កម្ពុជា ត្រៀមបើកសាលាបង្រៀនអ្នកបើកបរយន្តហោះ «Pilot» ជាលើកដំបូង

សង្គម​និង​សេដ្ឋកិច្ច

ប្រទេសកម្ពុជា កំពុង​ត្រៀម​​​​ខ្លួន​​​ក្នុង​ការ​បើក​សាលា​បង្រៀន​អ្នក​​បើកបរ​យន្តហោះ (Pilot) ​​ជា​លើក​ដំបូង​ ​​ដែល​នឹង​ធ្វើ​ឡើង​នៅ​វិទ្យាស្ថាន​ជាតិ​​អាកាសចរ​ស៊ីវិល ក្រោម​កិច្ចសហការ​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុនថៃ។ នេះ​បើ​តាម​លោក ហឿន សំនៀង នាយក​វិទ្យា​ស្ថាន​តេជោសែន សាធារណការ និងដឹកជញ្ជូន បាន​​​ថ្លែង​ឱ្យ​ដឹង ​​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហឿន សំនៀង ​​បាន​​ប្រាប់​ដល់​ ឧកញ៉ា ញូស៍ ​ យ៉ាងដូច្នេះថា ទាក់ទង​នឹង​​ការ​បើកសាលា​បង្រៀន​អ្នក​បើកបរ​យន្តហោះ​​នេះ​ លោក​បាន​ណែនាំ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ថៃ ​ទៅ​ខាង​វិទ្យាស្ថានជាតិ​អាកាសចរ​ស៊ីវិល ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​បណ្តុះបណ្តាល​អ្នកបើកបរ និង​អ្នក​បន្ត​វេន​លើ​វិស័យ​អាកាសចរណ៍។

លោក​បានបន្ត​ថា សម្រាប់​វិទ្យា​ស្ថាន​តេជោសែន សាធារណការ និងដឹកជញ្ជូន ​​មិនមាន​ភារកិច្ច​ក្នុង​ការ​ធ្វើ​ផ្ទាល់​នោះ​ទេ ​​ប៉ុន្តែ​យើង​បាន​ពង្រីក​ទំនាក់ទំនង​សហការ​គ្នា សម្រប​សម្រួល​ឱ្យ​ខាង​ក្រុមហ៊ុន និង​​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​​បាន​ជួប​គ្នា។ ភាគី​ទាំង​ពីរ​បាន​ជួប​គ្នា​រួច​ហើយ ​​ហើយ​ពួកគេ​​​នឹង​បន្ត​ពិភាក្សា​គ្នា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ដើម្បី​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​ស៊ី​ជម្រៅ បន្ទាប់​មក​​ខាង​វិទ្យាស្ថានជាតិ​អាកាសចរ​ស៊ីវិល រាយការណ៍​ជូន​ថ្នាក់ដឹកនាំ និង​ធ្វើការងារ​បន្ត​ទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ ​​ភាគីពាក់ព័ន្ធ បាន​ចូល​រួម​កម្មវិធីទទួល​ទាន​អាហារ​សាមគ្គី​ ដើម្បី​ពិភាក្សា​ការងារបន្ត នៃការបើកសាលាបង្រៀនអ្នកបើកបរយន្តហោះ។ កិច្ចពិភាក្សានេះ មានការ​អញ្ចើញ​ចូលរួមដោយ ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹក​ជញ្ជូន, ឯកឧត្តម លឹម កៅ នាយក​វិទ្យាស្ថាន​ជាតិ​​អាកាសចរ​ស៊ីវិល, លោកជំទាវ Jiranun​ប្រធានក្រុម​ប្រឹក្សា​ធុរកិច្ចថៃប្រចាំប្រទេសកម្ពុជា ជាអ្នកសម្របសម្រួលអោយក្រុមហ៊ុន Aviation Maintenance Expertise Enterprise និង ក្រុមហ៊ុន JFT Jet ដែលតំណាងដោយលោកស្រី ខែក ខេមរ៉ាត អគ្គនាយិការ។ នេះជាជំនួបលើកទី២ បន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តឡើងកាលពីប៉ុន្មានខែមុន នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។

លោក តឹក រ៉េ​ត​សំរេច អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​កម្ពុជា អង្គរ អ៊ែ​រ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ជំនាញ​អ្នក​បើក​យន្តហោះ​នៅ​កម្ពុជា​ នៅ​មាន​តិចតួច​ណាស់ ខណៈ​ដែល​ជំនាញ​នេះ​​​កន្លង​មក ត្រូវ​​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ដូចជា​​សិក្សា​វគ្គមូលដ្ឋាន​នៅ​ប្រទេស​វៀតណាម ឬប្រទេសថៃ រួច​បន្ត​ទៅ​​សហរដ្ឋអាមេរិក ដែល​ត្រូវ​ការ​ចំណាយ​ច្រើន​រ៉ាប់​ម៉ឺន​ដុល្លារ និង​ទាម​ទារ​អ្នក​មាន​ចំណេះ​ដឹង​ខ្ពស់ ទាំង​ភាសាអង់គ្លេស និង​វិទ្យាសាស្ត្រ បូក​រួម​ទាំង​តម្រូវ​ឱ្យ​មាន​កាយ​សម្បទា​មាំមួន ស្មារតីវាងវៃ និង​ភាព​រហ័សរហួន​ខ្ពស់ ផង​ដែរ៕