ទុនវិនិយោគ​ផ្នែក​​ឧស្សាហកម្ម​​នៅ​កម្ពុជា កើន​ដល់​​​ជាង ១៣ ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល ៥ ឆ្នាំចុងក្រោយ​

សង្គម​និង​សេដ្ឋកិច្ច

បើ​តាមការ​ឲ្យ​ដឹង​របស់​​​មន្រ្តីជាន់ខ្ពស់​​​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍បង្ហាញថា វិស័យ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ទទួល​បានកំណើន​​ជាង ៤៣ % បើ​ធៀប​ទៅនឹងរយៈពេល ៥ ឆ្នាំកន្លង​មក​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហេង សុខគង់ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែង​ក្នុង​សន្នីសីទ​​វឌ្ឍនភាព​ ៥ ឆ្នាំក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍នៅទីស្តីការគណៈរដ្ឋមន្រ្តី​​​ថា​ ទុន​វិនិយោគ​ផ្នែក​វិស័យ​ឧស្សាហកម្ម​នៅប្រទេស​កម្ពុជា​កើន​ឡើងចំនួនជាង ១៣,៤៧៤ លានដុល្លារអាមេរិក បើធៀបទៅ​រយៈពេល ៥ ឆ្នាំកន្លងមក ដែលនៅក្នុងឆ្នាំ២០១៧ ទុនវិនិយោគសរុបមានចំនួនតែ​ជាង ៩,៤១០​ លាន​ដុល្លារអាមេរិក​។

លោក ហេង សុខគង់ បាន​បន្ត​​ថា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ រោងចក្រដំណើរការមានចំនួន ១,៨៤៩​ ខណៈនៅក្នុងឆ្នាំ ២០១៧ មាន​ចំនួន ១.៥២២ រោងចក្រ គឺ​រយៈពេល ៥ ឆ្នាំចុងក្រោយ​ មាន​រោងចក្រ​កើនឡើងថ្មី​ចំនួន ៣២៧ រោងចក្រ។

បើតាម​លោក ហេង សុខគង់ កំណើន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម ក៏​បាន​ចូលរួម​បង្កើត​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន ៩៧០,៤៨៧ នាក់​ផងដែរ៕