ឧកញ៉ា ប៉ិច បូឡែន បង្ហាញមុខមេទ័ពធំ ៣រូប ដែលជួយដឹកនាំសាលា Westline ឱ្យជោគជ័យ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បាន​​បង្ហាញ​​មុខមេទ័ពធំ ៣រូប ដែលជួយដឹកនាំសាលារៀនអន្តរជាតិ​ វេសឡាញ (Westline) ឱ្យ​ទទួល​បាន​ជោគជ័យ មក​ទល់​បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប

លោក​ បាន​លើក​ឡើង​​តាម​រយៈ​ទំព័រហ្វេសប៊ុក ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ថា លោក​ខ្លាំង ឬ WEG (Westline Education Group) ខ្លាំង ដោយសារ​​លោក​មានក្រុមដ៏ខ្លាំងមួយ​នៅពី​ក្រោយ។ ក្នុងនោះ គឺមេទ័ពធំ​បីនាក់​ខាងក្រោម​នេះ ជាអ្នករួមគ្នាជាមួយ​លោក​ ក្នុង​ការ​ដឹកនាំកាច់ចង្កូតនាវា Westline Education Group។

១. លោក នៅ សីហា

លោក នៅ សីហា ​ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាប្រធាននាយកហិរញ្ញវត្ថុ (Chief Financial Officer) នៃបណ្តាញ​គ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់តាំងពីឆ្នាំ២០០៨។ មុនពេលចូល​បម្រើការងារនៅវេសឡាញ លោកធ្លាប់បម្រើការងារអ្នកគ្រប់គ្រងការស្រាវជ្រាវ និងជាអនុប្រធាន​គណៈកម្មា​ធិការប្រតិបត្តិ នៃវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា ក្នុងតួនាទីជាសេដ្ឋវិទូដ៏ល្បីរបស់កម្ពុជា និងជាអ្នកនិពន្ធ​សំខាន់​នៃ​ការ​បោះពុម្ភផ្សាយប្រចាំឆ្នាំ «Cambodia Economic Watch»។

លោកមានបទពិសោធន៍លើផ្នែកហិរញ្ញវត្ថុ ជាពិសេសការគ្រប់គ្រងលំហូរសាច់ប្រាក់ និងហិរញ្ញវត្ថុ ការវិភាគ​សេដ្ឋកិច្ច ការស្រាវជ្រាវ និងការគ្រប់គ្រងគម្រោង។ លោកបានទទួលបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងការគ្រប់​គ្រង និងអនុបណ្ឌិតផ្នែក Econometrics and Economics ឯកទេសវិស្វកម្មព័ត៌មាន និងការវាយតម្លៃ​សេដ្ឋកិច្ច ពីសាកលវិទ្យាល័យ LUMIERE LYON II ប្រទេសបារាំង និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច ពីសាកល​វិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ។ លើសពីនេះ លោកបានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាពាក់ព័ន្ធហិរញ្ញវត្ថុ សេដ្ឋកិច្ច ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើន ទាំងក្នុង និងក្រៅ​ប្រទេសទៀតផងដែរ។

២. លោក គង់ សំនៀង

លោក គង់ សំនៀង បានចូលបម្រើការងារនៅបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់​តាំង​ពីឆ្នាំ២០០៨ ជានាយកសាលារៀនវ៉េស្ទឡាញន៍ រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកទទួលតំណែង​ជាប្រធាននាយកប្រតិបត្តិការ (Chief Operating Officer)។ មុនពេលបន្តបេសកកម្មអប់រំនៅវេសឡាញ លោកធ្លាប់បម្រើការងារជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន​ជាង​២០ឆ្នាំ។

លើសពីនេះ លោកបានប្រឡូកក្នុងការងារគ្រប់គ្រង និងដឹកនាំក្រុមហ៊ុនឯកជនជាង៥ឆ្នាំ។ លោកបានទទួល​បរិញ្ញាបត្រផ្នែកគណិតវិទ្យា និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរៈកិច្ច។ លើសពីនេះ លោកបានចូលរួម​វគ្គ​បណ្តុះ​បណ្តាល និងសិក្ខាសាលាអប់រំ ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើនទាំងក្នុង និងក្រៅ​ប្រទេស​ទៀតផងដែរ។ ស្នាដៃ និងសមិទ្ធផលការងារគ្រប់គ្រង និងដឹកនាំរបស់លោក បាននាំមកនូវការ​រីក​ចម្រើនថ្មីៗជាបន្តបន្ទាប់ដល់ស្ថាប័ន និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំមន្ទីរ និងក្រសួងអប់រំ យុវជន និងកីឡា។

៣. លោក តែ ឡាយ

លោក តែ ឡាយ ​បានចូលបម្រើការងារនៅបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់តាំង​ពីឆ្នាំ២០០៨ ក្នុងតំណែងជាប្រធាននាយកអប់រំ (Chief Education Officer)។ មុនពេលបន្តបេសកកម្ម​អប់រំនៅវេសឡាញ លោកធ្លាប់បម្រើការងារជាគ្រូបង្រៀន គ្រូឧទ្ទេសបណ្តុះបណ្តាលវិធីសាស្ត្រ​បង្រៀន​ភាសា​អង់គ្លេស និងជាអ្នកគ្រប់គ្រងកម្មវិធីភាសាអង់គ្លេស នៅគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន​ជាង​២០ឆ្នាំ។

លោកបានទទួលបរិញ្ញាបត្រ ផ្នែកអប់រំ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកការដឹកនាំ និងរដ្ឋបាលអប់រំ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ ផ្នែកគ្រប់គ្រងគ្រប់គ្រងធនធានមនុស្ស ។ លើសពីនេះ លោកបានចូលរួមវគ្គ​បណ្តុះ​បណ្តាល និងសិក្ខាសាលាអប់រំ ធុរៈកិច្ច និងភាពជាអ្នកដឹកនាំនានាជាច្រើនទាំងក្នុង និងក្រៅប្រទេស​ទៀត​ផងដែរ។ ស្នាដៃ និងសមិទ្ធផលការងារគ្រប់គ្រង និងដឹកនាំរបស់លោកបាននាំមកនូវការរីកចម្រើន​ថ្មីៗជា​បន្តបន្ទាប់ ដល់ស្ថាប័ន និងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំមន្ទីរ និងក្រសួងអប់រំ យុវជន និង​កីឡា។

សូមបញ្ជាក់ថា សាលារៀនអន្តរជាតិ​ វេសឡាញ បាន​បង្កើត​ឡើង​​ដោយ​ឧកញ៉ា ប៉ិច បូឡែន តាំងពីឆ្នាំ២០០៨។ សាលា វេសឡាញ មានកម្មវិធី​បង្រៀន​ភាសាអង់គ្លេស ចាប់ពី​ថ្នាក់​ត្រៀម​ចូលមត្តេយ្យ រហូត​ដល់​កម្រិត​ខ្ពស់ ជាមួយ​នឹង​ស្តង់ដា​អាមេរិកាំង និង​កម្មវិធីសិក្សាភាសាខ្មែរ ​​ចាប់ពី​ថ្នាក់ទី​១ រហូត​ដល់​ថ្នាក់​ទី​១២ ស្រប​តាម​ស្តង់ដា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ផង​ដែរ។ បច្ចុប្បន្ន​សាលា វេសឡាញ មាន​ជា​ច្រើន​សាខា​ដូចជា សាខា​សន្ធរមុក ទួលទំពូង ច្បារអំពៅ ទួលស្វាយព្រៃ ផ្សារតូច ដូនពេញ ចំការដូង ភ្នំពេញថ្មី ព្រែកលាប និង​សាខា​ចំការ​សំរោង ផង​ដែរ៕