាងក្រៅម្តងទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមការជំរុញនៃការនាំចេញយ៉ាងខ្លាំង អតិរេកខាងពាណិជ្ជកម្មរបស់ប្រទេសចិននៅខែនេះ គឺ ១ សែន ១ ពាន់ ២៦ រយលានដុល្លារអាមេរិក បានកើនឡើង ៨១,៥ ភាគរយដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងរយៈពេលដូចគ្នា ។

គួររំលឹកថា មុនពេលទិន្នន័យស្ថិតិរបស់រដ្ឋាភិបាលចិនបានចេញផ្សាយ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្លាប់ព្យាករណ៍ថា ការនាំចេញក្នុងខែកក្កដាឆ្នាំនេះប្រហែលនឹងកើនឡើង ១៥ ភាគរយ ចំណែកឯការប៉ាន់ប្រមាណ​របស់សេដ្ឋវិទូ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Bloomberg គឺ ១៤,១ ភាគរយ ។ ប៉ុន្តែលទ្ធផលបានបញ្ជាក់ថា កំណើន​នៃ​ការ​នាំចេញរបស់ប្រទេសចិនក្នុងខែកក្កដាឆ្នាំនេះបានបន្តបង្កើនល្បឿនតទៅទៀត ។ ទាក់ទិននឹងរឿងនេះ ប៉ុស្តិ៍ព័ត៌មាន​និង​ពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក CNBC បានវាយតម្លៃថា ការនាំចេញរបស់ប្រទេសចិនក្នុងខែកក្កដា​ឆ្នាំនេះ​”បាន​បង្កើនល្បឿនលើសពីការប៉ាន់ប្រមាណ”ដែលនឹងនាំមកនូវការកើនឡើងជាលក្ខណៈលើកទឹកចិត្តដល់សេដ្ឋកិច្ចចិន ។

និយាយជារួម ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនិងនាំចូលនៃប្រទេសចិនក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះបានកើន​ឡើង ១០,៤ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងបរិបទដែលការងើបឡើងវិញនៃ​សេដ្ឋកិច្ច​សកល​មានភាពលំបាកយ៉ាងខ្លាំង ហើយពាណិជ្ជកម្មនិងការបណ្តាក់ទុនមានភាពទន់ខ្សោយ ប្រទេសចិនទទួល​បាន​សមិទ្ធផល​បែបនេះ គឺមិនងាយទេ ។ ប្រការនេះក៏បានបញ្ជាក់ម្តងទៀតថា តួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងខ្សែសង្វាក់ឧស្សាហកម្ម​និងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល គឺមិនអាចជំនួសបានទេ ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចេញនាំចូលរបស់ប្រទេសចិនជាមួយដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ ដូចជា សមាគមអាស៊ាន សហភាពអឺរ៉ុប អាមេរិកនិងកូរ៉េខាងត្បូងជាដើមបានកើនឡើងយ៉ាងខ្លាំង បើគិតតាមប្រាក់យាន់ចិន បានកើនឡើង ១៣,២ ភាគរយ ៨,៩ ភាគរយ ១១,៨ ភាគរយនិង ៨,៩ ភាគរយដោយឡែក​ពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងពេលដំណាលគ្នា ក្នុងចំណោមផលិតផលនាំ​ចេញរបស់​ប្រទេសចិន ផលិតផលគ្រឿងចក្រនិងអេឡិចត្រូនិកបានឡើងដល់ ៧,៥៧ ទ្រីលានប្រាក់យាន់ចិន ដែលបានកើនឡើង ១០,១ ភាគរយស្មើនឹង ៥៦,៦ ភាគរយនៃទំហំនាំចេញសរុបរបស់ចិន ។ រាល់ទិន្នន័យសុទ្ធតែបានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍរបស់ប្រទេសចិនមិនអាចឃ្លាតពីពិភពលោកនោះទេ ហើយភាពរុងរឿងថ្កុំថ្កើងរបស់ពិភពលោកក៏មិន​អាចឃ្លាពី​ប្រទេសចិននោះដែរ ។

គួររំលឹកផងដែរថា មូលហេតុដែល”តារាងពិន្ទុ”នៃទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនបានហួស​ពីការ​​ប៉ាន់​​ប្រមាណម្តង​ហើយម្តងទៀត គឺអាស្រ័យដោយការងើប​ឡើងវិញយ៉ាងឆាប់រហ័សនៃខ្សែ​សង្វាក់​ឧស្សាហកម្មនិងខ្សែសង្វាក់​ផ្គត់ផ្គង់ ។

សូមយកទីក្រុងសៀងហៃធ្វើជាឧទាហរណ៍ ។ ទន្ទឹមនឹងជំងឺកូវីដ ១៩ ត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ចាប់ពី​ចុងខែឧសភា ឆ្នាំនេះមក ពាណិជ្ជកម្មនាំចេញនាំចូលជាមួយបរទេសបានរៀបចំភាពប្រក្រតីឡើងវិញជាបន្តបន្ទាប់ ពេល​ដល់ខែមិថុនា ការនាំចូលនិងនាំចេញរបស់ទីក្រុងសៀងហៃបានរៀបចំការកើនឡើងជាវិជ្ជមាន រហូតដល់ខែកក្កដា បរិមា​ណ​​​លើកដាក់កុងតឺន័ររបស់ទីក្រុងសៀងហៃបានលើសពី ៤,៣ លាន TEUs ដែលបានបំបែកកំណត់ត្រាប្រវត្តិ​​សាស្ត្រថ្មីក្នុង​រយៈពេលដូចគ្នា ។

សមិទ្ធផលដែលពាណិជ្ជកម្មជាមួយបរទេសរបស់ចិនទទួលបានក៏មិនអាចឃ្លាតពីការពង្រីកតម្រូវការក្នុងស្រុកជាបន្តបន្ទាប់ផងដែរ ។ ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបខាងការនាំចូលរបស់ប្រទេសចិនបានឡើងដល់ ១,៥៨ ទ្រីលានដុល្លារអាមេរិក ដែលបានកើនឡើង ៥,៣ ភាគរយ ។

ទំហំពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានហួសពីការប៉ាន់ប្រមាណម្តងទៀតដែលជាសញ្ញានៃនិន្នាការប្រកបដោយស្ថិរភាពនិងល្អប្រសើរនៃសេដ្ឋកិច្ចចិន ។ ដូចប្រសាសន៍របស់លោក Sergey Lukonin បញ្ញវន្តនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវសេដ្ឋកិច្ចពិភពលោកនិងទំនាក់ទំនងអន្តរជាតិនៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ីដែលបានលើកឡើងថា ការពង្រីកការបើកទូលាយជាបន្តបន្ទាប់របស់ចិនវាមិនត្រឹមតែមានអំណោយផលដល់​​ប្រទេសចិនខ្លួន​ប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ ក្នុងន័យនាំមកនូវឱកាសកាន់តែច្រើនដែលផ្តល់ផល​ប្រយោជន៍​​ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះដល់សហគ្រាសនិងផលិតផលបរទេស ៕

អត្ថបទ៖ Cri ccfr