តើទស្សនកិច្ច ៤ថ្ងៃនៅចិន សម្តេចពិជ័យសេនា ទៀ បាញ់ ជួបឥស្សរជន និងពិភាក្សាប្រធានរឿងធំៗអ្វីខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធា និងបច្ចេកទេសយោធារវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា អំឡុងទស្សនកិច្ចផ្លូវការនេះ សម្តេចពិជ័យសេនា ទៀ បាញ់ និងសមាជិកក្រុមទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន នាយឧត្តមសេនីយ៍ Wei Feng He នឹងធ្វើសហប្រធានក្នុងកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការចម្រុះកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកកងទ័ពប្រទេសទាំងពីរ នៅទីក្រុងក្វាងចូវ។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងមានជំនួបពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ជាមួយនាយឧត្តមសេនីយ៍ Xu Qi Leang ដែលនឹងជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើពិធីសារចំនួន ២ គឺ កិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហប្រតិបត្តិបច្ចេកទេសយោធា សំដៅលើកកម្ពស់សមត្ថភាពកងទ័ព និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់-រឹង ដើម្បីឲ្យវិស័យការពារជាតិកាន់តែរីកចម្រើនមួយកម្រិតថែមទៀត។

នៅក្នុងកំឡុងទស្សនកិច្ចរបស់គណៈប្រតិភូកងយោធពលខេមរភូមិន្ទកម្ពុជា ភាគីចិនក៏នឹងរៀបចំអាហារថ្ងៃត្រង់ ដើម្បីពង្រឹងចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ចិន ឲ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត ក្រោយវិបត្តិជំងឺសកលកូវីដ១៩៕